ការដែលឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋា ភិបាលព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញតិ ឪ្យប្រធាន ព្រមទាំងសមាជិកគណកម្មការ សមាគមមិត្តខ្មែរកម្ពុជាក្រោម បានជួបប្រ ស្រ័យ ការងារខ្មែរក្រោម ជាមួយរដ្ឋាភិបាល ព្រមទាំងធានា ដល់ការចេញថវិការផ្សាយ ទស្សនាវដ្តីខ្មែរក្រោម ប្រចាំសប្តាហ៍ផង កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១០ កន្លងមកនោះ ចាត់ទុកជាជំហ៊ានថ្មី ប្រកបដោយ វិជ្ជមានមួយ សម្រាប់ខ្មែរក្រោមជាទូទៅក៏ដូចជាចំពោះរដ្ឋាភិបាលខ្មែរ ។
ដំណឹងនេះបានធ្វើឪ្យខ្មែរក្រោមមានសេចក្តីរីករាយជាពន្លឹក ព្រោះឧប្បដិហេតុ ដែលកើតមាន កន្លងមកជាហូរហែ ច្រើនតែបានចងក្រងនូវអនុស្សាវរីយ៍ដ៏ល្វីងជូរចត់សម្រាប់ខ្មែរក្រោម ដ៏អភព្វ មានជាអាទិ៍ អំពើហឹង្សាទាំងឡាយ ដែលក្រុមប៉ូលីសខ្មែរបានធ្វើទៅលើព្រះសង្ឃ ខ្មែរក្រោម ដែលគ្រាន់តែធ្វើបាតុកម្មអហឹង្សា នៅក្រៅរបងស្ថានទូតវៀតណាម ការដែល រដ្ឋាភិបាលខ្មែរបានមានលក្ខខណ្ឌហួសវិស្ស័យប្រព្រិត្តទៅបាន ចំពោះខ្មែរក្រោម ដែលភៀស ខ្លួន មកប្រទេសកម្ពុជា ហើយចង់បានអត្តសញ្ញាណប័ណ្ណជាតិខ្មែរ និងរឿងរ៉ាវជាច្រើនទៀត រាប់មិនអស់។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានជាថ្នាក់ដឹកនាំជាន់ខ្ពស់ខ្មែរតែម្នាក់គត់ នៃរដ្ឋាភិបាលខ្មែរ ក្នុងប៉ុន្មានទស្សវត្សចុងក្រោយនេះ ដែលបានអញ្ជើញទៅទស្សនាដោយផ្ទាល់នូវវត្តអារាមស្ថានភាពស្រុកភូមិខ្មែរក្រោម នៅខេត្តព្រះត្រពាំងនៃទឹកដីកម្ពុជាក្រោម កាលពីរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំកន្លងទៅ។ ដោយមានពាក្យស្លោកបានចែងថា “បានឭដប់ដង មិនស្មើបាន ឃើញម្តង ហើយបានឃើញដប់ដង ក៏មិនបានពាល់ម្តង”។ ប្រជាពលរដ្ឋ ខ្មែរកណ្តាលមួយចំនួន ដែលបានត្រឹមឃើញរូបថត ឬមើលវិដេអូថតនៅកម្ពុជាក្រោម តែងមានការភ្ញាក់ផ្អើលស្រឡាំងកាំងហើយលាន់មាត់ថា “នោះគឺជាស្រុកខ្មែរយើងតើ”? ហើយអ្នកខ្លះមាត់រអឹល រហូតជ្រុលពោលថា “មេ្តចក៏យើងមិនទៅវាយយកមកវិញ ? ” (!)។ ដោយលែក ចំពោះឯកឧត្តមរដ្ឋមន្រ្តី រួមដោយមន្រ្តីជាន់ខ្ពស់ និងអ្នកសារព័ត៌មានជាតិផង បានទាំងចូលជាន់ដីវត្តអង្គររាជបូរី ហៅវត្ត អង្គ កែ្បរស្រះគូ វត្តកំពង់និគ្រោធ ហៅវត្ត កំពង់ជ្រៃ និងវត្តក្រពុំឈូក ហៅវត្តក្នក បានរួមបោះបាយបិណ្ឌ និងជួបសំណេះសំណាល់ ជាមួយ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមផងនោះ គឺមិនមែនបានត្រឹមពាល់សំបកក្រៅ តែប៉ុណ្ណោះទេ តែរហួតចូលដល់ស្គាល់ចិត្តខ្មែរក្រោមខ្លះៗទៀតផង បើមិនដល់ថ្នាក់ស្គាល់បាត បេះដួង។ យើងខ្ញុំប្រើពាក្យស្គាល់ចិត្តខ្លះៗ ដោយថា ទូកទៅកំពង់នៅ ខ្មែរក្រោមមិនសូវហ៊ាន និយាយការពិតទាំងស្រុងទេ ដោយខ្លាចបញ្ហាអសន្តិសុខបណ្តាលមកពីអាជ្ញាធរវៀតណាម នៅក្រោយពេលភ្ញៀវចេញផុត។ ខ្មែរក្រោមជាទូទៅប្រាកដជាកំពុងចង់បាននូវអ្វីៗ ដូចដែលឯកឧត្តម ខៀវ កញ្ញារិទ្ឋធ្លាប់មានប្រសាសន៍ កាលជួបប្រស្រ័យជាមួយប្រធានសមាគមខ្មែរកម្ពុជាក្រោមនោះហើយ គឺ ដើម្បីឲ្យការរស់នៅរបស់ពលរដ្ឋកម្ពុជាក្រោមកាន់តែប្រសើរ ត្រូវរួមគ្នាជំរុញឲ្យអ្នកទាំងនោះ មានចំណេះដឹងខ្ពស់ មានមុខតំណែងល្អក្នុងសង្គម និងទ្រព្យសម្បត្តិច្រើន ព្រោះថា ទោះជាចង់ធ្វើអ្វីក៏ដោយ និងសម្រេចទៅបាន ក៏អាស្រ័យឧប្បករគ្រឹះទាំងនោះដែរ ដូចថាគេមិនអាចសង់ផ្ទះជាន់ទីបីកើត មុនបានសាងសង់ជាទីមួយនោះទេ។ ដោយថា ឯកឧត្តមបានស្គាល់សុខទុក្ខខ្មែរក្រោមមូយចំនួនហើយ វិទ្យុខ្មែរកម្ពុជាក្រោមសូមសង្ឃឹមថា ពីថ្ងៃនេះតទៅ ទំនាក់ទំនងរវាងខ្មែរក្រោម និងរដ្ឋាភិបាលខ្មែរក្រុងភ្នំពេញជាទូទៅ គឺមិនមានលក្ខណៈដូចទឹកនឹងប្រេងដែលមិនអាចលាយចូលគ្នានោះទេ តែគឺជាការដឹងសុខទុក្ខដូចបងប្អូនបង្កើតដែលព្រាត់គ្នា ដោយសារព្រំដែនមួយបានពុះចែក យ៉ាងគួរឪ្យឈឺចាប់ដែលអាជ្ញាធរខ្មែរគួរតែយល់ដល់ទុក្ខលំបាករបស់ខ្មែរក្រោម ហើយជួយ ជ្រោមជ្រែងគ្រប់ការងារឳ្យបានប្រសើជាងមុន ។ ហើយដោយលែក យើងក៏សង្ឃឹមថា ទស្សនាវដ្តីខ្មែរក្រោម ក្រោមការឧបត្ថមរបស់ក្រសួងព័ត៌មាន គឺជាការឧបត្ថមប្រកបដោយសុទ្ធចិត្ត ក្នុងន័យខ្មែរស្រឡាញ់ខ្មែរពិតប្រាកដ ហើយនឹងបានជាសារៈប្រយោជន៍ចំពោះខ្មែរក្រោម ដែលកំពុងរស់នៅគ្រប់ទីកន្លែង រួមទាំងក្នុងទឹកដីកម្ពុជាក្រោមផង ជាពុំខានឡើយ ៕
ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១០
ដោយ៖ វិទ្យុសំឡេងកម្ពុជាក្រោម