ឆ្លើយនឹងសំណួរថា តើសេចក្តីប្រកាសអំពីសិទ្ធិមនុស្ស ដែលទើបនឹងធ្វើឡើងថ្មីៗ ដោយកិច្ច ប្រជុំកំពូលនៃ សមាគមប្រទេសអាស៊ាន មានប្រយោជន៍ និងប្រសិទ្ធិ ភាព ប៉ុណ្ណាដែរ ចំពោះជនរងគ្រោះ ទាំងឡាយ ដែលទទួលរង ការរំលោភសិទ្ធិ ពីសំណាក់រដ្ឋាភិបាល នៃប្រទេសទាំងនោះ ? ជាចម្លើយ យើងជាខ្មែរក្រោម សូមរួមចំណែកការខកសេចក្តីសង្ឃឹម របស់ប្រជា ពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋប្រទេស ដ៏ទៃទៀត ដែលហាក់ដូចជា ពុំបានទទួលការកក់ក្តៅ ពីសេចក្តី ប្រកាស ដែលចេញពីកិច្ចប្រជុំនោះឡើយ។ ប៉ុន្តែ ដោយនៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសដ៏ទៃទៀត មានការយកចិត្តទុកដាក់ ពីភ្នែកត្រចៀកអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិដ៏ច្រើន យើងខ្ញុំសូម អនុញាតិ បំបែរទិសទៅសម្លឹងមើលវាសនាខ្មែរក្រោម ជាប្រជាពលរដ្ឋដ៏អភព្វ ដែលត្រូវបានកាត់ ផ្តាច់ចេញ ហើយបោះចោលទៅឲ្យរស់នៅក្រោមនឹមដែក នៃការត្រួតត្រារបស់អ្នកដឹកនាំយួន កុម្មុយនីស្ត។
ពិតមែនហើយ ថាការរំលោភសិទ្ធិមនុស្ស ដែលខ្មែរក្រោមទទួលពីសំណាក់រដ្ឋាភិបាលយួន សឹងតែក្លាយទៅ ជារឿងប្រពៃណីនៅប្រទេសវៀតណាមទៅហើយ ហើយក៏មិនដែលបានទទួលការ យកចិត្តទុកដាក់ ពីសំណាក់សកលលោកដែរ។ ពីជំនាន់មួយទៅជំនាន់មួយ ខ្មែរក្រោមដែលទ្រាំទ្រ នឹងការប្រមាថមើលងាយ និងការរំលោភជិះជាន់នោះមិនបាន ក៏ក្រោកឡើងតវ៉ាប្រឆាំង តាមរបៀប អហឹង្សាផង តាមរបៀបហឹង្សាផង។ ប៉ុន្តែលទ្ធផលដែលចេញពីការបះបោរដោយគ្មានបណ្តាញរៀបចំ ត្រឹមត្រូវទាំងនោះ បានត្រឹមតែត្រូវទទួល ការប្រើ កម្លាំងបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់អាជ្ញាធរ វៀតណាម បណ្តាលឲ្យអ្នកស្នេហាជាតិខ្មែរ ត្រូវស្លាប់បាត់បង់ជីវិត បាត់ខ្លួន និងជាប់គុកច្រវាក់ ជា ច្រើនឥតគណនា ដោយគ្មានអត្រាកត់ស្ថិតិច្បាស់លាស់ និងគ្មានពិភពលោកដឹងឮឡើយ។
ពិតមែនហើយ នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទុកកង្វល់របស់ខ្មែរក្រោម បានត្រូវសហព័ន្ធ ខ្មែរកម្ពុជាក្រោមធ្វើឲ្យបានដឹងឮដល់ភ្នែកត្រចៀកសាកលលោក ហើយអនុសាសន៍ ជាច្រើន ក៏បានត្រូវផ្តល់ ទៅឲ្យអ្នកដឹកនាំវៀតណាម ពីសំណាក់អង្គការសហប្រជាជាតិ ក៏ដូចជាពី សំណាក់អង្គការអន្តរជាតិនានា ដើម្បីឲ្យប្រទេសនេះ ធ្វើការកែលំអស្ថានភាពរំលោភបំពានសិទ្ធិ មនុស្សរបស់ខ្លួន។ ប៉ុន្តែជាលទ្ធផល អ្នកដឹកនាំប្រទេសនេះ តែងច្រានចោលទាំងស្រុង នូវការចោទ ប្រកាន់ទាំងឡាយ ដោយអាស់អាងថា របាយការណ៍ទាំងនោះជាការនិយាយបំផ្លើស គ្មានការពិត។ ទន្ទឹមនឹងការប្រកែកយ៉ាងទទឹងទិសនោះ អាជ្ញាធរ វៀតណាម តែងប្រកាន់យកច្បាប់ ដែលខ្លួនបាន តាក់តែងឡើងសម្រាប់តែបើកផ្លូវ ដល់ការប្រើអំណាចផ្តាច់ការ របស់ខ្លួន ដោយដាក់ការប្រើសិទ្ធិ មនុស្ស នៅក្នុងកម្រិតដ៏តឹងរឹងមួយ ក្រោមលេសធ្វើឲ្យមានគ្រោះថ្នាក់ ដល់សន្តិសុខសាធារណ: សីលធម៌សាធារណ: ឬសណ្តាបធ្នាប់សាធារណ:។
លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (កណ្តាល) ឈរជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វ៉ៀង តឹនយ៉ុង នាយករដ្ឋមន្រ្តីវៀតណាម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅសេតវិមាន រាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃច័ន្ទ ទី ១៩ វិច្ឆិកា ២០១២ (Carolyn Kaster / AP Photo)
ទោះជាយ៉ាងនោះក៏ដោយ នៅក្នុងកិច្ចប្រជុំកំពូលនៃប្រទេសអាស៊ាន ដែលធ្វើឡើងថ្មីៗ នៅ ទីក្រុងភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប់របងបង្កើយជាមួយប្រទេសវៀតណាម
ទឹកមុខញញឹម គ្រហ៊ើ ធ្វើពើ ដូចគ្មានរឿងសៅហ្មងអ្វីកើតឡើងសោះ របស់នាយករដ្ឋមន្ត្រីយួន ង្វៀង តាំងយុង មើលទៅហាក់បីដូចជាសំណើចចំអកចំពោះខ្មែរក្រោម ក៏ដូចជាការឆ្លើយតបនឹង អនុសាសន៍ពីប្រទេសនានា ដែលឲ្យវៀតណាមកែស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួន។ ប៉ុន្តែធាតុពិត ខាងក្នុង អ្នកដឹកនាំយួនពិតជាភ័យ ប្រហោងពោះ ចំពោះអ្វីដែលខ្លួនបានខំលាក់បិទបាំង យ៉ាងហោចណាស់ រហូតដល់ចប់កិច្ចប្រជុំកំពូលនោះដែរ ដោយសេចក្តីប្រកាស ដែលក្រុមសមាគមប្រទេសអាស៊ានធ្វើឡើង ហាក់ដូចពានធ្វើឲ្យនាយករដ្ឋមន្ត្រីរូបនេះ បានធូរទ្រូងខ្សាក ព្រោះគឺជាសេចក្តីប្រកាសមួយ ដែលហាក់ដូចជាមិនបានធ្វើឲ្យអ្នករំលោភសិទ្ធិមនុស្ស ខ្លាចក្រែងសោះឡើយ។ ចំពោះសេចក្តីប្រកាសនេះ លោកស្រី វេរេណា ហាប ជាអ្នកជំនាញការផ្នែកអាស៊ី នៃអង្គការនិទោសកម្មអន្តរជាតិពីប្រទេសអាឡឺម៉ង់ ក៏បានវាយតម្លៃថា ជាការពិតមែនទែន គឺ “ បានអនុញាតិ ឲ្យមានការរំលោភសិទ្ធិមនុស្ស” ទៅវិញ។ “The human rights declaration, passed by Southeast Asian leaders at their ASEAN summit in Cambodia, actually allows human rights violations, says Verena Harpe of Amnesty International Germany.” លោកស្រីបានទាំងបន្ថែមថា <<យើងសង្ឃឹមថា សហគមន៍អន្តរជាតិ នឹងធ្វើការបំភ្លឺ ចំពោះសមាជិកប្រទេសសមាគមអាស៊ាន ថាអ្វីដែលគេ បានធ្វើនោះ មិនអាច ទទួលយកបានឡើយ។ អង្គការសហប្រជាជាតិក៏បានប្រកាសដែរ ថាសេចក្តីប្រកាស ដែលធ្វើនោះ មិនត្រឹមត្រូវល្អទេ។ ពេលនេះ ក៏ជាពេលវេលា ដែលរដ្ឋាភិបាលអាឡឺម៉ង់ ត្រូវបង្ហាញឲ្យច្បាស់ ជាកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសអាស៊ាន ថាសហគមន៍អន្តរជាតិរំពឹងច្រើនជាងនេះ ហើយថា សិទ្ធិមនុស្ស ខ្នាតអន្តរជាតិ ត្រូវតែចងភ្ជាប់សម្រាប់គ្រប់ប្រទេស។>>
ដោយលែក នៅកម្ពុជាក្រោម នៅមុនពេលបើកកិច្ចប្រជុំពីសិទ្ធិមនុស្សនេះតែពីរថ្ងៃ គឺថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១២ រដ្ឋាភិបាលវៀតណាមបានបញ្ជាឲ្យនគរបាល៨០នាក់ ទៅធ្វើការហ៊ំព័ទ្ធវត្តខ្មែរ នៅខេត្តឃ្លាំង គឺវត្តសិរីតាសេក ដោយបំណងបង្ខំព្រះគ្រូចៅអធិការព្រះនាម លីវ នី ឲ្យលាពីតំណែង និងចាប់ផ្សឹកព្រះសង្ឃខ្មែរ ព្រះនាម ថាច់ ធឿន។ ហើយមកទល់នឹងពេលដែលខ្ញុំកំពុងតែសរសេរ អត្ថបទនេះ ព័ត៌មានចុងក្រោយ បានឲ្យដឹងថា វត្តខ្មែរក្រោមនោះ កំពុងតែនៅក្រោមការហ៊ំព័ទ្ធពីកង នគរបាលយួននៅឡើយទេ គ្រាន់តែកង កម្លាំង មានចំនួនតិចជាងមុន។ ទាក់ទងដល់ព្រឹត្តិការណ៍នេះ នៅក្នុងការប្រជុំនៃប្រជាជនអាស៊ានឆ្នាំ២០១២ ដែលធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦វិច្ឆិកា នៅទី ក្រុងភ្នំពេញ ក៏មានព្រះសង្ឃខ្មែរក្រោមបានលើកឡើងដែរ ប៉ុន្តែបានត្រូវពួកយួនដែលមាននិន្នាការ រដ្ឋាភិបាលឆ្លើយប្រកែក ថាជារឿងមិនពិតទេ។
វិទ្យុសំឡេងកម្ពុជាក្រោម សូមសំដែងនូវការយល់ស្របទាំងស្រុង ចំពោះការវាយតម្លៃរបស់ លោកស្រីជំនាញ ការសិទ្ធិមនុស្សកិច្ចការអាស៊ី នៃអង្គការនិទោសកម្មអន្តរជាតិអាឡឺម៉ង់ ទៅលើ សេចក្តីប្រកាស ដែលធ្វើឡើង ដោយកិច្ចប្រជុំអាស៊ាន ថាមិនមានប្រសិទ្ធិភាព ចំពោះបណ្តាប្រទេស អាស៊ាន ក៏ដូចជាសម្រាប់គ្រប់ ប្រទេសនៅក្នុងលោក។
ចំពោះយើងជាខ្មែរក្រោម ដែលរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្ស សិទ្ធិសាសនា និងសិទ្ធិជាមូលដ្ឋាន ដ៏ទៃទៀតសម្រាប់ជនជាតិដើម នេះជាសញ្ញាថា យើងជាខ្មែរក្រោម ព្រះសង្ឃនិង គ្រហស្ថ ទាំងក្នុងទឹកដី កម្ពុជាក្រោម ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅគ្រប់ទិសទីក្នុងសកលលោក ត្រូវតែពង្រឹកការតស៊ូ ដោយអហឹង្សា តទៅទៀត ឲ្យកាន់តែខ្លាំងក្លានិងហ្មឺងម៉ាត់ ដើម្បីអង្រួនមតិ សកលលោក ឲ្យយល់ជ្រួតជ្រាប អំពីការពិតជាក់ស្តែង ដែលកំពុងតែកើតមាននៅលើដែនដីសណ្តរ នៃទន្លេមេគង្គ និងដើម្បីបញ្ឈប់ការរំលោភ បំពានទាំងឡាយ ពីសំណាក់រដ្ឋាភិបាលយួន ដែលជារដ្ឋាភិបាលមួយ នៃប្រទេសក្នុងសមាគមអាស៊ាន។
មានតែមធ្យោបាយនេះទេ ទើបរឿងរ៉ាវរំលោភសិទ្ធិសេរីភាពទៅលើខ្មែរក្រោម នឹងត្រូវបាន អន្តរជាតិ ទទួលដឹង ឮខ្ទរខ្ទារ ក្នុងកិច្ចប្រជុំសមាគមប្រទេសអាស៊ានលើកក្រោយៗ ក៏ដូចជាកិច្ចប្រជុំ នានា ក្នុងសកលលោក។ ដោយៈ សឺង សម្រេ/VOKK