វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ ទឹក និងប្រេង

វាហាក់ដូចជាភាសាអង់គ្លេស ដែលគេប្រើសម្រាប់ ហៅតំបន់នេះថា‹‹Indochina ›› ឬខ្មែរយើងហៅ ថាឥណ្ឌូចិននោះ គឺត្រឹមត្រូវ ដោយដៅយកន័យថា ជាទីជួបប្រសព្វរវាងវប្បធម៌ទាំងពីរ គឺវប្បធម៌របស់ ជនជាតិចិន និងវប្បធម៌របស់ជនជាតិឥណ្ឌា ដែលជា វប្បធម៌ធ្លាប់មានឥទ្ធិពលដ៏ធំ ហើយធ្លាប់បានផ្សព្វ ផ្សាយ សាយភាយពាសពេញតំបន់នេះ។ តែការ ផ្សាយនោះ លុះមកដល់ដែនដីវាលរាបនៃដងទន្លេ មេគង្គ គឺកម្ពុជា ក្រោមក៏ត្រូវនៅគឿង ព្រោះរលក វប្បធម៌ទាំងពីរត្រូវបានប៉ះទង្គិចគ្នានៅទីនេះ។ តាមពិតទៅ នៅតំបននេះ មុនពេលដែលខ្មែរជន ម្ចាស់ស្រុកទទួលយកឥទ្ធិពលនៃអារ្យធម៌បរទេស ពួកគាត់មានវប្បធម៌របស់គាត់រួចជា ស្រេចទៅហើយ ដូចជាលោកបណ្ឌិត កេង វ៉ាន សាក់ ធ្លាប់តែមានប្រសាសន៍ថា ខ្មែរយើងធ្លាប់មានសាសនា របស់ខ្លួន មុនពេលទទួលយកសាសនាព្រាហ្មណ៍(ព្រ្មញ្ញសាសនា) និងពុទ្ធសាសនាមកគោរពបូជាហើយ សាសនារបស់ ខ្មែរពីដើមនោះ គឺសាសនាមេបា…។
នៅកម្ពុជាក្រោម រវាងសតវត្សរ៏ទី១៧ វប្បធម៌ចិនត្រូវបានជនជាតិយួនអន្តោបវេសន៍ នាំចូលមក តំបន់ព្រៃនគរ ហើយវប្បធម៌នេះមានការរីកចំរើនជាលំដាប់ តាមល្បឿននៃការហូរចូល របស់ជនអន្តោបវេសន៍ ពីទិសខាងជើងនេះ។ ឯខ្មែរយើងជាជនម្ចាស់ស្រុក បានប្រឹងប្រែងរក្សានូវទំនៀមទម្លាប់វប្បធម៌ ដែលជា សម្បត្តិទ្រព្យរបស់ខ្លួន មិនឱ្យសាបរលាបបាត់បង់ផុតរលត់ពីសំបកផែនដីនេះ។ ការព្យាយាមតស៊ូរក្សា អត្តសញ្ញាណរបស់ខ្លួននេះ នៅពេលខ្លះ ត្រូវបានបង់តម្លៃយ៉ាងច្រើន ដូចករណីរបស់បងប្អូនខ្មែរក្រោម នៅជំនាន់ឧកញ៉ា សឺន គុយ ដែលព្រោះតែការតស៊ូដើម្បីថែរក្សាទំនៀមទម្លាប់ ប្រពៃណីវប្បធម៌របស់ខ្លួន ក៏ត្រូវទទួលរងនូវទុក្ខវេទនាយ៉ាងច្រើន ហើយលោកឧកញ៉ាផ្ទាល់ ក៏ត្រូវបានបូជាជីវិតព្រោះតែបុព្វហេតុនេះ ដែរ។ នៅមានទៀត មិនមែនមានតែលោកឧកញ៉ា សឺន គុយ និងជនរួមជាតិខ្មែរក្រោមជំនាន់នោះទេ ដែល ទទួលរងទុក្ខវេទនាបែបនេះ គឺជនរួមជាតិខ្មែរក្រោមជាបន្តបន្ទាប់មក ក៏មិនទាន់បានរួចផុតពីទុក្ខវេទនាបែបនេះ រហូតដល់បច្ចុប្បន្នកាលនេះដែរ ទោះបីសក្តិភូមិយួនពីជំនាន់ឧកញ៉ា សឺន គុយ បានសន្យាឱ្យខ្មែរយើងមាន សេរីភាពក្នុងការប្រព្រឹត្តិប្រតិបត្តិវប្បធម៌របស់ខ្មែរ តាមលំអានដែលដូនតាធ្លាប់តែព្រឹត្តពីបូរាណមក ដែលជាថ្នូរ ទៅនឹងការលះបង់ជីវិតរបស់លោកឧកញ៉ា សឺន គុយ និងការតស៊ូរបស់ខ្មែរក្រោមជំនាន់នោះក៏ដោយ។
វាជាការពិតណាស់ រហូតមកដល់សព្វថ្ងៃ ការប៉ះទង្គិចគ្នារវាងរលកវប្បធម៌ទាំងពីរនេះនៅតែបន្ត ដដែល ដោយអ្នកកាន់អំណាចយួន ដែលជាអ្នកគ្រប់គ្រងរដ្ឋតែងតែព្យាយាមធ្វើឱ្យវប្បធម៌របស់គេ មានឥទ្ធិពលមក លើជនម្ចាស់ស្រុកតាមរូបភាពផ្សេងៗ ដែលជាលទ្ធផល អាចធ្វើឱ្យជនម្ចាស់ស្រុកបាត់អស់នូវអត្តសញ្ញាណ របស់ខ្លួន គឺជាឧបាយកលប្រល័យពូជសាសន៍។
មិនចាំបាច់និយាយដល់វិស័យសិក្សាអប់រំសិក្សាស្រាវជ្រាវ មានប្រវត្តិសាស្ត្រនិងភូមិសាស្ដ្រជាដើម នោះទេ គ្រាន់តែក្នុងករណីមួយ កាលពីឱកាសអំណរចូលឆ្នាំថ្មីកន្លងទៅហើយ ដែលត្រូវបានរៀបចំឡើង ដោយស្ថានីយ៍ទូរទស្សន៍កាន់ថើ(ព្រែកឫស្សី)នោះ ឃើញថាវិស័យសិល្បៈខ្មែរត្រូវបានកែឆ្នៃជាច្រើន និងទម្លាប់ ទំនៀមពុទ្ធសាសនាថេរវាទរបស់ខ្មែរក្រោម ក៏ត្រូវទទួលឥទ្ធិពល នៃការធ្វើឧបនីយកម្មជាតិសាសន៍មិនតិច ដែរ។
ជាងនេះទៅទៀត សកម្មភាពរបស់ខ្មែរទាំងឡាយ ដែលទាក់ទងទៅនឹងការរក្សាប្រពៃណី ទម្លាប់ ទំនៀម ដែលជាវប្បធម៌របស់ខ្មែរក្រោមនោះ ក៏ត្រូវបានរដ្ឋាភិបាលយៀតណាមចាត់ទុកថាជាអំពើបំបែកបំបាក់ ធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យខូចចំណងមិត្តភាពខ្មែរ-យៀតណាម…ដូចជាសកម្មភាពរបស់អង្គការ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលតែងត្រូវបានរដ្ឋាភិបាលមួយនេះ ចោទប្រកាន់ថាជាអំពើបំបែករដ្ឋ។
តើសហព័ន្ធខ្មែរកម្ពុជាក្រោមមានលទ្ធភាពដើម្បីបំបែករដ្ឋយៀតណាម ដែលមានកងទ័ពរាប់លាននាក់ ហើយមានប្រពៃណីប្រយុទ្ធសាហាវ បានឈ្នះទាំងទ័ពបារាំង ទ័ពអាមេរិកាំង ដែលយួនតែងតែអះអាងនោះ ដែរឬទេ? ការពិតនោះវាគ្រាន់តែជាលេស ដែលយួនប្រើប្រាស់ដើម្បីបន្តការធ្វើបាបខ្មែរក្រោម ទៅក្នុងអនាគត ទៀតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតវាគ្រាន់តែជាការព្រួយបារម្ភមួយរបស់យួន ដែលភ័យខ្លាចអ្នកស្រឡាញ់យុត្តិធម៌ និងសេរីភាពនៅលើសាកលោកនេះ ដែលអាចឃើញនូវពុតត្បុតរបស់ខ្លួនតែប៉ុណ្ណោះ ដូចជាពាក្យស្លោកខ្មែរ ថា‹‹គោដំបៅខ្នង ក្អែកហើរំលង រំសាយកន្ទុយ›› ដូច្នោះឯង។
រដ្ឋាភិបាលយួនព្រួយបាររម្ភនឹងសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនោះ ក៏ព្រោះតែអង្គការ សហព័ន្ធ ខ្មែរកម្ពុជាក្រោម កំពុងតែទទួលបានការគាំទ្រមួយថ្ងៃៗកាន់តែច្រើនឡើងៗ ពីសំណាក់ជាតិនិង អន្តរជាតិ ដូចជាការបោះឆ្នោតគាំទ្រសហព័ន្ធខ្មែរ កម្ពុជាក្រោមរបស់ប្រទេសទាំងដប់បួនកន្លងទៅហើយ ថ្មីៗនេះ។
ម្យ៉ាងទៀតយួនអាចព្រួយបារម្ភនឹងពាក្យមួយឃ្លាថា ‹‹សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង›› ដែលស្មើនឺងភាសាអង់គ្លេស ថា “the Right to Self-Determination” ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានយកមកធ្វើជាទិសដៅ ក្នុងការតស៊ូរបស់ខ្លួននេះឯង ព្រោះសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនេះ ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់យ៉ាងទូលំទូលាយ ហើយបានប្រកាស ជាឱឡារិកក្នុងមាត្រាទី៣ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីជនជាតិដើម ។ ប្រសិនបើរដ្ឋអំណាចយៀតណាម ខ្លាចសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនោះ គឺពួកគេខ្លាចស្រមោលខ្លួនឯងហើយ ព្រោះប្រទេស សាធារណរដ្ឋសង្គមនិយមយៀតណាមជាសមាជិកនៃអង្គការនេះ ដែលមានករណីយកិច្ចត្រូវគោរពលក្ខន្ធិកៈ របស់អង្គការសហប្រជាជាតិ។ ចំពោះពាក្យថា សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនេះវិញ វាមានន័យ ជ្រាលជ្រៅរបស់វា។ សកម្មភាពដែលយោងទៅលើសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង អាចនាំឱ្យមានការ បង្កើតរដ្ឋឯករាជ(territorial sovereignty)មួយថ្មីទៀត ដូចដែលចលនាតស៊ូមួយចំនួន បានធ្វើពីអតីតកាល នោះ ។ ការនេះ វាអាចបណ្ដាលឱ្យមានន័យផ្ទុយពីឯកភាពទឹកដី (the unity of territorial state) ដោយ អាស្រ័យទៅលើការអនុវត្តន៍សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនតែប៉ុណ្ណោះ។ តាមពិតទៅ បើរដ្ឋអំណាចយួន មើលឃើញសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងពីជ្រុងម្ខាងទៀត គឺជាវិស័យជីវភាពសង្គមនៃប្រជាជាតិ ដែលរស់នៅក្នុងសហគមន៍ ជាជាងការផ្ដោតអារម្មណ៍ទៅលើវិស័យឯកភាពទឹកដីវិញនោះ។ ឃ្លានៃពាក្យថា ‹‹សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង›› ប្រាកដជាមានន័យផ្សេងពីអ្វីដែលយួនកំពុងតែព្រួយបារម្ភនោះ ហើយ។ ពិតណាស់ រដ្ឋអំណាចយួនព្រួយនឹងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនោះ ព្រោះពួកគេតែង ព្យាយាមធ្វើឧបនីយកម្មជាតិសាសន៍។ គេពុំចង់ឱ្យមានជនជាតិណាមួយដែលកុំពុងតែរស់នៅលើទឹកដី ដែលត្រូវបានពួកគេត្រួតត្រា ក្រៅពីជនជាតិយួននោះ អាចមានលទ្ធភាពស្គាល់ អាចទទួលបាននូវសិទ្ធិ សេរីភាពរបស់ខ្លួន សូម្បីតែសិទ្ធិរស់នៅឱ្យដូចជាការរស់នៅរបស់ដូនតាខ្លួននោះ ក៏ឥតអង្គឺមានឡើយ ។
តើវាមានការខុសឆ្គងអ្វីដែរ បើខ្មែរក្រោមកំពុងតែរស់នៅលើទឹកដីជីដូនជីតារបស់ខ្លួន និយាយភាសា ខ្មែរ ដែលជាភាសាកំណើតរបស់ខ្លួន ស្លៀកពាក់សម្លៀកបំពាក់ដែលជីដូនជីតារបស់ខ្លួនធ្លាប់តែស្លៀកមក គោរពប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាខ្លួនធ្លាប់តែគោរពបូជាពីបូរាណមកនោះ ។ល។ ក៏ត្រូវបានយួន ហាមឃាត់ ឬត្រូវបានយួនកែឆ្នៃតាមរូបភាពផ្សេងៗ ឱ្យស្រប ទៅនឹផែនការរំលាយពូជសាសន៍ដ៏យូរអង្វែង របស់ពួកគេ ដូចជាសាលាបាលីជាន់ខ្ពស់នៅខែត្រឃ្លាំង ដែលយួនបានអនុញ្ញាតិឱ្យ បើកបង្រៀនដល់កូនខ្មែរ នោះក៏ពុំមានកម្មវិធីបង្រៀនឱ្យកូនខ្មែរយល់ដឹងអំពីខ្មែរប៉ុន្មានឡើយ។ សាលាអន្តេវាសិកទៀតសោត ក៏គ្រាន់ តែជារនាំងមួយបិទបាំងការពិតនៃជីវភាពរបស់ខ្មែរក្រោម ដែលកំពុងតែរស់នៅយ៉ាងវេទនាជាទីបំផុតនោះ តែប៉ុណ្ណោះ ព្រោះថាតាំងពីសាលាបាលីជាន់ខ្ពស់បានឱ្យបើកបង្រៀនសាជាថ្មីក្រោយថ្ងៃ៣០មេសា១៩៧៥មក ហើយក្រោយពីសាលាអន្តេវាសិកបង្កើតមក ដែលតាមការឃោសនារបស់យួន គឺដើម្បីលើកស្ទួយជីវភាព របស់ខ្មែរក្រោមនោះ តើមានខ្មែរក្រោមប៉ុន្មាននាក់ដែរ ដែលទទួលបានសញ្ញាប័ត្រដែលមានតម្លៃជាសាកល ដូចជាសាលារៀនយួនដទៃឯទៀត ដែលបានការយកចិត្តទុកដាក់ឧបត្ថម្ភរបស់រដ្ឋអំណាចយួន?
រដ្ឋអំណាចយួនគ្រប់សម័យតែងតែចាប់ដាក់គុក ធ្វើទារុណកម្មនិងសម្លាប់ចោល ជនជាតិខ្មែរអ្នក ដែលមានការចេះដឹង មានលទ្ធភាពផ្សព្វផ្សាយនូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ខ្មែរ រឹបអូស បំភ្លេចបំផ្លាញ កំទេចចោលគម្ពីរដិកាដែលកត់ត្រា ពីវប្បធម៌របស់ខ្មែរ…។ ពួកគេបានព្យាយាមធ្វើឱ្យសាបសូន្យ នូវវប្បធម៌ខ្មែរ ឬប្រព័ន្ធនៃសម្បត្តិទ្រព្យផ្នែកសតិបញ្ញា ជាលក្ខណៈពិសេសមួយរបស់ជនជាតិខ្មែរ ដែលត្រូវ បានអ្នកប្រាជ្ញខ្មែរកសាងឡើងដោយការរួមផ្សំជាមួយអារ្យធម៌ ដែលបានផ្សាយចូលមកពីប្រទេសឥណ្ឌា។ មូលហេតុមានតែមួយប៉ុណ្ណោះ គឺវប្បធម៌ទាំងពីរនេះមានលក្ខណៈមិនដូចគ្នា ដែលជាឧបស័គ្គមួយរបស់ អាណានិគមយួន ក្នុងការរំលាយជាតិខ្មែរកម្ពុជាក្រោម ។ តែអស់រយៈកាលជាច្រើនរយឆ្នាំមកហើយ យួនមិន ដែលបានទទួលជ័យជំនះ ទាងស្រុងទេ ក្នុងអំពើទុយ៌សព្រៃផ្សាយនេះ។ កត្តានេះក៏បានបញ្ជាក់ឱ្យឃើញដែរ ថាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ មិនងាយនឹងសាបសូន្យ ឬរលាយចូលគ្នាក្លាយជាវប្បធម៌យួនតាម បំណងរបស់យួននោះទេ គឺប្រៀបបានដូចជាទឹកនិងប្រេង ដែលមិនអា រលាយចូលគ្នាបានឡើយ។ ហេតុនោះ អ្នកកាន់អំណាចយួនគួរតែទុកឱកាសឱ្យវប្បធម៌ទាំងពីរនេះ ចំរើនលូតលាស់ទៅតាមសភាពរបស់វា ប្រយោជន៍ធ្វើឱ្យតំបន់ឥណ្ឌូចិននេះ ជាពិសេសគឺតំបន់វាលរាបនៃដងទន្លេមេគង្គ ដែលមានខ្មែរក្រោមរស់នៅ យ៉ាងច្រើនកុះករ ជាតំបន់មួយមានវប្បធម៌ពហុបែប ដូចជាបណ្ដាប្រទេសលោកសេរីនានាលើសាកលលោក នេះ។ ធ្វើដូច្នោះបាន វាអាចឈានដល់ការបំបាត់ចោលនូវភាពរើសអើងពូជសាសន៍ ព្រោះមនុស្សម្នាក់ៗ ខិតខំតែថែរក្សានូវសម្បត្តិផ្ទាល់ខ្លួនរបស់គេ មិនមានឱកាសច្រណែននឹងអ្នកជិតខាងឡើយ ហើយអាចធ្វើ តំបន់នេះឱ្យក្លាយទៅជាកន្លែងមួយ ដែលមនុស្សគ្រប់ជាតិសាសន៍ អាចរស់នៅសុខសប្បាយជាមួយគ្នា ជានិច្ចនិរន្តរ៍៕

ថ្ងៃទី២៦ សីហា ២០១២
ដោយ ថាច់ សាវ៉ាន់