វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ ជំហ៊ានប្រវត្តិសាស្ត្រ

ដោយៈ សឺង សម្រេច/VOKK៖ សម្រាប់ប្រទេស កម្ពុជា នាពេលនេះ កម្ពុជាក្រោម អាចបីដូចជា ស្រមោលនៃអតីតកាល តែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ ខ្មែរកម្ពុជាក្រោមខ្លួនឯង មួយដង្ហើមចេញចូល គឺជាការ រត់ប្រណាំងជាមួយមច្ចុរាជ ដែលប៉ុនប៉ងប្រល័យជីវិត សង្ខារ។ មួយជំហ៊ានឈានទៅមុខ គឺជាការតស៊ូ ឈ្មុជឈ្មុល ខំបន្លិចច្រមុះអោយរួច ផុតពីទឹក ព្រោះវៀតណាម ជាអ្នកព្យាយាមច្រត់ច្រានពន្លិច។
ម្តងនេះទៀត នៅពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រាន់តែចង់បានចូលជាសមាជិកផ្តល់ យោបល់ ជាពិសេស ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលរបស់ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ចនៃអង្គការ សហប្រជាជាតិ (ECOSOC) ក៏បានត្រូវវៀតណាមរារាំងជាប់។ វៀតណាមបានឃោសនាបំភ្លៃ ពន្យល់ដល់ ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ដែលត្រូវបោះឆ្នោត សំដែងមតិ ថាសហព័ន្ធមានគោលដៅ ទាមទារឯករាជ្យ បំបែកដែនដី។
ក្នុងវិចារណកថាលើកមុន វិទ្យុសំឡេងកម្ពុជាក្រោម បានលើកឡើង ប្រៀបប្រដូចចំពោះការចោទ ប្រកាន់របស់វៀតណាមនេះ ទៅនឹងការចោទប្រកាន់មួលបង្កាច់ របស់សត្វចចកទៅលើកូនចៀម ថាបានធ្វើ ល្អក់ទឹក ក្នុងរឿងព្រេងនិទានបារាំងរបស់លោកហ្វុងតែន។ មកទល់ពេលនេះ ក្រោយការបោះឆ្នោតនៅអង្គការ សហប្រជាជាតិ កាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០១២ ដែលលប្រទេសមួយចំនួនមិនទាន់បានយល់ច្បាស់ អំពីដំណើរបេសកកម្ម របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ហើយជឿតាមការឃោសនារបស់វៀតណាម បានបោះ ឆ្នោតគាំទ្រវៀតណាម ប្រឆាំងជំទាស់ចំពោះសមាជិកភាពសហព័ន្ធខ្មែរកម្ពុជាក្រោមនោះ។ ជាសំណួរសួរ ឡើងថា បើការចោទប្រកាន់របស់ចចកវៀតណាមត្រឹមត្រូវមែន តើខ្មែរក្រោមជាកូនចៀមដ៏កំសត់នោះ នឹង ត្រូវចចកកំណាចខាំហែកស៊ីឬ ? រឿងនេះ គឺវាមិនមែនងាយដូច្នោះទេ ! សូម្បីតែជនជាតិវៀតណាម ដែលមាន សេចក្តីថ្លៃថ្នូនិងយុត្តិធម៌ក្នុងខ្លួន បានយល់ច្បាស់អំពីខ្សែបន្ទាត់ដែលសហព័ន្ធកំពុងដើរ ក៏មិនអាចនៅស្ងៀម បាន ចំពោះនយោបាយអគតិរបស់រដ្ឋាភិបាលវៀតណាម និងនយោបាយស្រពិចស្រពិល របស់ប្រទេសខ្លះ ទៀត ដែលជឿតាមការឃោសនារបស់វៀតណាមដែរ។ យោងតាមព័ត៌មានពីវិទ្យុអាស៊ីសេរី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ បានដកស្រង់ការយល់ឃើញរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សវៀតណាម នៅប្រទេសបារាំង គឺលោក យ៉ យ៉ាំង អៃ បានមានប្រសាសន៍ថា នេះជារឿងអាក្រក់មួយ ដែលរដ្ឋាភិបាលវៀតណាម មិនចង់ឲ្យមានការកែប្រែ នូវគោលនយោបាយគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម តែបែរជាធ្វើការ ចោទប្រកាន់សហព័ន្ធខ្មែរកម្ពុជាក្រោម ថាចង់ទាមទារបង្កើតរដ្ឋឯករាជ្យនៅក្នុងប្រទេសវៀតណាម ទៅវិញ។ លោក យ៉ យ៉ាំងអៃ បានបន្តថា៖ «វាជារឿងគួរឲ្យអាម៉ាស់ ដែលប្រទេសជាសមាជិកនៃអង្គការ សហប្រជាជាតិ មិនបានធ្វើអ្វីទៅតាមឆន្ទៈរបស់ខ្លួន ដោយសារតែមានសម្ពាធពីប្រទេសវៀតណាម ហើយសមគំនិតជាមួយ ប្រទេសវៀតណាម ដើម្បីបន្ទច់បង្អាក់សំឡេងអ្នកការពារសិទ្ធិមនុស្ស ហើយក៏ជាការបង្ហាញនៃសញ្ញាអវិជ្ជមាន ទៅប្រជាជនក្នុងប្រទេសវៀតណាម ដែលសហគមន៍អន្តរជាតិមិនឈរខាងភាគីប្រជា-ពលរដ្ឋ ក្នុងប្រទេស វៀតណាម ដែលស្រេកឃ្លានសេរីភាព»។
តាមប្រភពព័ត៌មានដដែល ដែលដកស្រង់ប្រសាសន៍របស់អ្នកប្រវត្តិសាស្ត្រជាជនជាតិខ្មែរនៅកម្ពុជា វិញ មានយោបល់ថា រឿងនេះជំរុញឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ខិតខំតស៊ូបន្ថែមទៀត ពិសេសធ្វើយ៉ាងណា បង្ហាញអំពីសកម្មភាពរបស់ខ្លួនដល់ពិភពលោកថា រាល់ទង្វើរបស់សហព័ន្ធកំពុងធ្វើនោះ គ្រាន់តែចង់ការពារ សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសវៀតណាមបច្ចុប្បន្នទេ មិនជាប់ពាក់ព័ន្ធ នឹងការ ចង់ទាមទាររដ្ឋឯករាជ្យនោះទេ ។ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា <<ការបោះឆ្នោតជ្រើសរើសយកសហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនៃអង្គការសហប្រជាជាតិនេះ វាអាស្រ័យលើភាគីអន្តរជាតិ ដែលជា ប្រទេសជាសមាជិកជាអ្នកសម្រេច ។ ប៉ុន្តែយ៉ាងនេះក្ដី លោក សំបូរ មាណ្ណារ៉ា បានពន្យល់ថា សហព័ន្ធខ្មែរ កម្ពុជាក្រោមត្រូវប្រឹងប្រែងតទៅទៀត នៅក្នុងក្របខ័ណ្ឌឲ្យអន្តរជាតិមើលឃើញនូវសកម្មភាពរបស់ខ្លួន ពិសេស ឲ្យរដ្ឋវៀតណាម យល់ដឹងអំពីទិស ដៅរបស់ខ្លួនដែលថា ខ្លួនគ្រាន់តែធ្វើការងារដើម្បីទាមទារសិទ្ធិ សេរីភាព ជូនប្រជាពលរដ្ឋខ្មែរនោះ ។>>
ចំពោះយើងជាខ្មែរក្រោមវិញ ខ្យល់ព្យុះដែលវៀតណាមខំផ្លុំបោកបក់នោះ គឺគ្មានអ្វីក្រៅពីធ្វើឲ្យដើម ឈើទាលខ្មែរក្រោមចាក់ប្ញសកាន់តែជ្រៅ មានគោលជំហ៊រសាមគ្គីភាព និងកម្លាំងតស៊ូកាន់តែរឹងមាំ តែប៉ុណ្ណោះ។ នៅលើវេទិកានៃអង្គការសហប្រជាជាតិ សហព័ន្ធខ្មែរកម្ពុជាក្រោមគ្មានខាតបង់អ្វីឡើយ។ ប៉ុន្តែគឺវៀតណាមទេ ដែលភ័យស្លន់ស្លោប្រឹងរត់ខ្សឹបខ្សៀវឆ្វេចឆ្វាច ដោយអំពើទុច្ចរិតវៀចវេរបស់ខ្លួនឯង។ ជំហ៊ានថ្មីរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោមនាពេលនេះ ជាជំហ៊ានប្រវត្តិសាស្ត្រដ៏ល្បីរន្ទឺ អង្រួនមតិសកលលោក ទាំងមូល ឲ្យស្គាល់ខ្មែរក្រោមជាអ្នកណា ហើយក៏ចាប់ផ្តើមពិចារណា អំពីឥរិយាបថរបស់ប្រទេសវៀតណាម ផងដែរ។
ពិតមែនតែដោយសារភាពស្រពិចស្រពិល និងផលប្រយោជន៍រៀងៗខ្លួន បាននាំឲ្យប្រទេសខ្លះ បោះឆ្នោតជំទាស់ ចំពោះសមាជិកភាពនៃសហព័ន្ធខ្មែរកម្ពុជាក្រោមនាពេលនេះមែន ប៉ុន្តែទឹកដែលថ្លា គង់អាចឃើញដល់ បាតដីជាមិនខាន។ ទៅអនាគត ប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ រាប់ទាំង ប្រទេសដែលគាំទ្រ វៀតណាមនាពេលនេះផង ដែលសុទ្ធតែធ្លាប់ថ្កោលទោសវៀតណាមពីបទរំលោភសិទ្ធិ មនុស្ស សិទ្ធិសាសនា សិទ្ធិថែរក្សានិងប្រតិបត្តិទំនៀមទម្លាប់វប្បធម៌ប្រពៃណី សិទ្ធិនៃការផ្សាយនិងទទួល ព័ត៌មាន សិទ្ធិរួមប្រជុំ និងការរើសអើងប្រកាន់ពូជសាសន៍ ។ល។និង។ល។ ហើយក៏ធ្លាប់តែផ្តល់អនុសាសន៍ ជាហូហែរ ដើម្បី ប្រទេសនេះកែលម្អឲ្យបានសមស្រប ជាមួយប្រទេសស៊ីវីល័យនានាក្នុងពិភពលោក ដោយព្រមទទួលយក អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផងនោះ មុខជានឹងបានយល់ច្បាស់ ពីការពិតបន្តិចម្តង ជាមិនខាន ព្រោះថា “ការពិតនៅក្នុង លោកនេះ មានតែមួយទេ” ហើយការពិតនោះ គឺខ្មែរក្រោម ដែលបាត់ បង់សេរីភាពស្ទើរតែអស់រលីង ដោយសារការរំលោភជិះជាន់របស់វៀតណាមនោះ គ្រាន់តែមានបំណងចង់ឲ្យ វៀតណាមគោរពសិទ្ធិរបស់ខ្លួន ជាជនជាតិដើមតែប៉ុណ្ណោះ ។