ដោយៈ សឺង សម្រេច/VOKK៖ នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១២ គណកម្មការ សេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហ ប្រជាជាតិ បានឮអំពីសេចក្តីថ្លែងការណ៍របស់ តំណាងនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបាន និយាយក្នុងនាមជាអ្នកសង្កេតការណ៍។ អ្នកតំណាង រូបនោះ បានទាមទារឲ្យ ចុះបញ្ជីជាផ្លូវការនូវការតវ៉ា របស់រដ្ឋាភិបាលវៀតណាម ជំទាស់ការទទួលយកនូវ តួនាទីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការ ពិគ្រោះ យោបល់ពិសេស សម្រាប់គណកម្មការ សេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហប្រជាជាតិ (United Nations Economic and Social Council)។ ក្នុងការតវ៉ានេះ អ្នកតំណាងវៀតណាម បានសំអាង លើហេតុផល ដែលគ្មានន័យ និងគ្មានការពិតទាល់តែសោះ ដោយបានចោទប្រកាន់ ចំពោះសហព័ន្ធ ខ្មែរកម្ពុជា ក្រោម មិនខុសពីការចោទប្រកាន់ជាប្រពៃណី ដែលអាជ្ញាធរវៀតណាមតែងប្រព្រឹត្តជាលេស ដើម្បីធ្វើទុក្ខបុក ម្នេញ រំលោភសិទ្ធិសេរីភាព ចំពោះខ្មែរក្រោមជាហូរហែមកហើយនោះដែរ។
ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ពីបទសកម្មភាពបំបែកដែនដី(Secession)ដែលវៀតណាមបានលើកឡើងនោះ គឺជាការបំភាន់មតិសកលលោក ជាការមួលបង្កាច់យ៉ាងអយុត្តិធម៌ ដែលមិនអាចទទួលយកបានឡើយ។ មកទល់ នឹងពេលនេះ ប្រទេសនានា ក្នុងពិភពលោកបានតាមដាន និងបានឃើញយ៉ាងច្បាស់ក្រឡែត ថាសហព័ន្ធខ្មែរ កម្ពុជាក្រោម គ្រាន់តែជា អង្គការដែលធ្វើសកម្មភាពតវ៉ាដោយសន្តិភាពបំផុត ព្រោះហេតុមិនអាចទ្រាំទ្រឈរ បិទភ្នែក បិទត្រចៀក ចំពោះទង្វើរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃ របស់រដ្ឋាភិបាលវៀតណាម ចំពោះ ជនរួមលោហិតខ្មែរកម្ពុជា ក្រោមដ៏អភព្វ ជាជនរងគ្រោះតែប៉ុណ្ណោះ។ ភ័ស្តុតាងមានជាក់ស្តែង នៅក្នុង សេចក្តីថ្លែងការណ៍ និង អនុសាសន៍នានានៃសហព័ន្ធខ្មែរកម្ពុជាក្រោម មិនដែលបាននិយាយបន្តិចណា ឡើយ អំពីអ្វី ដែលអ្នកតំណាង វៀតណាមបានដាក់ឈ្មោះ ថាជាការទាមទារបំបែកដែនដីនោះ។ ផ្ទុយទៅវិញ អង្គការយើងមានការយល់ដឹងយ៉ាងជ្រៅជ្រះ និងគោរពទាំងស្រុង ចំពោះគោលការណ៍នៃច្បាប់អន្តរជាតិ ជាធរមាន។ ការចោទប្រកាន់ មួលបង្កាច់យ៉ាងទទឹងទិសរបស់រដ្ឋាភិបាលវៀតណាម គឺមានលក្ខណះមិនខុស អំពីការយកលេសចោទប្រកាន់ របស់សត្វចចកដ៏កំណាច ចំពោះកូនចៀមដ៏ស្លូតបូត ដែលចុះផឹកទឹកជ្រលងអូរ មានមកជាធម្មជាតិ ថាបានធ្វើ ឲ្យល្អក់ទឹក ក្នុងរឿងព្រេងនិទានបារាំង La Fable de la Fontaine នោះឡើយ។ រីឯគំនិតដ៏ខ្មៅក្រខ្វក់នៃការ ចោទប្រកាន់ គឺគ្រាន់តែរកលេសដើម្បីខាំហែកស៊ីសាច់កូនចៀម តែប៉ុណ្ណោះ។ វាជាការចោទប្រកាន់មួយដ៏ ហួសសម័យកាល និងគួរឲ្យអស់សំណើច ដែលគ្រាន់តែបានបង្ហាញ ឲ្យឃើញកាន់តែច្បាស់ អំពីផ្នត់គំនិតមិន ល្អ របស់វៀតណាមជាមេដើមចោទ ដែលអាងអំណាចខ្លួនជាអ្នកខ្លាំង ត្រួតត្រាលើខ្មែរក្រោមតែប៉ុណ្ណោះ។
នៅក្នុងទឡ្ហីករណ៍នៃការប្រឆាំងជំទាស់ របស់អ្នកតំណាងវៀតណាមដដែល បាននិយាយអំពីថា រដ្ឋាភិបាលនេះ បានយកចិត្តទុកដាក់គាំពារចំពោះជនភាគតិចខ្មែរ មិនខុសពីជនភាគតិចទាំង៥៤ក្នុងប្រទេស វៀតណាម។ ចំណុចនេះមានការមិនពិតទាំងស្រុង។ ទី១ ព្រោះខ្មែរក្រោមជាជនជាតិដើម ដែលបានរស់នៅ លើទឹកដីសណ្តនៃទន្លេមេគង្គ ឬកម្ពុជាក្រោមនោះ រាប់ពាន់ឆ្នាំមកហើយ។ យើងជាជនជាតិខ្មែរខ្លួនឯង ព្រម ទាំងប្រវត្តិវិទូរក្នុងសកលលោក បានដឹង បានឮ និងទទួលស្គាល់ច្បាស់លាស់ណាស់ ទោះជាវៀតណាមខំកែ ក្រឡាយប្រវត្តិសាស្ត្រថ្មីឲ្យខុសពីការពិតយ៉ាងណា ក៏មិនអាចទៅរួចដែរ។ ទី២ ការដែលវៀតណាមអាស់អាង អំពីការយកចិត្តទុកដាក់ចំពោះខ្មែរក្រោមនោះ ជាការមិនពិតទេ។ ពួកយើងកំពុងតែបាត់បង់សិទ្ធិសេរីភាពជា មូលដ្ឋានសព្វបែបយ៉ាង ក្នុងនោះមានសិទ្ធិប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ ការថែរក្សាវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី ការទទួលព័ត៌មាន សិទ្ធិរួមប្រជុំ ការរើសអើងពូជសាសន៍ ការបាត់បង់ដីធ្លី។ល។និង។ល។ ក្នុងនាម យើងជាជនជាតិដើម នៅលើដែនដីសណ្តនៃទន្លេមេគង្គនេះ យើងមានសិទ្ធិជាពិសេសក្នុង៤៦មាត្រា ដែល ប្រកាសដោយអង្គការសហប្រជាជាតិ ហើយដែលប្រទេសវៀតណាមខ្លួនឯងបានធ្វើសច្ចាប័នទទួលស្គាល់ នាឆ្នាំ២០០៧។ ដោយយោងទៅលើរបាយការណ៍ជាច្រើន រាប់ទាំងព្រឹត្តិការណ៍ជាក់ស្តែង ដែលកំពុងកើត មាននៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ របាយការណ៍របស់អង្គការUNPO UPR របាយការណ៍របស់អង្គការ សិទ្ធិមនុស្សអន្តរជាតិនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរបាយការណ៍របស់ប្រទេសនានាក្នុងសកលលោក ដែលធ្វើការកត់សំគាល់ និងផ្តល់ជាអនុសាសន៍ដល់ប្រទេសវៀតណាម បានបញ្ជាក់ច្បាស់ថា វៀតណាមនៅ តែបន្តការគាបសង្កត់ និងបំបិទសិទ្ធិសេរីភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។ យោងលើស្ថានភាពនេះ និងឈរលើច្បាប់ សិទ្ធិមនុស្សជាសកល យើងជាខ្មែរក្រោមមានសិទ្ធិធ្វើការតវ៉ា ចំពោះរាល់ទង្វើរំលោភបំពានរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងជារដ្ឋអំណាច ហើយទង្វើដ៏ស្របច្បាប់អន្តរជាតិរបស់យើងនេះ វៀតណាមមិនអាចមួលបង្កាច់ ថាជានយោបាយបំផុសបំផុល បង្ខូចបង្កាច់ ញុះញង់ ឬធ្វើឲ្យអន្តរាយន័ដល់សាមគ្គីភាពរបស់វៀតណាម បានឡើយ (politically motivated acts, such as slandering, inciting, and undermining the national unity of the State of Viet Nam)។
ចំពោះរឿងដែលវៀតណាមបានអាស់អាង ថាសហព័ន្ធខ្មែរកម្ពុជាក្រោមជាជនរស់ក្រៅស្រុក មិនអាច ជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមបាននោះ វាកាន់តែគួរឲ្យអស់សំណើចណាស់ទៅទៀត ព្រោះថា ប្រសិនបើពួកយើង ជាសមាជិកនៃអង្គការសហព័ន្ធមិនគេចខ្លួនចេញក្រៅទេ នៅក្នុងដង្គាបដែកបែបផ្តាច់ការ នោះ ពួកយើងប្រាកដជាគ្មានមធ្យោបាយស្រែករាយការណ៍ ឲ្យពិភពលោកបានដឹងឮ អំពីការរំលោភជិះជាន់ របស់រដ្ឋាភិបាលវៀតណាមដែរ ហើយយើងខ្ញុំប្រាកដជាត្រូវរស់ដោយលំបាកវេទនាក្នុងភពងងិតអន្ធការ មិនខុស ពីបុព្វការីជនរបស់យើង ជាច្រើនជំនាន់មកហើយនោះដែរ។
វៀតណាមអាចកូរទឹកឲ្យល្អក់ បង្វែងស្ថានភាពទុក្ខវេទនាខ្មែរក្រោមរងគ្រោះ មិនឲ្យពិភពលោកមើល ឃើញបាន តែម្តងមួយគ្រាទេ។ ទីបំផុតទឹកនឹងប្រែជាថ្លា ហើយគេក៏អាចមើលឃើញដល់បាតដី។ សហព័ន្ធខ្មែរ កម្ពុជាក្រោម គ្រាន់តែឈរលើសច្ចធម៌ គតិយុត្តិធម៌ មេត្តាធម៌ និងសេចក្តីគោរពស្នេហា ចំពោះសេចក្តីថ្លៃថ្នូ នៃមនុស្សជាតិ ជាអ្នកឃាត់ឃាំងកុំឲ្យវៀតណាមកកូរទឹកឲ្យល្អក់តែប៉ុណ្ណោះ ទុកឧកាសឲ្យពិភពលោក បានជួយជនជាតិដើម ខ្មែរក្រោមផងចុះ។
ថ្ងៃទី៨ ខែក្កដា ឆ្នាំ ២០១២