វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ អ្នកស្នេហាជាតិ

ថ្មីៗនេះ ប្រជាពលអាមេរិកាំងជាទួទៅ បានសំដែងនូវ ការរំភើបចិត្ត រួមជាមួយនឹងលោកស្រីជាភរិយា អតីត ទាហ៊ានដ៏ក្លាហានអាមេរិកាំងម្នាក់។ លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានជូន មេដាយកិត្តិយសជាតិដ៏ខ្ពស់បំផុតមួយ ដល់ លោកស្រី រ៉ុស ម៉ារី សាបូ ប្រោន ដោយប្តីរបស់លោក ស្រីបានបូជា ជីវិតដើម្ បីបម្រើមូលហេតុនៃសេរីភាព នៅឆ្នាំ១៩៧០ នៅលើទឹកដីនៃប្រទេសកម្ពុជា។ វិទ្យុ សំឡេងកម្ពុជាក្រោម សូមធ្វើការបកប្រែនូវអត្ថបទ ដកស្រង់ពី The Associated Press ដើម្បីជូនជន រួមលោហិតបានពិចារណា ក្នុងសេចក្តីសង្ឃឹមថា អ្នក ដឹកនាំខ្មែរគ្រប់ជំនាន់អាចនឹងមិនភ្លេចទេ ចំពោះអ្នកស្នេហាជាតិខ្មែរទាំងឡាយ ដែលបានបូជាជីវិតជូនជាតិមាតុភូមិ របស់ខ្លួន ទោះជាពេលវេលាបានកន្លងទៅយូរប៉ុនណាក្តី ហើយទោះជា ពេលនោះ ស្ថានភាពនយោបាយ មានលក្ខណៈយ៉ាងណាក៏ដោយ។

អត្ថបទមានសេចក្តីទាំងស្រុង ដូចតទៅនេះ៖

នៅថ្ងៃពុធ ទី១៦ ឧសភាឆ្នាំ២០១២នេះ នៅសេតវិមាន លោកប្រធានាធិបតី អូបាម៉ា នៃសហរដ្ឋអាមេរិក បានជូនរង្វាន់មេដាយកិត្តិយស ចំពោះលោកស្រី រ៉ូស ម៉ារី សាបូ ប្រោន ជាភរិយាមេម៉ាយពីអ្នកឯកទេសទាហ៊ាន អាមេរិកាំង ឡែសលី ហ. សាបូ,ជូនីញ័រ(Leslie H. Sabo Jr.)។ លោកសាបូ បានបូជាជីវិតនៅឆ្នាំ១៩៧០ នៅពេលប្រយុទ្ធជាមួយនឹងកងទ័ពយួនខាងជើង នៅក្នុងទឹកដីប្រទេសកម្ពុជា។

រាយការណ៍ដោយអ្នកស្រី ការ៉ូលីន កាសតឺរៈ

វ៉ាហ្សិនតុនៈ លោកឡែសលី សាបូ នៃសង្គ្រាមវៀតណាមបានបញ្ចប់ដោយការផ្ទុះគា្រប់បែកដៃរបស់ លោកខ្លួនឯង ដែលលោកគ្រវែងទៅលើលេនដ្ឋានរបស់សត្រូវនៅក្នុងប្រទេសកម្ពុជា ដើម្បីសង្គ្រោះជីវិតមិត្ត រួមអាវុធនៅជុំវិញខ្លួន លោក។ សែសិបឆ្នាំក្រោយមក និងបន្ទាប់ពីអស់រយៈពេល១២ឆ្នាំក្នុងការសើរើគំនរក្រដាស ឯកសារកងទ័ព លោកក៏ត្រូវបានទទួលកិត្តិយសជាតិដ៏ខ្ពង់ខ្ពស់បំផុត ពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃសហរដ្ឋអាមេរិក។

លោក អូបាម៉ា បានប្រគល់មេដាយកិត្តិយស ចំពោះលោកស្រីមេម៉ាយ សាបូ រ៉ូស ម៉ារី ដោយមាន ប្រសាសន៍ថា ’’ការធ្វើយ៉ាងដូច្នេះ ជាជំនួយដល់ការកែប្រែពីខុសមកជាត្រូវ ចំពោះជំនាន់មនុស្សដែលបានបូជា ជីវិតដើម្បីបម្រើ មូលហេតុនៃសេរីភាព ហើយដែលបានវិលត្រឡប់មកមាតុភូមិវិញ ក្នុងស្ថានភាពដែលប្រជាជាតិ ឋិតក្នុងភាពជូរចត់ និងគម្រាមកំហែង។’’

លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍នៅក្នុងបន្ទប់ខាងកើតដ៏ស្ងៀមស្ងាត់នៃសេតវិមានថាៈ ’’ផ្ទុយពីការ ត្រូវបានទទួលដោយអបអរសាទរ អតីតទាហ៊ាននៃសង្គ្រាមវៀតណាមបានត្រូវគេបែរខ្នងដាក់។ លោក បានបន្តថាៈ ’’ពួកគេបានត្រូវប្រសិទ្ធិនាមជាច្រើន នៅពេលនាមតែមួយគត់ ដែលពួកគេគួរនឹងទទួលបាន ហើយ នាមនោះ គឺ អ្នកស្នេហាជាតិអាមេរិកាំង។’’

អ្នកឯកទេស ឡែសលី ហ.សាបូ ជូនីញ័រ Spec.Leslie H. Sabo Jr.ពីទីក្រុងអែលវូដ រដ្ឋប៉ែនស៊ីលវ៉េនីញ៉ា (Elwood City, Pa) បានបំរើក្នុងកងទ័ពនៃសហរដ្ឋអាមេរិក នៅជិតភូមិ សេសាន នៅផ្នែកខាងកើតនៃប្រទេស កម្ពុជានៅខែឧសភាឆ្នាំ១៩៧០ នៅពេលដែលកងឯកភាពរបស់លោកបានត្រូវហ៊ុំព័ទ្ធ ហើយហៀបនឹងត្រូវវាយ កំទេចដោយកងកម្លាំងយួនខាងជើង។

មិត្តរួមអាវុធរបស់លោកបានធ្វើជាកសិណសាក្សីថា អ្នកកាន់កាំភ្លើងយន្តបានបាញ់សម្រុកមកពីក្រោយ លោកឆក់ យកបានគ្រាប់បែកដៃពីសត្រូវ ហើយបោះគ្រវែងចោលទៅ ដោយយកខ្លួនលោកជារបាំង ដើម្បីការពារ ចំពោះមិត្តរួមអាវុធដ៏ទៃទៀត។ មិនខ្វល់ពីខ្លួនលោកត្រូវរបួស លោក សាបូ ជម្រុលទៅមុខលេនដ្ឋានរបស់សត្រូវ ដែលបាញ់ប្រួសគ្រាប់មកលើក្រុមយុទ្ធជននៃសហរដ្ឋអាមេរិក។

’’ឯកសារបានបញ្ជាក់ថា លោក សាបូ បានកាន់ក្តាប់គ្រាប់បែកដៃនោះជាប់ ហើយរង់ចាំគ្រវែងទៅនៅគ្រា ចុងក្រោយបំផុត ដោយដឹងប្រាកដថា ការធ្វើនោះ នឹងបណ្តាលឱ្យលោកបាត់បង់ជីវិតខ្លួនឯង ប៉ុន្តែដើម្បីបញ្ឈប់ ការបាញ់រះដែលចេញមកពីលេនដ្ឋានសត្រូវ។ រួចគាត់ក៏បានធ្វើការងារនេះ។ គាត់បានការពារជីវិតមិត្តរួមអាវុធ របស់គាត់ ដែលគាត់បានគិតថា មានន័យជាងជីវិតរបស់គាត់ផ្ទាល់ទៅទៀត។’’

ក្រោយពីពិធីផ្តល់កិត្តិយស លោកស្រី រ៉ូសម៉ារី សាបូ ប្រោន បានប្រាប់ទៅអ្នកសារព័ត៌មានថាៈ ’’ខ្ញុំដឹង ថាបំណែកមួយនៃក្រណាត់ និងមេដាយមួយ មិនអាចនាំយករូបគាត់មកវិញបានទេ ប៉ុន្តែបេះដូងរបស់ខ្ញុំញញឹម ដោយមោទនភាពដើម្បីឡែសលី ដោយគាត់បានទទួលនៅទីបំផុត នូវកិត្តិយសពីពលិកម្ម និងភាពអង់អាច ក្លាហានរបស់គាត់។’’

អត្ថបទនេះបញ្ចប់តែប៉ុណ្ណេះ។

ក្នុងនាមជនជាតិខ្មែរក្រោម នាយកដ្ឋានព័ត៌មានន័យសហព័ន្ធខ្មែរកម្ពុជាក្រោម សូមសំដែងនូវសេចក្តី សរសើរ ដល់សាខាសហព័ន្ធ និងអង្គការសមាគម ព្រមទាំងវត្តអារាមខ្មែរក្រោមទាំងអស់ ដែលតែងប្រកាន់ ប្រពៃណីធ្វើការគោរពចំពោះវិញាណក្ខន្ធអ្នកស្នេហាជាតិខ្មែរគ្រប់ជំនាន់ នៅរៀងរាល់ពេលដែលមានប្រារព្ធពិធី ផ្សេងៗ។  ការលើកស្ទួយស្មារតីស្នេហាជាតិមាតុភូមិនេះ ជាគំរូល្អបំផុត ដើម្បីមនុស្សគ្រប់ជំនាន់បានជ្រួតជ្រាប ក្នុងសន្តានចិត្ត ថាអំពើពលិកម្មដ៏ថ្លៃថ្លាដើម្បីជាតិ មិនដែលត្រូវបានបំភ្លេចចោលឡើយ។

រីឯការងារដែលសហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងតែធ្វើការតស៊ូដោយអហឹង្សានាពេលនេះ ជាពលិកម្ម ដ៏ធំធេងបំផុត ដើម្បីបុព្វហេតុនៃសេរីភាពប្រជាជាតិខ្មែរកម្ពុជាក្រោមដ៏អភព្វជាច្រើនលាននាក់ ដែលកំពុងតែ រស់នៅក្រោមការ គាបសង្កត់របស់រដ្ឋាភិបាលយួននោះ ក៏នឹងត្រូវបានចងចាំក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់តទៅ។

ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១២

ដោយ៖ សឺង សម្រេច/VOKK