វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ មេរៀនខែវិច្ឆិកា

ដោយ សឺង សម្រេច/VOKK៖ ក្នុងកីឡាប្រដាល់ មុន នឹងគូរប្រដាល់ជួបគ្នា តែងមានការវាស់វែងប្រៀបផ្ទឹម ទម្ងន់ កំពស់ និងស្ថិតិចាញ់ឈ្នះ ក្នុងការប្រកួតកន្លង មក។ បើមានលើសខ្វះទម្ងន់ឬកំពស់ សូម្បីតែបន្តិច បន្តួច ក៏គូប្រកួតនិងអ្នកឱ្យទឹកតែង ពិចារណាថា គួរធ្វើ ប្រយុទ្ធឬទេ។ ក្នុងកីឡាប្រដាល់ដដែល បច្ចេកទ្ទេស មួយ ដែលអាចយកប្រៀបលើគូប្រកួត គឺធ្វើយ៉ាងណា ឱ្យដៃគូប្រកួតរបស់ខ្លួនខឹងច្រឡោត ព្រោះមនុស្ស យើង តែពេលខឹងច្រឡោតហើយ ធ្វើអ្វីៗក៏ខុសដែរ ដូច្នេះអ្នកប្រដាល់ដែលខឹងច្រឡោត តែងភ្លេច ឬបោះ បង់ចោលបច្ចេកទេ្ទស និងបណ្តាំគ្រូគិតតែពីវាយ បង្រុះ ទៅលើគូប្រកួតតាមកំហឹងចិត្ត ជាឱកាសបើកឱ្យខាងម្ខាងទៀតមានការងារស្រួលក្នុងការវាយផ្តួលរំលំ។
ក្រៅពីកីឡាប្រដាល់ ក្នុងការប្រយុទ្ធដោយប្រើអាវុទ្ធផ្សេងៗទៀតក៏យ៉ាងនោះដែរ តែងមានការថ្លឹងថ្លែង កម្លាំងគ្នា លើកលែងតែសង្គ្រាមរបៀបទ័ពព្រៃ គឺវាយឆ្មក់-ដកថយ-ពួនជ្រក-លាក់ខ្លួន។
ប៉ុន្តែបើយើងលើកយកប្រវត្តិនៃការតស៊ូ ដោយកម្លាំងអាវុធមួយ ដែលផ្ទុះឡើងថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ នៅខេត្តព្រះត្រពាំង ដែលគេបានឱ្យឈ្មោះថា ’’អ្នកតស៊ូក្នុងរណសិរ្សសេរីភាពជាតិរំដោះខ្មែរក្រោម’’ ដែលបាន ងើបឡើងប្រើអាវុធធ្វើការបាញ់ប្រហារប៉ងរំលំរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមនោះ ខ្មែរក្រោមហាក់ដូចជា បានដឹងរួចទៅហើយ ដោយមិនបាច់ប្រៀបធៀបពីកម្លាំងមនុស្សនិងសាស្ត្រាវុធ ថាក្រុមខ្លួនមានកម្លាំងតិចជាង យួនឆ្ងាយណាស់។ ប៉ុន្តែការប្រយុទ្ធដែលកើតឡើងនោះ គឺជាការបង្ហាញនូវកំហឹងឈឺចាប់របស់ខ្លួនដែលមានមក តំណត្រកូលជាយូរណាស់មកហើយ បង្កឡើងដោយសារអំពើអយុត្តិធម៌ទាំងឡាយដែលពួករដ្ឋអំណាចយួន ឈ្លានពានបានធ្វើចំពោះខ្មែរក្រោមជាម្ចាស់ស្រុក ជាជនជាតិដើមនៅលើទឹកដីនោះ។ វាបានបង្ហាញពីការមិនអាច ទទួលយកបាន នូវអ្វីដែលយួនបានធ្វើមកលើខ្មែរក្រោម ពីកំហឹងខ្មែរក្រោមបានឆ្លងផុតខ្សែព្រំដែននៃការអត់ធ្មត់ និងការសោកស្តាយជីវិត បង្ហាញវិរភាពក្លាហាន ហើយក៏បង្ហាញថា តទៅមុខទៀត ខ្មែរក្រោមនៅតែមិនអាច លាយចូលគ្នាជាមួយនឹងយួនបានដោយងាយទេ។
ប៉ុន្តែរឿងដែលគួរឱ្យលើកយកមកពិចារណា គឺការតស៊ូហឹង្សាបានធ្វើឡើងតែក្នុងមួយរយៈខ្លីប៉ុណ្ណោះ ក៏ត្រូវ បរាជ័យ ខ្មែរក្រោមជាអ្នកប្រយុទ្ធដ៏ក្លាហានទាំងប៉ុន្មាន បានត្រូវទ័ពយួនកំទេចចោលគ្មានសល់ ហើយព្រះសង្ឃ និងពលរដ្ឋខ្មែរ ៨ ពាន់នាក់ត្រូវអាជ្ញាធរវៀតណាម បាញ់សម្លាប់ កាត់ទោសប្រហារជីវិតខ្លះ ចាប់ដាក់គុក និងធ្វើទារុណកម្មស្លាប់ក្នុងគុកខ្លះ។ តាមការផ្តល់ព័ត៌មានមក គឺគ្រួសារខ្មែរក្រោមជាទួទៅ នៅក្នុងដំបន់ ដែល មានការប្រយុទ្ធនោះ ពុំមានគ្រួសារណាមួយដែលរួចពីត្រូវទទួលការឆែកឆេផ្ទះសម្បែង និងសមាជិកគ្រួសារ ត្រូវជាប់ឃុំឃាំង ក្រោយពីទទួលការចោទប្រកាន់ផ្សេងៗ ពីអាជ្ញាធរវៀតណាមឡើយ។ ផលវិបាក ដែលកើតឡើង បន្ទាប់ពី ការប្រយុទ្ធដែលគ្មានតុល្យភាពកម្លាំងនេះ ធ្វើឱ្យខ្មែរក្រោមខ្លះដែលមិនដឹងរឿងអ្វីសោះ ក៏ត្រូវទទួលទុក្ខទោស ខ្លោចផ្សាដោយការបង្រ្កាបយ៉ាងចាស់ដៃរបស់យួនដែរ។ ហើយរឿងនេះ ក៏នាំបង្កើត ជាសំណួរទាក់ទងដល់ផ្នែកចិត្តសាស្ត្រ និងយុទ្ធសាស្ត្រដូច្នេះថា៖
-តើការបង្ហាញនូវកំហឹងឈឺចាប់ពុះកញ្ជ្រោលធ្វើឱ្យខ្មែរក្រោមដែលមានកម្លាំងខ្សោយ ហ៊ានងើបឡើង តតាំង ជាមួយទ័ពយួន ដែលពេលនោះ មានចំនួនចំនួនពលទាហាន និងសាស្ត្រាវុធដ៏ខ្លាំងសម្បើម (ថ្នាក់ទីពីរ ក្នុងសាកលលោក?) បានលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមាន សម្រាប់ខ្មែរក្រោមជាទួទៅ ?
-ជាមួយពួកម្មុយនិស្តយួន គឺអាចឆ្លៀតឱកាសទាញយកចំណេញពីយើងបានគ្រប់ពេលវេលា សូម្បីពីខ្មែរ ដែលមាន គំនិតស្នេហាជាតិក៏ដោយ។ ចំពោះករណីយការប្រយុទ្ធខ្មែរក្រោមនិងយួននៅខេត្តព្រះត្រពាំង កាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧៦នោះ ភាពមន្ទិលមួយបានចោទឡើងថា អាចមានការលូកដៃចូលរបស់ពួកយួន បំបះបំបោរបញ្ឆោតខ្មែរក្រោមដែលមានគំនុំសងសឹកជាមួយយួនឱ្យងើបឡើងធ្វើការតស៊ូ ដើម្បីឆ្លៀតឱកាស ប្រមូលក្តោបអ្នកស្នេហាជាតិខ្មែរក្រោមឱ្យបានច្រើនបំផុតដើម្បីបាញ់សម្លាប់ចោល ឬដាក់គុកច្រវាក់ធ្វើទារុណកម្ម ឱ្យរាងចាល់លែងហ៊ានងើបឡើងទៀត។
វិទ្យុសម្លេងខ្មែរក្រោមលើកយកសំណួរនេះផ្ញើប្រគេនព្រះសង្ឃនិងជូនបងប្អូនខ្មែររួមជាតិ ដើម្បីបន្តធ្វើការ ពិចារណាចុះ ព្រោះក្នុងរឿងវាសនារបស់ប្រទេសជាតិរបស់យើងទាំងអស់គ្នា ពួកកម្មុយនិស្តល្អិតណាស់ យើងក៏ ត្រូវតែល្អិតដូចគ្នាទើបទប់គ្នាបាន។ រាប់រយឆ្នាំមកហើយ រឿងរ៉ាវរបស់ខ្មែរទាំងអស់ សុទ្ធតែមានការលូកដៃចូល របស់យួន។ សូម្បីពេលនេះ លោកខៀវសំផន និងលោកនួនជា ដែលកំពុងត្រូវជំរះក្តីក្នុងតុលាការខ្មែរក្រហម ក៏បានឆ្លើយថា រឿងសម្លាប់មនុស្សនៅកម្ពុជានៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ក៏មានការលូកដៃចូលពីយួនដែរ។ ពិតមែនតែអ្នកជាប់ចោទទាំងពីរបានត្រូវមជ្ឍដ្ឋានជាតិនិងអន្តរជាតិមើលឃើញជាក់ ថាជាជនឧក្រិដ ប៉ុន្តែចម្លើយ របស់អ្នកទាំងនោះ ក៏មិនមានន័យថាគ្មានការពិតសោះដែរ។
យើងទាំងអស់គ្នារៀនពីប្រវត្តិសាស្ត្រអតីតកាល សម្រាប់អនាគត ជៀសវាងធ្វើកំហុសដដែលៗ។ មេគ្រួសារ មួយដឹកនាំខុស វេទនារហេមរហាមតែមនុស្សបួនប្រាំនាក់ជាប្តីប្រពន្ធកូនចៅប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ ប្រជាជាតិមួយ កំហុសនិមួយៗក្នុងការដឹកនាំ មានតម្លៃស្មើអាយុជីវិតប្រជាជាតិនោះ។ ខ្មែរកម្ពុជាក្រោមបាន ទទួលក្តីឈឺចាប់ខ្លោចផ្សាហួសវិស្ស័យនឹងគណនាបាន ហើយគ្មានអ្នកណាអាចដឹងរឿងនេះជ្រៅជ្រះដូចខ្មែរ ក្រោមជាជនរងគ្រោះខ្លួនឯងទេ។ ដែលគួរឱ្យឈឺចាប់បំផុតនោះ គឺយួនធ្វើបាបយើងហើយ គេខំប្រឹងបង្ហាញដល់ ភ្នែកពិភពលោក ថាគេកំពុងស្រឡាញ់ថ្នាក់ថ្នមជួយជ្រោជ្រែងយើងទៀត។
ចំពោះព្រឹត្តិការណ៍ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧៦នោះ វិទ្យុសម្លេងកម្ពុជា ក្រោមសូមប្រសិទ្ធិនាមថា <<មេរៀនខែវិច្ឆិកា>>ចុះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ការស្រមើស្រមៃតស៊ូដោយអាវុទ្ធនោះ វាហួសសម័យទៅ ហើយ ហើយសម្រាប់ពេលនេះនិងអនាគត ជម្រើសដ៏ល្អបំផុតរបស់ខ្មែរក្រោម គឺការតស៊ូមតិដោយអហឹង្សា ដោយយោងលើការទាមទារ ឱ្យរដ្ឋាភិបាលយួនទទួលគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម ដែលយួនបានចុះ ហត្ថលេខាទទួលស្គាល់សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០០៧ នោះឯង។

.