វិចារណកថា នៃវិទ្យុសំឡេងកម្ពុជាក្រោម ៖ បាប និងបុណ្យ

តាមពត៌មានវិទ្យុវៀតណាម ផ្សាយពីទីក្រុងហាណូយ ផ្សាយពីថ្ងៃទី ៧ ខែមករាថា ក្នុងរដូវចូលឆ្នាំយួន-ចិន ខាងមុខនេះ  នឹងមានប្រតិភូនៃគណកម្មការប្រជា ពលរដ្ឋយួន ពីនាយសមុទ្រមួយក្រុម ចេញពីទីក្រុង ព្រៃនគរ នៅថ្ងៃទី ៦ខែមករា ទៅប្រទេសកម្ពុជា  ដើម្បីនំាអំណោយយក ទៅចែកចាយដល់សហគម ជនជាតិយួន នៅប្រទេសកម្ពុជា។ គណប្រតិភូនេះ  នឹងធ្វើការពិនិត្យរោគដោយឥតគិតថ្លៃ  និងចែកថ្នាំ សង្កូវដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ នៅភូមិរាំងទុល ស្រុកកណ្តៀង ខេត្តពោរសាត់។

Texte alternatif

ជនជាតិវៀតណាម៣០០គ្រួសារ  និងខ្មែរ២០០គ្រួសារ  នឹងត្រូវបានទទួលអំណោយដែលមាន ម្ហូបអាហារ សៀវភៅមើល សៀវភៅសរសេរ  និងសៀវភៅប្រវត្តិសាស្ត្រផងដែរ ដែលគិតជាប្រាក់ វៀតណាមមានតម្លៃ៤០០ពាន់ដុងក្នុងមួយគ្រួសារ។ ការចំណោយក្នុងការចែកអំណោយទាំងអស់ មានតម្លៃជាទឹកប្រាក់២៣០លានដុង ដែលបានមកពីថវិការក្រុង។ ក្នុងពេលស្នាក់ នៅប្រទេសកម្ពុជា គណប្រតិភូនេះ នឹងទៅជួបស្ថានកុងស៊ុលវៀតណាម  និងសមាគមវៀតណាមពីនាយសមុទ្រ  នៅខេត្ត ពោរសាត់។ គណកម្មការប្រជាជនវៀតណាមក្រុងព្រៃនគរ បានអនុញាត្តិយល់ព្រមចំពោះផែនការរបស់ ជនជាតិវៀតណាមឯនាយសមុទ្រ ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីយួននោះរួចហើយ។ ក្រុងក៏បាន ស្នើទៅខាងចំណតអាកាសយានតាន់សុនញ៉ឹក  ដើម្បីសម្រួលដល់ការវិលត្រឡប់វិញនៃគណប្រតិភូ  និងជួយការងារក្រដាសស្នាមឱ្យបានឆាប់រហ័ស។

ចំណាប់អារម្មណ៏របស់វិទ្យុសម្លេងខ្មែរកម្ពុជាក្រោមជំពោះរឿងនេះ គឺថា ចំពោះ គណប្រតិភូយួន ហេតុអ្វីមានសិទ្ធនំាសៀវភៅគម្ពីដីការ មានទាំងសៀវភៅប្រវត្តិសាស្ត្រផង យកទៅចែក ឱ្យជនជាតិគេ នៅប្រទេសកម្ពុជា ចំណែកឯខ្មែរក្រោម ដែលគ្រាន់តែនំាយកសៀវភៅធម៌ ដែលជាសម្ភារៈ ព្រះពុទ្ធសាសនាពីប្រទេសកម្ពុជា ទៅផ្ញើបងប្អូនគ្នីគ្នា  និងប្រគេនព្រះសង្ឃតាមវត្តមួយក្បាលពីរ ក៏ត្រូវ ពួករដ្ឋអំណាចយួនឆែកឆេរឹបអូសយកគ្មានសល់? ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា មិនថាជា ជាតិខ្មែរ ឬក៏ជាជនជាតិណាៗក្នុងសាកលលោកសុទ្ធតែបានដឹងថា ព្រះពុទ្ធសាសនាគ្មានគោលដៅ អ្វីក្រៅតែពីអប់រំប្រៀនប្រដៅមនុស្សលោកជាទួទៅ ឱ្យប្រព្រឹត្តអំពើល្អតែប៉ុណ្ណោះ។ អ្នកដឹកនាំយួន គួរណាស់តែមានសេចក្តីត្រេកអរ ក្នុងការដែលខ្មែរក្រោមកំពុងរស់ នៅក្រោមការឃុំគ្រងរបស់ខ្លួននោះ ខិតខំរៀនសូត្រអប់រំខ្លួនឱ្យ បានជាប្រជាពលរដ្ឋល្អក្នុងប្រទេសរបស់ខ្លួន ចុះហេតុអ្វីបានជាមានគំនិតផ្ទុយ ពីមនុស្សលោកដ៏ទៃទៀតដូច្នេះទៅវិញ ? តើនោះមិនមានន័យថា យួនមានបំណងគុំកួនព្យាបាទបំផ្លាញ ខ្មែរដែលជាជនជាតិដើមលើដែនដីសណ្តនៃទន្លេមេគង្គ គឺកម្ពុជាក្រោម ដោយគ្រប់មធ្យោបាយទេឬអ្វី? ទង្វើនេះវាផ្ទុយស្រឡះ នឹងមាត្រា១១ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិរបស់ជន ជាតិដើម ដែលយួនជាសមាជិកអង្ការសហប្រជាជាតិព្រមព្រៀងគោរព គឺ៖
មាត្រា១១
១/ជនជាតិដើម មានសិទ្ធិប្រតិបត្តិ  និងធ្វើឲ្យរស់ឡើងវិញ នូវប្រពៃណី ទំនៀមទម្លាប់ ជាវប្បធម៌របស់ខ្លួន។ សិទ្ធិនេះ រួមមានទាំងសិទ្ធិក្នុងការថែរក្សា ការពារ  និងអភិវឌ្ឍន៍អ្វីដែល បង្ហាញអំពីអត្តសញ្ញាណ វប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន  និងអនាគត ដូចជាតំបន់បុរាណវិទ្យា  និងស្ថានីយ ប្រវត្តិសាស្រ្ត បុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា  និងសិល្បៈ ទស្សនីយភាព  និងការសំដែងសិល្បៈ  និងអក្សរសាស្រ្ត។
២/រដ្ឋទាំងឡាយ ត្រូវផ្តល់ឲ្យមានដំណោះស្រាយតាមរយៈយន្តការ មានប្រសិទ្ធិភាព ដែលរួមទាំងបដិទាន ដោយបានរៀបចំបង្កើតឡើងជាមួយជនជាតិដើម ចំពោះកម្មសិទ្ធិវប្បធម៌ កម្មសិទ្ធិបញ្ញា កម្មសិទ្ធិសាសនា កម្មសិទ្ធិជំនឿរបស់ពួកគេដែលត្រូវដកហូត ដោយគ្មានការយល់ព្រមដោយសេរី  និងដោយមិនបានប្រាប់ឲ្យដឹងជាមុន ឬដែលរំលោភ លើច្បាប់ប្រពៃណី  និងទំនៀមទម្លាប់របស់ពួកគេ។
តាមច្បាប់កម្មផលនៃព្រះពុទ្ធសាសនា គ្មានអំពើបាបឯណាដែលធ្ងន់ធ្ងរជាងអំពើរដែលយួនបាន ឃាត់ឃាំងរារាំងចំពោះមនុស្សខ្មែរដ៏ស្លូតត្រង់ ដែលខំសង្វាតរៀនសូត្រព្រះធម៌  ដើម្បីអប់រំខ្លួនឱ្យបាន ជាពលរដ្ឋល្អនោះទេ ហើយបុគ្គល ឬរដ្ឋ ដែលប្រព្រឹត្តអំពើនេះ ប្រាកដជាគេចមិនផុតពីទទួលបាបកម្ម យ៉ាងធ្ងន់ធ្ងរ នៅថ្ងៃណាមួយគេចមិនរួចឡើយ។ រីឯអ្នកដែលខំសាងនូវអំពើល្អ ទោះជាបានទទួលផល លំបាក នៅពេលនេះក្តី ក៏គង់ថ្ងៃណាមួយបានល្ហែល្ហើយរួចផុតពីក្តីទុក្ខវេទនា ហើយ នឹងបានទទួលសិទ្ធិ សេរីភាពវិញជាមិនខាន។

.