នៅថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០១១ កន្លងទៅនេះ អាជ្ញាធរនៃប្រទេសវៀតណាម បានសាកល្បងកល ល្បិចថ្មីមួយ ក្នុងការប្រមូលយកនូវបុរាណវត្ថុ ពីវត្ត អារាមនានា នៅទឹកដីកម្ពុជាក្រោម ដោយយកលេស ថា ដើម្បីដាក់តាំងឱ្យអ្នកទេសចរណ៍ បានឃើញ អំពីស្នាដៃវប្បធម៌ខ្មែរ។ ការអនុវត្តនូវលិខិត ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១១ របស់មន្ទីរកីឡា វប្បធម៌ និងទេសចរណ៍ខេត្តត្រាយិញ ដែលយួន បានប្តូរពី ឈ្មោះខ្មែរ គឺខេត្តព្រះត្រពាំង ចុះហត្ថលេខា ដោយ អនុប្រធាន ថាច់ សុខសាន្ត នៃសមាគមព្រះសង្ឃ ស្នេហាជាតិ ចំពោះគណកម្មការ ១៤១ វត្តពុទ្ធ សាសនា មហានិកាយខេត្តត្រាយិញ បានធ្វើចំពោះ វត្តខ្មែរមួយ នៅស្រុកថ្កូវ ឈ្មោះវត្តមុនីរង្សីសិរីវរារាម-ស្វាយពក ប៉ុន្តែត្រូវគ្រូចៅអធិការព្រះនាម ថាច់កឿង បានប្រកែកមិនព្រមប្រគល់ឱ្យ។ ប្រតិកម្មជំទាស់របស់ ព្រះគ្រូចៅអធិការ ថាច់ កឿងនេះ ចាត់ទុកជាវិរភាពគំរូសម្រាប់វត្តដ៏ទៃទៀត ទាំងអស់ នៃទឹកដីកម្ពុជាក្រោម ទាំងមូល។ គឺពេលនេះហើយ ដែលព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរជាទួទៅ នៅលើទឹកដីកំណើតរបស់យើង ត្រូវតែបង្ហាញ ថាយួនមិនចេះតែនឹកឃើញធ្វើអ្វីតាមតែចិត្តរបស់ខ្លួនឡើយ។ ទង្វើរបស់យួន បើយើងស្តាប់ ដោយពុំបានគិតឱ្យដិតដល់ ហាក់ដូចជាពួកគេគិតគូរខ្លាំងណាស់ ចំពោះការថែរក្សាសម្បត្តិវប្បធ៌ខ្មែរ នៅលើ ទឹកដីដែលពួកគេកំពុងកាន់កាប់។ ប៉ុន្តែបើគ្រាន់តែ គិតមួយជំហ៊ានខ្លី ថាបើយួនចង់រក្សាវប្បធ៌ កេរដំណែលខ្មែរ មែន ចុះម្តេចក៏គេចាំបាច់ប្តូរឈ្មោះខេត្តព្រះ ត្រពាំងមកជាខេត្តត្រាយិញ ? ចុះហេតុអ្វី បានជាឈ្មោះភូមិ ឃុំ ស្រុក និងខេត្តរបស់ខ្មែរទាំងអស់ ឱ្យទៅ ជាយួន? ចុះហេតុអ្វី បានពួកគេបានបង្ខំប្តូរឈ្មោះមនុស្សខ្មែរក្រោម ឱ្យទៅជាយួន ? ចុះហេតុអ្វី បានជា លោកឧកញ៉ា សឺង គុយ ចៅហ្វាយខេត្តព្រះត្រពាំងបានត្រូវយួនកាត់ក្បាល ជាថ្នូរឱ្យយួន ព្រមរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ? ចុះហេតុអ្វី បានជាយួនបានបិទមិនឱ្យខ្មែររៀនសូត្រ អក្សរខ្មែរ? ហើយនៅមានរឿងរ៉ាវច្រើនទៀត ទោះជាត្រូវរៀបរាប់ជាសៀវភៅរាប់ពាន់ទំព័រ ក៏មិនអស់ អំពីចេតនា ដ៏អាក្រក់លាមករបស់អ្នកដឹកនាំយួនចំពោះខ្មែរ គឺមិនមានអ្វីក្រៅពីការចង់រំលាយខឿនវប្បធម៌របស់ខ្មែរ ដែល ឈានទៅដល់ការរំលាយពូជសាសន៌ខ្មែរឡើយ។
រូបសំណាកព្រះវិស្ណុនោះ ដែលប្រជាពលរដ្ឋខ្មែរក្នុងភូមិជិតវត្ត បានជីកដីប្រទះឃើញ ហើយយក មកប្រគេន ព្រះគ្រូចៅអធិការ កាលពីថ្ងៃទី ៧ ខែកិម្ភៈឆ្នាំ ២០១១ មានអាយុកាលក្នុងអំឡុងសត្សរ៍ទី៧ នៃគ្រិះសករាជ។ ការប្រទះឃើញថ្មីៗនូវបុរាណវត្ថុជាស្នាដៃនៃបុព្វបុរសខ្មែរ ដែលមានរចនាបទមិនខុស ពីបុរាណវត្ថុនានា ក្នុងទឹកដីនៃរាជាណចក្រកម្ពុជាសព្វថ្ងៃនោះ កាន់តែបញ្ជាក់អំពីវប្បធម៌ និងអារិយធម៌ នៃពូជសាសន៍ខ្មែរ លាតត្រដាងលើទឹកដ៏ធំល្វឹងល្វើយលើជ្រោយសុវណ្ណភូមិ មុននឹងពួកយួនបានរុករាន ទន្ទ្រានយកពីខ្មែរ។ បុរាណវត្ថុខ្មែរដ៏ច្រើនដែលនៅកប់ក្នុងដីនៅឡើយ ពាសវាលពាសកាលនៃអតីត អាណាចក្រមហានគរខ្មែរ និងកំណាយថ្មីៗដែលប្រទះនឹងបុរាណវត្ថុទាំងនោះ កាន់តែធ្វើឱ្យយួនមានការ ខ្វល់ខ្វាយដេកមិនលក់ បក់មិន ល្ហើយ អំពីសច្ចភាពមួយដែលខ្លួនកំពុងព្យាយាមកាយលប់កប់ជាន់ បំបាំងភ្នែកសាកលលោក គឺមិនខុស ពីខំប្រឹង យកចង្អេរ ទៅបាំងសត្វដំរីមួយ ដែលកំពុងឡើងខ្លួន មិនដឹងជាចុះប្រេងនៅថ្ងៃណា។
យើងជាខ្មែរក្រោមទាំងអស់គ្នា ដែលបានទទួលជាហូហែរ នូវល្បិចល្អក្រៅខ្មៅក្នុង ដូចផ្លែល្វា របស់យួននោះ រាប់តំណត្រកូលមកហើយ មិនអាចចាញ់បោកកអ្នកដឹកនាំយួនបានទៀតទេ។ មេរៀនដ៏ជូរចត់ បានបង្រៀន យើង ឱ្យមានសេចក្តីក្លាហានហានក្នុងកិច្ចការពារ ថែរក្សាសម្បត្តិវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ របស់យើង។ ហើយកិច្ចការពារនេះ គឺឋិតនៅក្នុងក្របខណ្ឌនៃសេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ ជនជាតិដើម ដែលយួនបានចុះហត្ថលេខាទទួលស្គាល់ជាមហោ-ឡារិករួចហើយ។ មាត្រា ១១ នៃសេចក្តី ប្រកាសបានចែងថា៖
មាត្រា១១- ជនជាតិដើម មានសិទ្ធិប្រតិបត្តិ និងធ្វើឱ្យរស់ឡើងវិញ នូវប្រពៃណី ទំនៀមទម្លាប់ ជាវប្បធម៌របស់ខ្លួន។ សិទ្ធិនេះ រួមមានសិទ្ធិក្នុងការថែរក្សា ការពារ និង អភិវឌ្ឍន៍ អ្វីដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជាតំបន់បុរាណវិទ្យា និង សិល្បៈ ទស្សនីយភាព និងការសំដែងសិល្បៈ និងអក្សរសាស្ត្រ។
អ្នកដឹកនាំយួនគួរតែដឹងថា ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិនោះ យើងជាខ្មែរក្រោមចេះ ស្រឡាញ់ ហើយការពារបាន ព្រោះវត្ថុនោះជារបស់យើង ហើយក៏មានតម្លៃស្មើនឹងអាយុជីវិតរបស់យើង ដែរ ហើយយើង ក៏មិនជឿថាមានអ្នកដ៏ទៃស្រឡាញ់ និងជួយការពារបានដូចយើងឡើយ។ មិនត្រឹមតែ សម្បត្តិវប្បធម៌ប៉ុណ្ណោះទេ សូម្បីរុក្ខជាតិព្រៃព្រឹក្សា មានតែក្នុងបរិវេណមន្ទីរវត្តអារាមរបស់ខ្មែរទេ ដែល ខ្មែររក្សាបាននូវដើមឈើធំៗ យ៉ាងត្រឈឹងត្រឈៃ មានសត្វបក្សាបក្សីហ៊ានមកទំជ្រកកោនផ្ញើជីវិត យ៉ាងសុខ-សាន្ត ព្រោះសត្វបក្សីទាំងនោះ ហាក់ដូចជាបានដឹងថា មនុស្សណាជាអ្នកនាំសុខ ឬនាំទុក្ខ មកឱ្យខ្លួន។ ដូចគ្នា ខ្មែរក្រោមស្គាល់ច្បាស់ អ្នកដែលមានបំណងល្អឬមិនល្អ នាំសុខ ឬនាំទុក្ខមកឱ្យខ្អួន។ សូមសព្វសត្វ បានប្រកបទៅដោយសេចក្តី សុខស្ងប់ !៕ ដោយ៖ ស៊ឺន សម្រេច / VOKK