វាគឺជារឿងមួយ ដែលគេមិនអាចប្រកែកបដិសេធបានថា បុគ្គលណាម្នាក់ ដែលមានសមត្ថភាព គ្របគ្រាន់ មានចំណេះវិជ្ជាជ្រៅជ្រះ មានកម្លាំងពលំខ្លាំងក្លា មានសេចក្ដីអង់អាចក្លាហហាន ជាងគេឯងនោះ អាចត្រូវទទួល បាននូវតួនាទីដ៏សំខាន់មួយ ក្នុងសង្គមរបស់ខ្លួន គឺអាចមានតួនាទីជាមេដឹកនាំ។មេដឹកនាំខ្លះ បានក្លាយជាអាទិទេព (God King ) ជាមេដឹកនាំត្រូវបានគេជឿថា មានអំណាចទេព ដែលអាចប្រើកម្លាំង ទេពមកការពារអំណាចរបស់ខ្លួន មកការពារក្រុមរបស់ខ្លួន មកការពារសង្គមជាតិរបស់ខ្លួនបាន។ល។ ព្រះពុទ្ធបានសំដែងអំពីភាពមិនទៀងនៃសង្ខារធម៌ ដែលក្នុងនោះ បានរាប់បញ្ចូលទាំងខ្លួនមនុស្ស ដែលជា តួអង្គនៃអ្នកដឹកនាំនេះផងដែរ។ នៅវេលាជិតបរិនព្វាន ព្រះពុទ្ធបានមានព្រះបន្ទូល ទៅកាន់ព្រះ អានន្ទត្ថេរថា ‹‹ម្នាលអានន្ទ! បន្ទាប់ពីតថាគតបរិនិព្វានទៅហើយ ធម៌និងវិន័យដែលតថាគតសំដែងទុក មកនេះ នឹងបានជា គ្រូអាចារ្យរបស់អ្នករាល់គ្នាហើយ…ចូរអ្នកកំធ្វេសប្រហែសឱ្យសោះ›› ពុទ្ធដិការនេះបានបញ្ជាក់ប្រាប់យើងថា អ្នកដឹកនាំ(មេដឹកនាំ) ថ្វីដ្បិតតែ មានគុណសម្បត្តិវិសេសវិសាលលើសគេឯង ក្នុងក្រុម ក្នុងសង្គមនិមួយៗក៏ដោយ តែវាក៏មិនអាចឋិតនៅជាមួយក្រុម ជាមួយបក្ស ជាមួយសង្គមនោះៗ អស់កាលជានិច្ចនិរន្តរ៍នោះដែរ។ ផ្ទុយមកវិញ មានតែធម៌ គឺច្បាប់ ជាមាគ៌ានយោបាយរបស់ក្រុម របស់សង្គមនោះទេ ទើបឋិតនៅ ជាមួយនឹងសង្គមនោះៗអស់ កាលជានិច្ច។ រឿងនេះ ពិចារណាទៅឃើញថា បើយើងម្នាក់ៗធ្វេសប្រហែស បណ្តោយខ្លួនឱ្យធ្លាក់ទៅក្នុងការជឿ ការពឹងពាក់ទៅលើអំណាចទេពរបស់បុគ្គលម្នាក់ដែលជាអ្នកដឹកនាំនោះ តើយើងនឹងត្រូវទទួលផលវិបាកយ៉ាងណា កាលបើបុគ្គលនោះ មិននៅជាមួយយើងទៀតទេ? ក្នុងព្រះពុទ្ធសាសនាដដែល បើព្រះអាន្ទត្ថេរ បានធ្វេសប្រហែស (ប្រមាទ) ហើយមិនប្រឹងប្រែងដោយព្រះអង្គឯងក្នុងការប្រព្រឹត្តិប្រតិបត្តិធម៌នោះ តើព្រះអានន្ទ អាចសម្រេចគុណ វិសេស គឺចក្ខុនូវធម៌ដ៏ល្អិតសុខុមនោះបានដែរឫទេ?
ខ្មែរយើងគួរណាស់តែមានបន្ទាត់នយោបាយមួយ ដ៏ត្រឹមត្រូវសម្រាប់ប្រទេសជាតិ វាប្រសើរជាង មានមេ ដឹកនាំដ៏អស្ចារ្យម្នាក់ ព្រោះថាមេដឹកនាំល្អម្នាក់ វាមិនគ្រប់គ្រាន់ក្នុងការកសាងថែរក្សាប្រទេសជាតិឡើយ ដោយ សារមេដឹកនាំនិមួយៗ ទោះបីអស្ចារ្យដល់កំរិតណាក៏ដោយ ក៏មិនអាចគេចផុតអំពីច្បាប់ធម្មជាតិ គឺជាច្បាប់ដែល ព្រះពុទ្ធបានត្រាសហៅថា ‹‹សាមញ្ញលក្ខណធម៌ គឺអនិច្ចំ ទុក្ខំ អនត្តា›› នោះបានទេ។ ផ្ទុយមកវិញ មានតែមាគ៌ា នយោបាយការពារកសាងជាតិទេ ទើបអាចឋិតនៅជាមួយ ប្រជាជាតិខ្មែរ អស់កាលដ៏យូរអង្វែងបាន។ ពីអតីត កាល ខ្មែរយើងមានព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រ ព្រះអង្គមានមហិទ្ធិឫទ្ធិចេស្ដារបារមីខ្លាំងក្លា បានធ្វើឱ្យប្រទេសខ្មែរមានកេរ្ដិ៍ឈ្មោះបោះសម្លេងទៅគ្រប់ទិសទី បានផ្ដល់នូវសុខុមាលភាពដល់ប្រជាជាតិខ្មែរ បានធ្វើឱ្យប្រទេសជិតខាងកោតក្រែងប្រទេសជាតិខ្មែរយើង។ តែក្រោយពេលព្រះអង្គសោយទីវង្គតហើយ ភាព អស្ចារ្យរបស់ព្រះអង្គក៏ត្រូវបាត់បង់ទៅបន្តិចម្ដងៗ រហូតដល់ស្ទើរតែសាបរលាបសូន្យឈឹងពីសំបកផែនដីនេះ សូម្បីតែស្នាព្រះហស្ថដែលជាទឹកដីដ៏ធំល្វឹងល្វើយរបស់ព្រះអង្គ ក៏ត្រូវបានស្ដេចជំនាន់ក្រោយខ្លះ យកទៅដូរនឹង ល្បែងលេងកំសាន្តរបស់ខ្លួនផងដែរ។ ព្រឹត្តិការណ៍ដ៏គួរឱ្យសោកស្ដាយនេះ បើខ្មែរយើងមានបន្ទាត់នយោបាយ ការពារប្រទេស ដ៏សមស្របមួយកាលពីពេលនោះ សមខ្មែរយើងប្រហែលជាមិនធ្លាក់ខ្លួនដុនដាប់ យ៉ាបយើនដូច សព្វថ្ងៃនេះឡើយ។
យើងក្រឡេកមើលទៅបស្ចឹមប្រទេសវិញ ឃើញថាសហរដ្ឋអាមេរិកគេធ្វើបានល្អណាស់ គេមានបន្ទាត់ នយោបាយការពារកសាងជាតិមួយដ៏ត្រឹមត្រូវរបស់គេ គឺគេកសាងជាតិផ្អែកទៅលើប្រជាពលរដ្ឋជាមូលដ្ឋានគ្រឹៈ ដោយយកធម្មាធិបតេយ្យជាគោលការអនុវត្តន៍។ លទ្ធិប្រជាធិបតយ្យដែលចាប់ផ្ដើម នៅសហរដ្ឋអាមេរិក មាន ចំណុចមួយគួរឱ្យចាប់អារម្មណ៍ជាងគេនោះ គឺការលះបង់របស់អ្នកដឹកនាំ។ គេនៅចាំបានថា លោកប្រធានាធិបតី មុនគេបង្អស់នៅសហរដ្ឋអាមេរិក គឹលោក George Washington ក្រោយពីកាន់តំណែងជាប្រធានាធិបតីអស់ ពីរអាណត្តិ(៨ឆ្នាំ) លោកអាចមានលទ្ធភាពកាន់តំណែងនេះ បានមួយអាណត្តិ ឫយូរអង្វែងតទៅទៀត ដោយពុំ មានការជំទាស់ពីអ្នកណាម្នាក់ឡើយ។ តែលោកអតីត ប្រធានាធិបតីរូបនេះ មិនព្រមទទួលតំណែងធ្វើជាប្រធានា ធិបតីនៃសហរដ្ឋអាមេរិកជាលើកទីបីឡើយ ដោយយល់ថា ការឋិតនៅក្នុងតំណែងតែមួយអស់កាលដ៏យូរនោះ វានាំឱ្យមានលក្ខណៈសក្ដិភូមិ នៅក្នុងប្រទេសនេះ អ្នកមានអំណាច អាចក្លាយខ្លួនជាជនផ្ដាច់ការ ដែលជាហេតុ ធ្វើឱ្យមហាជនថ្នាក់ទាបស្រទាប់ក្រោមនៅតែជាទាសភាពដដែល អំពើអយុត្តិធម៌ក្នុងសង្គម អាចកើតមានឡើង ។ ម៉្លោះហើយ លោកប្រធានាធិបតីរូបនេះ បានព្យាយាមធ្វើឱ្យមេដឹកនាំអាចឋិតនៅក្នុងអំណាចកំពុលរបស់ប្រទេស តែក្នុងកំរិត៨ឆ្នាំប៉ុណ្ណោះ(វៀរលែងតែករណីចាំបាច់មួយចំនួន)។ គំនិតដ៏ត្រឹមត្រូវ ការលះបង់ដ៏ខ្ពង់ខ្ពស់របស់លោក ប្រធានាធិបតីនៃសហរដ្ឋអាមេរិក George Washington បានចាប់ផ្ដើមត្រួសត្រាយមាគ៌ា នយោបាយកសាង ប្រទេសជាតិប្រកបដោយធម្មាធិបតេយ្យ ដែលបានធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសប្រជាធិបតេយ្យ ប្រកបទៅ ដោយនីតិរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋអាមេរិកាំងមានសិទ្ធិសេរីភាព ប្រទេសចំរើនរុងរឿងជាលំដាប់ រហូតក្លាយជាមហា អំណាចមួយនៅលើពភពលោក ក្នុងពេលបច្ចប្បន្នកាលនេះ។
ប្រជាពលរដ្ឋអាមេរិកមានភ័ព្វវាសនាល្អជាងប្រជាជាតិខ្មែរយើង គឺគេបានទទួលពន្លឺនៃលទ្ធិប្រជាធិបតេយ្យ រហូតដល់សព្វថ្ងៃនេះ ក៏ដោយសារការលះបង់ដ៏ខ្ពង់ខ្ពស់របស់មេដឹកនាំ ដែលប្រកបទៅដោយគុណធម៌ គឺការមិន ប្រកាន់មានៈនេះឯង និងការយល់ដឹងនូវធម៌មិនទៀង ដែលព្រះពុទ្ធបានសំដែងប្រាប់ដល់បរិស័ទរបស់ព្រះអង្គ កាលពីជាងពីរពាន់ប្រាំរយឆ្នាំមុននេះ ទោះបីលោកអតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកមិនមែនជា ពុទ្ធសាសនិកជនក៏ដោយ តែការយល់ដឹងនូវគតិបណ្ឌិតរបស់លោក បានធ្វើឱ្យប្រជាពលរដ្ឋអាមេរិកទទួលបាន សេចក្ដីសុខ បានធ្វើឱ្យមហាជនក្នុងលោកកោតសរសើរនូវកេរ្ដិ៍ឈ្មោះរបស់អាមេរិក និងអ្វីដែលប្រសើរជាងគេនោះ គឺលទ្ធិប្រជាធិបតេយ្យត្រូវបានផ្សព្វផ្សាយទៅគ្រប់ទិសទីនៅលើសាកលលោកនេះ៕
ដោយ៖ ថាច់ សាវ៉ាន់