ដោយ៖ ថាច់ សាវ៉ាន់
ប្រាកដណាស់ នៅលើលោកនេះ ធម្មជាតិទាំងឡាយសុទ្ធតែ ត្រូវបានប្រព្រឹត្តទៅជាគូនឹងគ្នា។ បើមិនមានខ្មៅទេ យើងមិនអាចរកឃើញសបានឡើយ។ដូច្នេះ ដើម្បីឱ្យមើលឃើញថាមានថ្មីនោះ យើងត្រូវតែពិនិត្យមើល នូវរឿងចាស់ ទោះបីក្នុងធម្មៈ ព្រះពុទ្ធបានចាត់ទុកថា វាជាសម្មតិធម៌ក៏ដោយ តែវាក៏គឺជាកញ្ចក់មួយ សម្រប់ផ្ដល់នូវផលនៃការប្រៀបធៀប ថា‹‹ចាស់ឬថ្មី››នេះបានខ្លះដែរ។
ការជឿនលឿនរបស់មនុស្សជាតិនៅលើពិភពលោក មានល្បឿនដ៏លឿន គួរឱ្យក្រពុលមុខ។ចាប់ផ្ដើមមនុស្សដើរដោយជើងពីរ រួចចេះដាប់ ចាំងដុំថ្ម ធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗ ដូចជាកាំបិត ដឹង ប៉ូវថាវជាដើម ។ការដែលមនុស្ស ចេះប្រើប្រាស់បញ្ញាញាណ ធ្វើឱ្យកើតជារបស់ប្រើប្រាស់ទំនើបនេះ ក៏មិនមែនគឺអ្វីក្រៅពីបំណង កាត់បន្ថយនូវភាពលំបាក ក្នុងដំណើរជីវិតនោះឡើយ។ការចំរើនរបស់មនុស្សមិនបាននៅនឹងតែមួយកន្លែង ពោលគឺការរីកចំរើននេះ បាននាំមនុស្សឱ្យឈានដល់ការចេះរំលាយដុំលោហធាតុ មកធ្វើជាឧបករណ៍ប្រើប្រាស់ឱ្យកាន់តែទំនើបឡើងៗជានិច្ចនិរន្តរ៍។ការអភិវឌ្ឍន៍របស់មនុស្សជាតិ បានឈានដល់កំរិតមួយដ៏គួរឱ្យកត់សម្គាល់ នៅពេល ដែលមនុស្សបានរកឃើញវិធី យកចំហាយទឹកមកប្រើជាឋាមពលអូសទាញ។ ពេលនោះ គេបានធ្វើឱ្យរោងចក្រ សហគ្រាស កាន់តែមានមធ្យោបាយផលិតទំនើបជាប្រចាំ។រហូតដល់ចុងសតវត្សរ៍ទីម្ភៃ មនុស្សបានរកឃើញមាស៊ីនបញ្ជាដោយកំព្យូធ័រ ។ ហើយក្នុងសហសវត្សរ៍ទីពីរនេះ ដោយអន្តរបណ្ដាញ(www.) បាននាំមនុស្សឱ្យទៅដល់គ្រប់ច្រករហក ដែលត្រូវប្រើពេលតែក្នុងរយៈកាលវិនាទីប៉ុណ្ណោះ។ការចំរើនខាងផ្នែកកំពយូធ័រ បានជួយដល់បណ្ដារោងចក្រឱ្យមានមធ្យោបាយផលិតថ្មី បានធ្វើឱ្យមានផលិតផលច្រើន ដោយប្រើកម្លាំងពលកម្មតិច។ទន្ទឹមនឹងផលដ៏គួរឱ្យសប្បាយរីករាយនោះ សង្គមមនុស្សក៏ត្រូវរងនូវផលជាអវិជ្ជមាន ដែលគួរព្រួយបារម្ភផងដែរ គឺមានកម្លាំងពលកម្មជាច្រើនត្រូវបាននៅសល់ គឺជាកម្លាំងដែលម្ចាស់ក្រុមហ៊ុនឬម្ចាស់សហគ្រាស គេមិនប្រើប្រាស់ដល់(laid off) ផលិតផលជាច្រើននៅសេសសល់(អតិផរណា)។ម្ចាស់ផលិតផល ចាំបាច់ត្រូវតែស្វែងរកទីផ្សារថ្មីទៀត ដើម្បីលក់ដូរផលិតផលរបស់ខ្លួន ហើយចំនួនមនុស្សដែលមិនមានការងារធ្វើ ក៏ជាកង្វល់មួយរបស់អ្នកដឹកនាំប្រទេសផងដែរ។
ថ្មីៗនេះ យើងបានឮគេនិយាយអំពីលោកភាវូបនីយកម្ម(Globalization )តើលោកភាវូបនីយកម្មនេះ គេធ្វើយ៉ាងម៉េច?ខ្មែរយើងបានត្រៀមខ្លួន ដើម្បីចូលរួមនឹងការអភិវឌ្ឍន៍នេះហើយឬនៅ?
លោកភាវូបនីយកម្ម តាមពិនិត្យមើលក្នុងរយៈកាលប៉ុន្មានឆ្នាំ នៅដើមសតវត្សរ៍ទីម្ភៃមួយនេះ ឃើញថា គេពុំសូវចាប់អារម្មណ៍ពីរឿងភូមិសាស្ត្រប៉ុន្មានឡើយ ពោលគឺគេមិនបានគិតដល់ការរំលាយព្រំដែនរបស់ប្រទេសនិមួយៗ ដែលជាសមាជិករបស់ពិភពលោកនោះទេ ដូចយើងបានឃើញមានប្រទេសខ្លះ ដែលកំពុងតែជំរុញឱ្យមានការបោះបង្គោលព្រំដែន ឱ្យបានប្រកដប្រជានោះ។ដូច្នេះ លោកភាវូបនីយកម្មនេះ ប្រាកដជាដៅទៅលើសេដ្ឋកិច្ចនិងវប្បធម៌នេះតែម្ដង។
សព្វថ្ងៃនេះ មានប្រទេសជាច្រើនបានសហការគ្នាខាងវិស័យទាំងពីរនេះ យ៉ាងជិតស្និទ្ធជាទីបំផុត បានចុះកិច្ចព្រមព្រៀងនានា ដើម្បីផ្លាស់ប្ដូរមធ្យោបាយផលិត និងមធ្យោបាយចែកចាយផលិតផល។ករណីដែលគេដោះដូរគ្នានេះ ត្រូវបានសួរថា តើវាអាចមានតុល្យភាពដែរឬទេ? តាមធម្មតាវាមិនមានតុល្យភាពឡើយ។អតុល្យភាពនេះ វាឋិតនៅលើកត្តាផ្សេងៗជាច្រើន តែកត្តាដែលលេចធ្លោជាងគេនោះ គឺវិស័យសមត្ថភាពកម្លាំងពលកម្មរបស់ប្រទេសនិមួយៗនេះឯង។ដូចបានជំរាបខាងលើមកហើយថា សម័យនេះជាសម័យឋាមពលកំព្យូធ័រ។សមត្ថភាពនៃចំណេះទូទៅ ជាពិសេសចំណេះវិជ្ជាខាងវិទ្យាសាស្ត្របច្ចេកទ្ទេស គឺជាកម្លាំងផលិតដ៏សំខាន់ក្នុងសម័យនេះ បើប្រទេស ណាមួយមិនរៀបចំឱ្យមានចំណេះវិជ្ជាខាងវិស័យនេះ ឱ្យបានទាន់ពេលវេលាទេ កម្លាំងពលកម្មនៃប្រទេសនោះនឹងត្រូវនៅសល់ ព្រោះពលករខ្វះសមត្ថភាព។
ការសហប្រតិបត្តិការខាងវិស័យសេដ្ឋកិច្ច អាចបណ្ដាលឱ្យមានភាពអន្ដោបវេសន៍ នៃបណ្ដាប្រជាជាតិផ្សេងៗគ្នាក្នុងប្រទេសនិមួយៗ ។ការធ្វើអន្ដោបវេសន៍នៃប្រជាជាតិ ពីប្រទេសមួយទៅប្រទេសមួយនេះ បាននាំចូលមកកាន់ប្រទេសថ្មី នូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនជាមួយផងដែរ ហើយការនេះ វាអាចបណ្ដាលឱ្យមានផលប៉ះពាល់ ដល់វិស័យវប្បធម៌នោះផង។ភាពទីទៃពីគ្នាខាងវិស័យវប្បធម៌នេះ ក៏ជាដើមចមនាំឱ្យមានអស្ថេរភាពសង្គមផងដែរ ឧទាហរណ៍នៅកម្ពុជាក្រោម ប្រវត្តិសាស្ដ្របានបញ្ជាក់ថា ចិត្តសប្បុរសរបស់ខ្មែរទាំងស្ដេចទាំងមន្ត្រី(ស្ដេចបានបញ្ជាទៅមន្ត្រីគយ មិនឱ្យយកពន្ធដារពីជនអន្តោបវេសន៍យួន តាមការទូលសុំរបស់មហេសីរបស់ព្រះអង្គ) បានបណ្ដាលឱ្យមានជនអន្ដោបវេសន៍យួន ហូរចូលមកប្រទេសខ្មែរជាហូរហែ ដោយដើមឡើយក្រាន់តែមានពពួក ខ្ញុំកំដររបស់ព្រះនាងង៉ុកវ៉ានជាមហេសីរបស់ស្ដេចជ័យជេដ្ឋាទីពីរ ដែលតាមហែរព្រះនាងចូលមកប្រទេសខ្មែរយើង ក្រោយពេលដែលព្រះនាងបានរៀបការជាមួយស្ដេចជ័យជេដ្ឋាទីពីររួចមក។ខាងក្រោយមក ង្វៀន អាញ(Nguyen Anh)តំណក្រោយរបស់ង្វៀន ហ្វាង(Nguyen Hoang)នៅពេលដែលធ្វើកលយុទ្ធជាមួយពួកតៃសឺន ក៏បានមកសុំជ្រកកោននៅឯកោះត្រឡាច និងដែនដីកម្ពុជាក្រោមម្ដុំខែត្រព្រះត្រពាំងនេះផងដែរ។នៅទីបំផុត ជនអន្ដោបវេសន៏យួនដ៏ច្រើនលើសលុប បានធ្វើឱ្យមហាណាច័ក្រខ្មែរមួយភាគធំ ក្លាយជាដែនដីកម្ពុជាក្រោម ជាដែនដីដែលក្នុងបច្ចុប្បន្ននេះ ជនបរទេសគេស្គាល់ថាប្រទេសយៀតណាម ឫយៀតណាមខាងត្បូង( កាលដែលយៀតណាមត្រូវបានបែងចែកជាពីរ តាមកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ១៩៥៤) ទោះបីនៅលើទឹកដីនេះ នៅមានខ្មែររាប់លាននាក់កំពុងតែរស់នៅ ហើយមានវត្តអារាមខ្មែររាប់រយ ដែលជាទីបួសរៀន និងជាទីរក្សាទុក ជាទីផ្សព្វផ្សាយទំនៀមទម្លាប់ប្រពៃណីដែលជាគ្រឿងសម្គាល់នៃប្រជាជាតិខ្មែរក៏ដោយ ។ពោលគឺ ទោះបីយើងជាខ្មែរ កំពុងតែរស់នៅ ក្នុងប្រទេសរបស់យើងក៏ដោយ តែថាបើវប្បធម៌អារ្យធម៌របស់យើង ធ្លាក់ចុះកាន់ភាពទន់ខ្សោយហើយ វានឹងត្រូវវប្បធម៌មួយទៀតមកគ្របលុបលើ ពេលនោះពុំមាននរណាគេស្គាល់ថាយើងជាខ្មែរទៀតឡើយ។
ដូច្នេះក្នុងឆ្នាំថ្មីគំនិតថ្មីនេះ ខ្មែរយើងគួរតែមើលឱ្យឃើញច្បាស់ថា ជាតិយើងមានផលវិបត្តិយ៉ាងណា យើងគួរដោះស្រាយតាមបែបណា យើងត្រូវធ្វើអ្វីខ្លះ ដើម្បីរួមចំណែកក្នុងការក្សាជាតិ ឱ្យនៅមានជីវិតប្រព្រិត្តទៅតាមការវិវត្តន៍របស់ពិភពលោកនេះ។កិច្ចការទាំងអស់នេះ ភាគច្រើនគឺពឹងទៅលើបញ្ញវ័ន្ដខ្មែរ ជាអ្នកមានបញ្ញា ព្រោះថាបញ្ញានេះ អាចចាត់ទុកថាជាភ្នែក មើលឃើញសព្វសារពើ(បញ្ញាចក្ខុ)។បើអស់លោកអ្នកមានបញ្ញា មានសញ្ញាប័ត្រជាបណ្ឌិត( Ph.D.)ជាអាចារ្យមហាខាងសាសនា ដែលមិនត្រឹមតែបួសប្រតិបត្តិធម៌វិន័យនោះទេ តែព្រះអង្គធ្លាប់តែយកចិត្តទុកដាក់ក្នុងការរក្សាជាតិ ខាងវិស័យវប្បធម៌នេះផងដែរ ហើយជាពិសេសគឺអ្នកដឹកនាំសង្គម ត្រូវតែរើសរកវិធានការដ៏ល្អមួយ ដើម្បីជួយដល់ប្រជាជាតិខ្មែរយើង ព្រោះថាប្រជាជាតិខ្មែរក្រីក្រល្ងិតល្ងង់មិនមានឱកាសបានរៀនសូត្រនោះ លោកពឹងទៅលើអស់លោកហើយ។បើមិនដូច្នោះទេ ប្រជាជាតិយើងនឹងស្លាប់គឺស្លាប់គំនិតមិនខានឡើយ៕
ថ្ងៃទី១៧មករាឆ្នាំ ២០១៣