ដោយ៖ សឺង សម្រេច/VOKK
ពិភពលោកចាប់ផ្តើមឆ្នាំ២០១៣បាន១៥ថ្ងៃហើយ។ ទោះជាមនុស្សម្នាក្នុងសកលលោកបាន ឬមិនបានស្វាគមន៍ ចាប់ផ្តើមឬមិនចាប់ផ្តើមឆ្នាំថ្មី ព្រះសុរិយាក៏នៅតែរះនៅពេលអរុណ្ណោទ័យ ហើយ នឹងលិចទៅវិញនៅបច្ចុសម័យ។ នេះជាដំណើរទៀងទាត់មួយ ដែលរុញសត្តនិករក្នុងចក្រវាឡ ថាឲ្យត្រូវតែទទួលយក ដោយគ្មានជម្រើសឡើយ។ ក្នុងបរិយាកាសដែលគ្មានអ្វីជាទៀងទាត់នេះ វាសនារបស់មនុស្ស ម្នាក់ៗ នាថ្ងៃនេះ គឺជាផលនៃអ្វី ដែលគេបានគិតគូរ និងបានធ្វើពីថ្ងៃ-ខែ-ឆ្នាំមុនៗ លើកលែងតែភាពចៃដន្យ ខ្លះៗដែលកើតឡើងជាយថាហេតុ តែប៉ុណ្ណោះ។
ជាទ្រិស្តីសកលមួយបានចែងថា ប្រសិនបើយើងធ្វើអ្វីៗដដែលៗ យើងនឹងបានទទួលលទ្ធផល ដដែល។ បើតាមការសង្កេតនិងបទពិសោធន៍នៃជីវិត ការដែលយើងម្នាក់ៗចង់បានអ្វីមួយ នោះហៅថា “ចំណង់ចង់បាន”។ ក្នុងបរិបថនៃចំណង់នេះ ទ្រិស្តីពីរមានលក្ខណ: គួរពិចារណា៖ មតិមួយយល់ថា ចំណង់មនុស្សគ្មានព្រំដែនទេ។ ដរាបណាយើងកំរើកខ្លួន គឺចង់ធ្វើអ្វីមួយ ចង់បានអ្វីមួយ។ ចង់បានអ្វី មួយ គឺមានកង្វល់ក្នុងចិត្ត។ មតិដដែលយល់ថា យើងគួរតែចេះសប្បាយរីករាយជាមួយនឹងអ្វីដែលយើង មានមកហើយ ជាជាងចេះតែចង់បានគ្មានព្រំដែនកំណត់ ដែលនាំឲ្យមានកង្វល់ខ្វល់ខ្វាយមិនចេះចប់ មិនចេះហើយ។ ចំណែកមតិ មួយទៀតថា មនុស្សដែលអស់ចំណង់ គឺប្រៀបបានទៅនឹងមនុស្សស្លាប់ គ្មានការរីកចំរើនទេ។ យើងត្រូវតែ មានការស្រមៃ មានសុបិនថ្មីៗជានិច្ច។
យើងខ្ញុំសូមទុករឿង “ចង់” ឬ “មិនចង់” នេះ ជូនលោកអ្នកពិចារណាចុះ ព្រោះមនុស្សម្នាក់ៗ មានជីវិតមួយ សម្រាប់រស់នៅតាមរបៀបរបស់ខ្លួន។
ប៉ុន្តែសម្រាប់យើងជាខ្មែរក្រោម ដែលភព្វវាសនាមិនល្អ បានរុញឲ្យយើងទៅរស់នៅក្រោមនឹមត្រួតត្រារបស់ប្រទេសវៀតណាម បើយើងមិនចង់ ឬមិនធ្វើអ្វីមួយទេ គឺគេចមិនផុតពីស្លាប់ផុតពូជខ្មែរ ឡើយ។ លោកអ្នកបានជ្រាបហើយ ប្រវត្តិសាស្ត្រក៏ដូចជាព្រឹត្តិការណ៍បច្ចុប្បន្នដែលកើតឡើង នឹងបន្ត កើតឡើងទៅអនាគត បានបង្រៀនយើងអំពីទឹកដីខ្មែរបានបាត់បង់យ៉ាងច្រើន ហើយក៏មានសញ្ញាថា ទោះជាប្រទេសជិតខាងបានបង្ហាញភាពញញឹមស្និទ្ធស្នាល ក្នុងនាមមិត្តភាពល្អូកល្អឺននាពេលលនេះក្តី ក៏គឺជាញញឹមក្នុងផលប្រយោជន៍របស់គេ ដែលជានិច្ចជាកាល ជាការខូចខាបាត់បង់របស់ខ្មែរ។ ហើយ ការរួញតូចនៃមាតុភូមិជាទីស្នេហានោះ ក៏មិនប្រាកដជាឈប់ត្រឹមនេះដែរ។ ពិតមែនហើយ ឈាមដែលរត់នៅក្នុងសរសៃខ្មែរនៅកម្ពុជាក្រោម និងខ្មែរនៅកម្ពុជា គឺជាឈាមខ្មែរតែមួយ។ ប៉ុន្តែរឿងសុខទុក្ខ របស់ប្រជាពលរដ្ឋខ្មែរនៅកម្ពុជា និងសុខទុក្ខរបស់ខ្មែរនៅកម្ពុជាប្រជាពលរដ្ឋខ្មែរក្រោម គឺមិនដូចគ្នាទេ។ ខ្មែរក្រោមដែលត្រូវរស់នៅក្នុងការឃុំគ្រងរបស់បរទេសយួន ប្រៀបបានទៅនឹងសម្បុកឥតមេបា ឬក៏ជា”កូនមាន់” ដែលមានមេជា ”មេទា” ។ ភាពខុសគ្នានៅត្រង់ថា ទោះជា “មេទា” ក្រាបច្រឡំពង ឬបណ្តើរ ច្រឡំកូន ក៏វានៅចេះស្រឡាញ់ និងការពារកូនរបស់វាដែរ។ ចំណែកគោលបំណងរបស់យួនចំពោះខ្មែរ ឬខ្មែរក្រោម ដែលថាស្មោះឬមិនស្មោះនោះ គឺជារឿងគួរពិចារណា ។ រឿងមិត្តភាពរវាងព្រះរាជា ណាចក្រកម្ពុជាជាមួយប្រទេសវៀតណាម ជារឿងមួយដោយឡែក។ រឿងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាឈឺឆ្អាល ឬមិនឈឺឆ្អាលចំពោះសុខទុក្ខរបស់ខ្មែរក្រោម ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅកម្ពុជាក្រោម ជារឿងមួយទៀត។ ប៉ុន្តែបើនិយាយ ពីខ្មែរក្រោមនៅលើអតីតដែនដីអាណាចក្រ កម្ពុជា គឺកម្ពុជាក្រោម ដែលនៅក្នុងកណ្តាប់ដៃយួនកាន់កាប់ ដោយយោងទៅលើសញ្ញាទាំងឡាយ ដែលរដ្ឋាភិបាលវៀតណាមបានធ្វើពីអតីតកាល និងកំពុងតែអនុវត្តន៍នាពេលនេះ បានជម្រុញឲ្យយល់ ថា បើខ្មែរក្រោមមិនស្រុះស្រួលមូលមតិគ្នាក្នុងការការពារអត្តសញ្ញាណ របស់ខ្លួនទេ ពូជខ្មែរនៅលើទឹកដី កេរដូនតាមហានគរនេះ អាចនឹងឈានដល់ការវិនាសសាបសូន្យ មិនខានឡើយ។
បានន័យថា អ្វីដែលខ្មែរក្រោមធ្លាប់តែមានមកនោះ បានបាត់បង់ទៅហើយ។ ហើយចង់ ឬមិន ចង់ យើងទាំងអស់គ្នា ជាខ្មែរក្រោមម្នាក់ៗ ត្រូវតែធ្វើអ្វីមួយ ក្នុងគោលដៅរួមមួយ ជាមួយគ្នា។
គ្មានអ្វីដែលយឺតយ៉ាវសម្រាប់យើងទាំងអស់គ្នាឡើយ។ ឆ្នាំ២០១៣ ក៏ដូចជាឆ្នាំដ៏ទៃទៀត ដែល នឹងមកដល់ ផ្លូវដែលយើងទាំងអស់គ្នាត្រូវដើរ ក្រោមឆ័ត្រសហព័ន្ធខ្មែរកម្ពុជាក្រោម ជាជម្រើសដ៏ត្រឹម ត្រូវតែមួយគត់ ដែលស្របច្បាប់អន្តរជាតិ។ ការចោទប្រកាន់ពីសំណាក់ប្រទេសវៀតណាម ដែលថា យើងជាក្រុមមានបំណងបំបែកទឹកដីនោះ គ្រាន់តែជាលេសមួយមិនសមហេតុផល ដើម្បីបង្អាក់ដំណើរ តស៊ូមតិដោយសន្តិភាពរបស់យើងតែប៉ុណ្ណោះ។ យើងជាខ្មែរក្រោមទាំងអស់គ្នា ត្រូវតែមានជំហ៊ររឹងពឹង ដូចថ្មភ្នំដែលមិនអាចរង្គើរបានដោយសារខ្យល់ព្យុះសង្ឃរាបោកបក់ឡើយ។ ទោះជាយឺតឬលឿន ជំហ៊ានរបស់យើង ត្រូវតែបោះទៅមុខជានិច្ច។ សុភាសិតបារាំងមួយបានពោលថា Qui n’ avance pas recule បានន័យថា “ អ្នកមិនទៅមុខ គឺថយក្រោយ “។ សុភាសិតបារាំងមួយទៀត ក៏បានចែងថា “ Qui va lent, va loin” បានន័យថា “ អ្នកទៅមុខដោយយឺតៗ ទៅបានឆ្ងាយ “។ សម្រាប់ខ្មែរក្រោម “ នៅស្ងៀម គឺស្លាប់” ។ លង់លក់ដោយសារសំឡេង “យក្សក្លែងខ្លួន” ច្រៀបបំពេរ គឺប្រាកដជាមាន គ្រោះថ្នាក់ដល់ជីវិត។
ឆ្នាំថ្មី គំនិតថ្មី។ ខ្មែរក្រោមម្នាក់ៗត្រូវតែមានគំនិតថា ខ្លួនត្រូវតែជាចំណែកមួយនៃការតស៊ូជា ប្រវត្តិសាស្ត្រនេះ ហើយសំខាន់បំផុត ត្រូវតែមានចិត្តខន្តីអត់ធ្មត់ កុំចង់បានអ្វីតាមបំណង ដោយឆាប់ រហ័សពេក។ ខាងក្រោមនេះ ជាមេរៀនខន្តីធម៌ របស់លោក ព្រៃយិន អាដាម៖ Apply discipline to your thoughts when they become anxious over the outcome of a goal. Impatience breeds anxiety, fear, discouragement and failure. Patience creates confidence, decisiveness, and a rational outlook, which eventually leads to success. Brian Adams។ មានន័យថា: “ យកវិន័យទៅអនុវត្តន៍ជាមួយការ នឹកគិតរបស់អ្នក នៅពេលដែលវាទៅជាមានការថប់ បារម្ភ ចំពោះផលដែលចេញមកពីគោលដៅមួយ។ ការគ្មានអំណត់ បង្កើតការថប់បារម្ភ ការរារែកមិន ដាច់ស្រេច ការភ័យខ្លាច ក្តីអស់សង្ឃឹម និងបរាជ័យ។ ក្តីអំណត់បង្កើតទំនុកទុកចិត្ត ការសម្រេចចិត្ត និងទស្សនវិស័យប្រកបដោយវិចារណញ្ញាណ ដែលតែងនាំទៅរកជោគជ័យ “ ។
ងាកទៅពិចារណាពីការពេញចិត្តរីករាយជាមួយនឹង “អ្វីដែលយើងមានហើយ” ខ្ញុំសូមរំលឹកនូវ សំដីរបស់ខ្មែរក្រោមម្នាក់មកពីផ្នោរដូង ខេត្តព្រះត្រពាំង កម្ពុជាក្រោម ដែលវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើកាលពីដើមខែមករាឆ្នាំ២០១៣ លោក ថាច់ សឺង បាននិយាយយ៉ាងដូច្នេះ “ ប្រសិនបើគ្មាន សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើសកម្មភាពទេ ពួកវា(យួន)ច្របាច់យើង(ខ្មែរក្រោម)ខ្ទេចដូចម្សៅ !” ។ ពាក្យ មួយឃ្លានេះ មានន័យគ្រប់គ្រាន់សម្រាប់លើកទឹកចិត្ត ចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម តាំងពីថ្នាក់ ដឹកនាំ រហូតដល់សមាជិក-សមាជិកា និងអ្នកគាំទ្រទាំងអស់ ចំពោះសកម្មភាពដែលបានបំពេញ ក្នុង កាលកន្លងមក។ យើងទាំងអស់គ្នាជាខ្មែរក្រោមក៏បានទទួលស្គាល់ថា ជាប្រវត្តិសាស្ត្រ មានការក្រោក ឡើងតស៊ូជាច្រើនដំណាក់កាល ប៉ុន្តែកំណត់ជាការតស៊ូមតិថ្នាក់អន្តរជាតិ ពុំមានដូចពេលនេះឡើយ។
ជយោ ដំណើរតស៊ូត្រូវទិស របស់ខ្មែរកម្ពុជាក្រោម !
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣