វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ “ពេក”

នៅពេល ដែលយើងអានប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជា ទោះជាចងក្រង ដោយជនជាតិខ្មែរខ្លួនឯង ឬដោយអ្នកនិពន្ធបរទេស យើងតែងចាប់អារម្មណ៍ ចំពោះប្រវត្តិដ៏រុងរឿងរបស់ចក្រភពកម្ពុជា ពីចន្លោះ សតវត្សរ៍ ទី៩ ដល់សតវត្សរ៍ទី១៥។ បន្ទាប់ពីនោះមក ប្រវត្តិសាស្ត្របានចារចែងអំពីសម័យខ្មៅងងិត ការចាក ចោលទីក្រុង អង្គរគឺជាដំណើរព្រាត់ប្រាសនិរាស ភាពសុខដុម សូម្បីរហូតមកដល់ពេលនេះហើយ ក៏ខ្មែរ មិនទាន់ប្រាកដជាកំពុង ឈរនៅលើដីរឹងមាំទាំល្អ នៅឡើយទេ។ ដោយខែមេសា ជារដូវកាល ដែលពួក អង្គការខ្មែរក្រហម មានមេដឹកនាំឈ្មោះ ប៉ុល ពត បានប្រសិទ្ធិនាម ថាជាទិវាជោគជ័យប្រវត្តិសាស្ត្ររបស់ពួកគេ រួចហើយអង្គការដ៏អាថ៌កំបាំងនេះ ក៏បានប្រកាស បើកវគ្គស្ថាបនាប្រទេសកម្ពុជាជាថ្មី តាមរបៀបកុម្មុយនិស្តបែបក្តីស្រម័យរបស់ខ្មែរផ្ទាល់។ នៅក្នុងផែនការនេះ ពួកខ្មែរក្រហម បានយកគម្រូពីរចនាសម្ព័ន្ធទំនប់ប្រឡាយបង្ហូរស្រោចស្រប់ទឹក ដែលដូនតាខ្លួនសម័យអង្គរ ដ៏រុង រឿងនោះ មកអនុវត្ត។

ប៉ុន្តែបើតាមពាក្យពេចន៍ក្នុងចម្រៀងគោរពទង់ជាតិរបស់របបនេះ គឺពួកគេមិនត្រឹម តែធ្វើការកសាង ឱ្យបានដូច សម័យអង្គរប៉ុណ្ណោះទេ គឺធ្វើឱ្យបានលើសពីសម័យអង្គរទៅទៀត។ ក្នុងផែនការនេះ ពួកខ្មែរក្រហម បានប្តេជ្ញា យ៉ាងច្បាស់លាស់ថា ទោះជាប្រជាពលរដ្ឋខ្មែរដែលជាពលករកំណែនត្រូវស្លាប់ប៉ុន្មាន នោះគឺមិនជារឿង សំខាន់ទេ នៅតាមសមរភូមិការងារខ្លះ ចំនួនអ្នកស្លាប់មានកាន់តែច្រើន កាន់តែធ្វើឱ្យប្រធានការដ្ឋានមានមោទនភាព ទៀត ផង ព្រោះនោះជាការបញ្ជាក់អំពីស្នាដៃដឹកនាំរបស់គេក្តៅគគុក លើសទីកន្លែងដ៏ទៃទៀត។ ពួកគេបានប្រើពាក្យ ថា’’ មិនមែនបរិមាណទេដែលសំខាន់ តែគឺគុណភាព អង្គការត្រូវចម្រាញ់យកតែអង្ករដើម’’។ ការប្តេជ្ញាធ្វើឱ្យ សម្រេចបានលើសពីសម័យអង្គរនេះ បានបង្ហាញពីមោទនភាពរបស់ពួកខ្មែរក្រហម ដែល ’’ហួសហេតុពេក’’ អំពីធម្មជាតិពិតប្រាកដរបស់គេ ហើយអាចជាការប្រនាថមើលងាយចំពោះបុព្វការីជនខ្លួនឯង សម័យអង្គរ ក៏ថាបាន។

ក្នុងនាមជាខ្មែរដែលតែងគិតពីវាសនាស្រុកទេស ពេលឃើញពួកខ្មែរក្រហមលើកយកកិច្ចស្ថាបនាជាតិ របៀបសម័យអង្គរមកអនុវត្ត យើងគួរណាស់តែមានមោទនភាព ព្រោះវាជាការដឹកនាំដ៏ភ្ញាក់រលឹកមួយ បន្ទាប់ពី បានឆ្លងកាត់ទុក្ខសោកសង្គ្រាមដ៏ស្លុតសន្ធត់ ដែលមុនដំបូងផ្តើមមកពីពួកយៀកកុងវាយលុកចូលស្រុកខ្មែរ ហើយ បានប្តូររូបទៅជាសង្គ្រាមរវាងខ្មែរនឹងខ្មែរគ្នាឯង។ សង្គ្រាមនោះដែរ ក៏បានបង្កើតនូវអំពើពុករលួយពេញប្រទេស គួរឱ្យស្អប់ខ្ពើមនឿយណាយក្រៃ’’ពេកណាស់’’។ ដោយសារការនឿយណាយនឹងសង្គ្រាម និងអំពើពុករលួយ នោះឯងហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយភាគធំ បានទទួលអបអររចំពោះពួកខ្មែរក្រហមដោយភាន់ច្រឡំ នឹកថាស្រុកយើងនឹងបានសាន្តត្រាន អំពើពុករលួយត្រូវបញ្ចប់ដោយការដឹកនាំស្អាតស្អំនិងមានយុត្តិធម៌។ ប៉ុន្តែ បើតាមបទពិសោធន៍ឆ្លងកាត់ផ្ទាល់ ពួកខ្មែរក្រហមពុករលួយលើសរបបណាទាំងអស់ តាំងពីការបរិភោគ រហូតដល់ការជិះជាន់ពលកម្មការងារ។ ពួកវាទុកប្រជាពលរដ្ឋជាឈ្លើយសឹក ធ្វើការបំរើពួកវាដាច់ថ្លៃតែប៉ុណ្ណោះ។ ទោះជាបើតាមចម្លើយថ្មីៗរបស់ពួកនេះ ក្នុងសាលាក្តីខ្មែរក្រហម បានអាស់អាងអំពីការរើបំរះរបស់បក្សកុម្មុយនិស្ត ខ្មែរ ពីការគ្រប់គ្រងរបស់កុម្មុយនិស្តយួន-ឥណ្ឌូចិន ដើម្បីបង្ហាញពីស្មារតីជាតិនិយម ក៏ទឡ្ហីករណ៍នេះមិនអាច ទូទាត់ជាមួយវិនាសកម្មដែលកើតឡើងដោយសារស្នាដៃរបស់ពួកនេះបានដែរ។ អ្វីដែលពួកទមិឡនេះបានអនុវត្ត ដែលគួរឱ្យកត់សំគាល់ ក្រៅពីការកាប់សម្លាប់ គឺការបង្ខិបង្ខំឱ្យប្រជាពលរដ្ឋធ្វើការងារពលកម្មធ្ងន់ធ្ងរ’’ហួសហេតុ’’ ទាំងថ្ងៃយប់ ដោយគ្មានចំណីអាហារ និងសេវ៉ាសុខភាពគ្រប់គ្រាន់ ធ្វើឱ្យស្លាប់មនុស្សជាច្រើនលាននាក់។ ការ អនុវត្ត’’តឹងពេក’’ របស់ពួកនេះ គឺតឹងគ្មានស្រាកស្រាន្ត តឹងទាល់តែដាច់ប៉ិតតែម្តង។ សូម្បីតែក្នុងចម្រៀង គោរពទង់ជាតិរបស់របបនេះ ក៏ឃើញថា បទភ្លេងមានខ្យល់កាន់តែឡើងខ្ពស់ តឹងឡើង តឹងឡើង ដល់ចុងបញ្ចប់ ដែលមានន័យ’មហាលោតផ្លោះ មហាអស្ចារ្យ…​’’ នោះគឺ’’តឹងពេក’’ ទាល់តែដាច់ប៉ិតស្ងាត់ឈឹងតែម្តង។

មជ្ឈិមប្បដិបទា ជាភាសាធម៌ ដែលតាមការបកស្រាយក្នុងវចនានុក្រមខ្មែរ ចងក្រងដោយសម្តេច ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ គឺសេចក្តីប្រតិប័ទជាកណ្តាល គឺប្រតិប័ទតាមដំណើរអដ្ខង្គិគមគ្គ ជាចន្លោះកណ្តាលនៃ សេចក្តីប្រតិប័ទតឹងពេកនិងធូរពេក។

ក្នុងដំណើរស្វែងរកការត្រាស់ដឹង មានពេលមួយនោះព្រះសមណគោត្តមបានអត់ចង្ហាន់លុះត្រា នៅសល់តែ ស្បែកដណ្ដប់ឆ្អឹង ដោយតាំងព្រះទ័យថា ប្រសិនបើមិនបានត្រាស់ដឹងទេ ព្រះអង្គនឹងមិនរើកំរើក ព្រះកាយចេញពី ព្រះព្នែន ដែលទ្រង់ប្រតិបត្តិវិបស្សនាសមាធិនោះឡើយ។ នេះជាឥរិយាបថ ’’តឹងហួសពេក’’ ដែលប្រផ្នូល តាមរយៈព្រះឥន្ទ្រាធិរាជដេញពិណ ដោយខ្សែពិណធូរពេក ក៏មិនពិរោះ រឹតខ្សែតឹងពេកក៏ដាច់។ គឺការប្តូរឥរិយាបថ ទៅរកផ្លូវកណ្តាលវិញដោយព្រមទទួលព្រះស្ងោយ ដែលព្រះអង្គបានសម្រេចការត្រាស់ដឹង។

ខ្មែរយើងភាគច្រើន រាប់ទាំងថ្នាក់ដឹកនាំខ្មែរក្រហមផង ជាអ្នកកាន់ពុទ្ធសាសនា។ ប៉ុន្តែការដែលកាន់តែមិនអនុវត្ត ថ្លឹងថ្លែងរកផ្លូវកណ្តាល ជាហេតុនាំឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភយន្តរាយន៍ជាបន្តបន្ទាប់។ ពាក្យថា’ពេក’’ មួយម៉ាត់ តែទំជាប់ក្នុងទង្វើណាមួយហើយ តែងលេបបាត់អស់នូវអ្វីដែលជាលំនឹង។ ខំពេក ខ្ជិលពេក លឿនពេក យឺតពេក ភ្លឺពេក ងងិតពេក ឆ្ងាយពេក ជិតពេក កាចពេក ស្លូតពេក ស្រឡាញ់ពេក ស្អប់ពេក សុទ្ធតែនាំបង្កើត ជាផលវិបាក ទាំងក្នុងជីវិតឯកជន ឬក្នុងការដឹកនាំ។ ឧទ្ទាហរណ៍ អ្នកដឹកនាំពីអតីត កាលខ្លះ ដែលខំប្រឹងប្រែងតម្លើងកំរិត នៃប្រជាប្រីភាពរបស់ខ្លួន’’ខ្ពស់​​​​​​​​​ពេក’’ ក្នុងបំណងដឹកនាំឱ្យរាស្ត្រឱ្យជឿតាម ដោយគ្រប់ការណែនាំ លុះដល់ពេល ធ្វើខុសចាកគន្លងក្រិត្យក្រមនៃការដឹកនាំប្រទេស ហើយត្រូវគេដកសេចក្តី ទុកចិត្តទម្លាក់ចេញ ក៏បបួលរាស្ត្រ ចូលព្រៃ ធ្វើឱ្យកើតសង្គ្រាមវឹកវរព្រាត់ប្រាស់និរាសខ្ចាត់ខ្ចាយ និងស្លាប់មនុស្ស មិនតិច។ ចំណែកអ្នកដឹកនាំ បច្ចុប្បន្នខ្លះ ដែលកំពុង ត្រូវអ្នកយកគាប់យកគួរលើកដំកើងបញ្ចើចបញ្ចើបញ្ជោរ ’’ហួសហេតុពេក’’ ក៏អាច នឹងបាត់លំនឹង ឃ្លេងឃ្លោងសាបរលាប ហើយថ្ងៃណាមួយ គឺអ្នកលើកនោះឯង លើក ហួសឱ្យធ្លាក់មកវិញ ធ្វើឱ្យទ្រមខ្លួនធ្ងន់ធ្ងរខ្លាំងផង ធ្វើឱ្យប្រទេសជាតិជួបវិបត្តិថ្មីដែលមិនអាចនឹងស្មានត្រូវផង។

មកដល់ចំណុចនេះ ការរក្សាឱ្យបាននូវលំនឹង នៅលើសច្ចភាពនៃភាពស្អាតស្អំសុច្ចរិតយុត្តិធម៌ ការដើរលើ ’’ផ្លូវកណ្តាល’’ តាមការប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ គឺជាផ្លូវដែលទាំងអ្នកដឹកនាំប្រទេស ទាំងមនុស្សសាមញ្ញ គ្រប់រូបគួរតែដើរតាម។

ឈរលើកត្តានេះ និងជាសំណួររបស់វិទ្យុសំឡេងកម្ពុជាក្រោមនៅពេលនេះគឺៈ តើរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន កំពុងតែ ដើរ ’’ផ្លូវកណ្តាល’’ដែរឬទេ?

តើសម័យនេះ មានការប្រកាន់បក្សពួក ’’ហួសហេតុពេក’’ ដែរឬទេ? ដែលធ្វើសង្គមជាតិខ្មែរបែកបាក់ រហូតខ្មែរ ម្ខាងៗ ទាំងបក្ស កាន់អំណាចនិងបក្សប្រឆាំង មើលគ្នាដូចជាខ្មាំងសត្រូវទៅវិញនោះ ?

សូមមេត្តាឆ្លើយ នឹងសំណួរនេះស្ងាត់ៗ ក្នុងដួងចិត្ត តាមការប្រកាន់យក ’’ផ្លូវកណ្តាល’’  ផងចុះ។

ថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១២

ដោយ៖ សឺង សម្រេច/VOKK