វាសនា​ជន​ភៀស​ខ្លួន​ខ្មែរក្រោម​កំពុង​តែល​តោល

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន ២៤​នាក់​ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​មក​ប្រ ទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​កំពុង​តែ​ស្ថិត​ក្រោម​ការគាំ​ពារ និង​ឃ្លាំ​មើល​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ជោគ​វាស​នា​របស់​ពួក​គាត់​នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ទ្បើយ​ទេ។

លោក ម៉ង់ ពុទ្ធី ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ ឯករាជ សេដ្ឋកិច្ច​ក្រៅប្រព័ន្ធប្រចាំ​នៅ​ក្នុង​ខេត្តបន្តាយ​មានជ័យ​ជាប់​ព្រំដែន​ កម្ពុជា-ថៃ បាន​មាន​ប្រសាសន៍​ថា​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ទាំង ២៤​នាក់​នោះ​មាន​សុវត្ថិភាព​ជា​ធម្មតាទេ ប៉ុន្តែ​ការ​ហូប​ចុក​គឺ​ពួក​គាត់​ពឹង​ផ្អែក​ដោយ​ខ្លួន​ឯង។

លោក ម៉ង៉ ពុទ្ធី បញ្ជាក់​ថា៖ «បង​ប្អូន​កម្ពុជា​ក្រោម​គាត់​នៅ​ទី​នេះ គាត់​មាន​ជីវភាព​ធូរ​ធា គាត់​ជួយ​ឧបត្ថម​ខ្លះ​ដែរ​ណា! យើង​ជា​អ្នក​ផ្តល់​កន្លែង​ឲ្យ​ស្នាក់​នៅ​»។

នាយ​រង​ប៉ុស្តិ៍​នគរបាល​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ លោក តឹក យ៉ាឌី ដែល​បាន​ទទួល​គ្រួសារ​ទាំង​នោះ​ពី​ភាគី​ថៃ​ថ្មីៗ​នេះ​បាន​មាន​ប្រសាសន៍​ថា៖​ «មិន​ថា​កម្ពុជា​ក្រោម ឬកម្ពុជា​លើ​អី​ទេឲ្យ​តែ​ឃើញ​កម្ពុជា យើង​ទទួល​ហើយ​អប់រំ។ បានថៃបញ្ជូនមកអ៊ីចឹងរួច​ទុក្ខ​ទោស​ហើយ។ យើង​អត់​មាន​ធ្វើ​អី​គេ​ទេ គឺយើង​ឲ្យ​គេ​ចេញ​ប្រញ៉ាប់​ទៅ​ផ្ទះ​តែ​ម្តង​»។

ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ចំណោម​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម ២៤​នាក់ឈ្មោះ ចៅ ហេន ដែល​កំពុង​តែ​រស់​នៅ​បណ្តោះ​អាសន្ន​ក្រោម​កិច្ច​គ្រប់​គ្រង​ដោយ​អង្គការ​ ក្រៅ​រដ្ឋាភិបាល​ខាង​លើ​នេះ​នៅ​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​បាន​ថែ្លង​ ប្រាប់​វិទ្យុ​អាស៊ីសេរីថា ៖ «សុំ​អំពាវនាវ​ដល់​អាជ្ញាធរ​ប្រទេស​កម្ពុជា​យើង​ដើម្បី​ជួយ​អន្តរាគម​ផ្តល់​ សិទ្ធិ​ជ្រកកោណ​អ្វី​មួយ​ដែល​ស្រប​ច្បាប់​លើ​ពល​រដ្ឋ​របស់​ខ្មែរ ហើយ​ដោយ​មាន​ការ​រស់​នៅ​ពឹង​ពាក់​ពំនាក់​អស្រ័យ​ប្រចាំ​ថ្ងៃ»។

នៅ​មិន​ទាន់​មាន​ការ​បញ្ចាក់​ជា​ផ្លូវ​ការ​ណា​មួយ​នៅ​ទ្បើយ​ទេ​ពី​ មន្រ្តី​ក្រសួង​មហាផៃ្ទ ឬ​ក្រសួង ការបរទេស​កម្ពុជា​អំ​ពី​ជោគ​វាសនា​នៃ​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម ២៤​នាក់​នោះ។

លោក ថាច់ ឈួនយ៉ាត ប្រធាន​អង្គភាព​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខែ្មរ​កម្ពុជា​ ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​តែ​តាម​ដាន​ករណី​ខាង​លើ​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ត្រង់​ថា​ទី ១​គាត់​អត់​មាន​ទី​ជម្រក​មិន​ដឹង​គាត់​ទៅ​នៅ​ឯណា។ មួយ​ទៀត បើ​អាជ្ញាធរ​របស់​កម្ពុជា​យើង​ហ្នឹង​មាន​ការ​ចាត់​វិធានការ​ឲ្យ​ស្នាក់​នៅ​ ប្រទេស​កម្ពុជា​នេះ ជា​ការ​ល្អ​មួយ ហើយ​ប្រហែល​ជា​គាត់​នៅ​ហើយ មិន​ទៅ​ណា​ទេ។ ប៉ុន្តែ​បើ​សិន​ណា​មាន​ការ​ចាប់​បញ្ជូន​ទៅ​វៀតណាម​វិញ​នោះ គឺ​គ្រោះ​ថ្នាក់​ណាស់ ព្រោះ​ពួក​គាត់​មក​ហ្នឹង​ព្រោះ​មាន​បញ្ហា​តវ៉ា​រឿង​ដី​ធ្លី​ជា​មួយ​វៀតណាម​»។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន ២៤​នាក់​ខាង​លើ​នេះ បាន​រត់​គេច​ខ្លួន​ពី​ខេត្ត​អានយ៉ាង​ទឹក​ដី​ខែ្មរ
កម្ពុជា ​ក្រោម​ដែល​កំពុង​កាន់​កាប់​ដោយ​វៀត​ណាម​កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោណ​នៅ​ប្រទេស​ទី៣ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​បាន​តាមចាប់​ខ្លួន​ដោយ​សារ​តែ​ពួក​គាត់​ទាំង​នោះ​ បាន​ងើប​តវ៉ា​ទាម​ទារ​ដីធ្លី​ពី​ដូន​តា​មកវិញ​កាល​ពី​ឆ្នាំ​២០០៧​កន្លង​ទៅ។

ក្រោយ​មក​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពី​ប្រទេស​ថៃ​មក​ ប្រទេស​កម្ពុជា តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថៃ្ង​សៅរ៍ ចុងសប្តាហ៌​កន្លង​ទៅ​ថ្មីៗ​នេះប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា៕
ប្រភពពីវិទ្យុអាស៊ីសេរី.