វត្តប្រាសាទគង់ មានអាយុជិត ៨០០ ឆ្នាំ ត្រូវឆេះព្រះវិហារ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

(ខេត្តឃ្លាំង, កម្ពុជាក្រោម) ព្រឹកព្រលឹមថ្ងៃទី ១៣ ខែសីហា នេះ ព្រះវិហារវត្តប្រាសាទគង់ ជាវត្តព្រះពុទ្ធ សាសនា ខ្មែរមួយមានអាយុកាលជិត ៨០០ ឆ្នាំ ត្រូវបានឆេះ តែព្រះពុទ្ធបដិមាមានតម្លៃជាច្រើននៅក្នុង ព្រះវិហារមិនបានខូចខាតទេ ។

ព្រះតេជព្រះគុណ ថាច់ សិទ្ធិ ចៅអធិការវត្តប្រាសាទគង់ ឋិតនៅក្នុងឃុំថាមដូង (Tham Đôn) ស្រុក បាយឆៅ (Mỹ Xuyên) ខេត្តឃ្លាំង បានមានថេរដីកាថា ភ្លើងបានឆេះខ្លាំងនៅវេលាម៉ោង ៣ យប់ ។ ព្រះសង្ឃទាំងពីរ អង្គ ដែលសឹងចាំព្រះវិហារបានរួចផុតពីគ្រោះអគ្គិភ័យនេះ ព្រោះបានរត់ចេញទាន់ ពេល ។

ពុទ្ធបរិស័ទខ្មែរក្រោមនៅជុំវិញវត្តរាប់រយនាក់បាននាំគ្នាចូលវត្តជួយពន្លត់ភ្លើង តែមិនមានប្រសិទ្ធិភាព។ ប្រហែល ៣០ នាទីក្រោយមក ឡានសង្គ្រោះអគ្គិភ័យរបស់នគរបាលវៀតណាមប្រចាំខេត្ត ឃ្លាំង ដែលនៅជិត ហេតុការណ៍នេះ បានមកជួយពន្លត់ភ្លើងជាស្ថាពរនៅពេលព្រឹកព្រលឹម ទើបភ្លើង មិនឆេះរាលតទៅទៀតបាន ។

ព្រះតេជព្រះគុណ ថាច់ សិទ្ធិ បានប្រាប់ពីមូលហេតុឆេះនេះថា បណ្ដាលមកពីភ្លើងទៀនវស្សា ឆេះវាំងនន ដែលវាំង នៅមុខបល្ល័ង្កព្រះពុទ្ធបដិមា ។ ព្រះអង្គបន្តទៀតថា ព្រះពុទ្ធរូបបុរាណ និង មាន តម្លៃជាច្រើនអង្គ មិនបានខូចខាតទេ តែត្រូវបានផ្សែងរុំធ្វើឲ្យខ្មៅ ។

នៅថ្ងៃនេះដែរ អាជ្ញាធរវៀតណាមស្រុកបាយឆៅ (huyện Mỹ Xuyên) បានមកយកកម្ទេចចំហេះ ទៅធ្វើ ការស៊ើបអង្កេតលើករណីអគ្គិភ័យនេះដែរ ។

ប្រាសាទគង់ ជាវត្តបុរាណរបស់ខ្មែរក្រោមដែលមានអាយុកាល ៧៨៨ ឆ្នាំ គឺបានកសាងឡើង ព. ស. ១៧៦៨ គ. ស. ១២២៤  ។ នេះជាវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមមួយក្នុងចំណោម វត្តទាំង ៩១ នៅខេត្តឃ្លាំង ដែលជាកន្លែងសក្ការបូជារបស់ពលរដ្ឋខ្មែរក្រោម កន្លែងព្រះសង្ឃសិក្សា ប្រតិបត្តិតាមពុទ្ធោវាទ  និងជាមជ្ឈ មណ្ឌលអក្សរសាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម ។

នេះជាលើកទី ៣ ហើយ ដែលមានវត្តខ្មែរនៅកម្ពុជាក្រោមត្រូវបានឆេះក្នុងរដូវព្រះវស្សា ។ កាលពី ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១២ នេះដែរ ព្រះវិហារវត្តខ្មែរមួយនៅខេត្តព្រែកឫស្សី ( ấp 6, xã Vị Thủy,  huyện Vị Thủy, tỉnh Hậu Giang) ត្រូវបានឆេះដោយភ្លើងទៀនដែរ និងកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ព្រះវិហារវត្តសេរីតេជោមហាទុប ឋិតនៅក្នុងខេត្តឃ្លាំង ត្រូវបានឆេះដោយករណីដូចគ្នា ៕

ព្រះវិហារវត្តសេរីតេជោមហាទុប ត្រូវឆេះកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ។
វត្តខ្មែរក្រោមមួយនៅខេត្តព្រែកឫស្សី (Hau Giang) បានឆេះកាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១២ ។