នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រជា ពលរដ្ឋខ្មែរនៅកម្ពុជា ចូលរួមសប្បាយលេងល្បែង ប្រជាប្រិយផ្សេងៗ នៅក្នុងបរិវេណវត្តនានាទាំងទីក្រុង និងជនបទ។ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យ ដឹងនៅថ្ងៃទី១៦ មេសា ថាប្រជាពលរដ្ឋខ្មែរកម្ពុជា ដែលភៀសខ្លួនរស់នៅឯបរទេស បានចូលរួមសប្បាយរីករាយនៅក្នុងទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ មិនខុសពីប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជានេះទេ ប៉ុន្តែ ទំនៀមទម្លាប់ខ្មែរ ដែលតែងតែលេងល្បែងប្រជាប្រិយ ផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ពួកគេមិនបានលេងនោះទេ។ លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍តាមទូរស័ព្ទពីសហរដ្ឋអាមេរិកមកថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរស់នៅក្នុងរដ្ឋនីមួយៗ នៃសហរដ្ឋអាមេរិក និងអ្នករស់នៅទឹកដីកម្ពុជាក្រោមបច្ចុប្បន្ន បាននាំគ្នាទៅវត្តដូចដែលប្រជាពលរដ្ឋខ្មែរនៅកម្ពុជាដែរ ដើម្បីយកចង្ហាន់ប្រគេនព្រះសង្ឃ ធ្វើពិធីបង្សុកូល ធ្វើពិធីស្រង់ព្រះ ពូនភ្នំខ្សាច់ជាដើម ប៉ុន្តែពួកគេមិនបាននាំគ្នាលេងល្បែងប្រជាប្រិយដូចជាចោលឈូង បោះអង្កុញ លាក់កន្សែង ទាញព្រ័ត្រនោះទេ។ លោក ថាច់ ង៉ុកថាច់ បានបញ្ជាក់ថា បានជាល្បែងប្រជាប្រិយទាំងនេះបាត់បង់នៅក្រោយពេលទឹកដីកម្ពុជា ក្រោម ត្រូវបានរដ្ឋាភិបាលវៀតណាមកាន់កាប់អំណាចមក ពីមួយជំនាន់ទៅមួយជំនាន់គ្មានអ្នកណាបង្ហាត់បង្រៀនដល់ប្រជាពល រដ្ឋខ្មែរកម្ពុជាក្រោមទៀតទេ គួបផ្សំនិងពួកគេរស់នៅទីនោះ គ្មានសិទ្ធិសេរីភាពពេញលេញផង។ ដោយឡែកសម្រាប់អ្នករស់នៅសហរដ្ឋអាមេរិកវិញ ក៏ដូចគ្នាដែរ ការលេងល្បែងប្រជាប្រិយនៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ គ្មានអ្នកលេងនោះទេ ព្រោះថានៅទីនោះមិនមែនជាប្រទេសរបស់ខ្លួន អ្នកខ្លះមានពេលបន្តិចបន្តូចដើម្បីទៅវត្ត ព្រោះគេរវល់ធ្វើការ។ លោក ថាច់ ង៉ុកថាច់ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមបានភៀសខ្លួនទៅរស់នៅសហរដ្ឋ អាមេរិក តាំងពីឆ្នាំ១៩៨០ មក ដែលបច្ចុប្បន្នវត្តខ្មែរកម្ពុជានៅទីនោះមានប្រមាណ ១០វត្ត។ នៅឯប្រទេសអូស្ត្រាលីឯណោះវិញ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមក៏បាននាំគ្នាទៅវត្តអារាមផងដែរ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ព្រះតេជព្រះគុណ ថាច់ សុខសំបូរ គង់នៅវត្តពុទ្ធិកកម្ពុជាក្រោមនៃប្រទេសអូស្ត្រាលី មានថេរដីកាជួនពរប្រជាពលរដ្ឋខ្មែរ ដែលរស់នៅគ្រប់ទីកន្លែងទាំងអស់ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅកម្ពុជាឯនេះវិញ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរមិនសូវនាំគ្នាលេងល្បែងប្រជាប្រិយនៅតាមភូមិទេ ក្នុងរយៈពេលបីថ្ងៃនេះ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ដែលជាថ្ងៃបញ្ចប់នេះ គឺគេលេងនៅតាមទីធ្លាវត្ត៕
ប្រភព៖ វិទ្យុអាស៊ីសេរី