លោក ​ហ៊ុន សែន ប្រកាស​មិន​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី និង​មិន​រំលាយ​សភា

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ បាន​ចេញមុខ​ប្រកាស​ថា លោក​នឹង​មិន​ធ្វើ​តាម​សំណើ​របស់បក្សប្រឆាំង​ដែល​ស្នើ​ឲ្យ​លោក​ចុះចេញ​ពីតំណែង និង​រំលាយ​សភា ជា​ដាច់​ខាត ។

លោក ហ៊ុន សែន ។
លោក ហ៊ុន សែន ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន បន្ទាប់ពី​ចូលរួម​ប្រជុំ​សភា លោក ហ៊ុន សែន ក៏​រំលេច​ផង​ដែរ​នូវ​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​ការ​មិន​អាច​រំលាយ​រដ្ឋសភា​បាន ទោះ​ព្រះមហាក្សត្រ ឬ​នាយករដ្ឋមន្រ្តី ក៏​មិនអាច​រំលាយ​បាន​ដែរ ។

លោក  ហ៊ុន សែន បាន​ថ្លែង​ផង​ដែរ ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ណា​មួយ​ មិនមែន​ត្រឹម​ប៉ះពាល់ ដល់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋ​នោះទេ ប៉ុន្តែ​ប៉ះពាល់​ដល់ជីវភាព​របស់​ប្រជាពលរដ្ឋ​ ជាអ្វីដែល​លោក​នាយករដ្ឋ​មន្រ្តី​​ចាត់​ទុកថា បិទផ្លូវ ដូចបិទ​ឈាម​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ដែរ ។

គួរ​រំឭក​ថា មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​​ បាតុករ បាន​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្រ្តី ចុះចេញពី​តំណែង និង​រំលាយ​សភា ព្រមទាំង​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​ជាមួយ​នឹង​ការគំរាម​ធ្វើបាតុកម្ម​បិទ​ផ្លូវ​ ជាដើម ។

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​មាន​ការ​អត់ធ្មត់ ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ប៉ុន្តែ​រដ្ឋាភិបាល មិន​អាច​ទទួល​យក​ទង្វើ​ទាំងឡាយ​ណា​ដែលប៉ះពាល់​ដល់​សន្តិសុខជាតិ​នោះ​ឡើយ ៕