(សុខ ខេមរា l VOA — វ៉ាស៊ីនតោន) មន្ត្រីគណបក្សជំទាស់បានរិះគន់មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសថា បញ្ហា ជាប់គាំងនយោបាយក្នុងប្រទេសជារឿងបន្ទាន់ ដែលគួរដោះស្រាយឲ្យបាន តែមិនមែនទស្សន កិច្ចក្នុងប្រ ទេសវៀតណាម ឬ ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីនោះទេ ។

នៅក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះបាទ នរោត្ដម សីហនុ នៅទីក្រុង
ភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ ២០១៣ ។ រូបថត AFP
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតាំងដោយគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងប្រទេស បានដាក់គម្រោងការបំពេញទស្សនកិច្ចជាផ្លូវការចំនួនបីថ្ងៃក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៦ ធ្នូ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ។ តែគណបក្សជំទាស់វិញបានថ្លែងថា បញ្ហាបន្ទាន់សម្រាប់ ប្រទេសជាតិពេលនេះគឺការដោះស្រាយបញ្ហាជាប់គាំងនយោបាយ ដែលប្រជាពលរដ្ឋកំពុងតែងើបឡើងតវ៉ាប្រឆាំង នឹងលទ្ធផលបោះឆ្នោត ដែលធ្វើឲ្យមានការជាប់គាំងនយោបាយក្នុងប្រទេស ហើយភាពស្របច្បាប់របស់សភា និងរដ្ឋាភិបាលថ្មីមិនត្រូវបានទទួលស្គាល់ដ៏ទូលំ ទូលាយ តែកិច្ចសហប្រតិបត្តិការក្នុងទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឬ ក៏ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាមិន មែន ជារឿងអាទិភាពទេ ។
ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសា ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា៖
«រឿងកិច្ចសហប្រតិបត្តិការចេះតែធ្វើហើយ ធ្វើតាំងតែពីយូរយារណាស់មកហើយ ។ តែអ្វីដែលយើងចាំបាច់ត្រូវធ្វើ នៅពេលនេះគឺបញ្ហាជាប់គាំងនយោបាយ ។ បើសិនជាវិបត្តិនយោបាយដោះស្រាយមិនចេញទេ វានឹងឈានទៅរក វិបត្តិសង្គម ។ ហើយបើកាលណាឈានទៅរកវិបត្តិសង្គមហើយនោះគឺធ្វើឲ្យ ប្រទេសជាតិយើងនឹងធ្លាក់ទៅក្នុងបញ្ហាដ៏ធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបាន»។
លោកបានស្នើសុំឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាឡើង វិញ ។ លោកថ្លែងថា អ្វី ដែល គណបក្សជំទាស់ទាមទារចុងក្រោយ ក្នុងបាតុកម្មជាបន្តបន្ទាប់ប៉ុន្មានថ្ងៃកន្លងមកពីក្រុមប្រជាពលរដ្ឋដ៏ច្រើនលើសលុប នោះ គឺថា បើគណបក្សប្រជាជនកម្ពុជាមិនចង់សើរើ ស៊ើបអង្កេតការលួចបន្លំសន្លឹកឆ្នោតទេ គណបក្សប្រជាជនកម្ពុជាត្រូវធ្វើការបោះឆ្នោតឡើងវិញជាមួយនឹងការរៀបចំ គ.ជ.ប. ឯករាជ្យមួយ ។ លោកយឹម សុវណ្ណបានអះអាងថា ការធ្វើយ៉ាងដូច្នេះជាវិធីសមរម្យបំផុតដែលបញ្ចប់បញ្ហាបាតុកម្ម និងបញ្ហាក្នុងសង្គម ។
«ហើយឥឡូវនេះ ឆ្លៀតពេលដែលស្ថានការណ៍កំពុងតែពុះកញ្ជ្រោល ហើយជា ពិសេស បាតុករកំពុងតែងើបឡើងកាន់តែច្រើនឡើងៗ ដើម្បើទាមទារឲ្យមានការ បោះឆ្នោតឡើងវិញនោះ គឺក្រោយពីឃើញថា មានចរន្តបាតុករដ៏ខ្លាំងក្លាបែបនេះ ស្រាប់តែលេចឮអំពីទស្សនកិច្ចរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាទៅកាន់ប្រទេសវៀតណាម ។ រឿងនេះយើងមិនចោទប្រកាន់យ៉ាងម៉េចទេ តែហាក់បីដូចជាដើរស្របពេកទៅនឹងស្ថានការណ៍នយោបាយដែលកំពុងវិវត្តនៅក្នុងប្រទេសកម្ពុជា»។
តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមួយរូប និងជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី បានអះអាងថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាទស្សនកិច្ចដើម្បីពង្រឹកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាធម្មតារវាងប្រទេសជិតខាងគឺជាប្រក្រតីភាពរបស់រដ្ឋាភិបាល ។
«អាស្រ័យហេតុដូច្នេះ ការងារដែលកំពុងតែមានចម្រូងចម្រាសនៅក្នុងប្រទេស កម្ពុជាគឺជាការងារផ្ទៃក្នុងសុទ្ធសាធ ហើយមិនអាចប៉ះពាល់ ឬ ក៏មិនមានឥទ្ធិពល ប៉ះពាល់ដល់ការងារទំនាក់ទំនងការបរទេសនោះទេ ។ តាមទម្លាប់គឺរាជរដ្ឋាភិបាលធ្វើអ្វីតាមច្បាប់តម្រូវអ្វីដែលជាគោលនយោបាយតាមច្បាប់រដ្ឋធម្មនុញ្ញ»។
បើសិនណាជាមានការចរចាណាមួយ មានការចុះហត្ថលេខាណាមួយ ដែលវាប៉ះពាល់ដល់បន្ទុកប្រជា ជាតិ សភាជាអ្នកឆ្លើយតបក្នុងការផ្តល់សច្ចាប័នក្នុង ការអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន» ។
លោក ផៃ ស៊ីផាន បានបន្ថែមទៀតអំពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមថា៖
«បច្ចុប្បន្ននេះ ប្រទេសជុំវិញស្ថិតក្នុងកម្រិតប្រទេសភាពជាដៃគូក្នុងការពង្រឹង សន្តិសុខជាតិរវាងគ្នានិងគ្នា ហើយ នឹងការពង្រឹងវឌ្ឍនភាពតាមរយៈការធ្វើពាណិជ្ជកម្ម ។ ដូច្នេះគ្មានប្រទេសណាមួយដែលមានទិសដៅ ឬយើងចាត់ទុកថា ជាសត្រូវជាមួយយើង ឬជាការរំខានដល់សន្តិសុខជាតិរបស់យើង»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃច័ន្ទ បានបញ្ជាក់ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងពិភាក្សាបញ្ហាទ្វេភាគី ជាមួយសមភាគីរបស់លោកគឺលោក ង្វៀន តឹង យ៉ុងនៃប្រទេសវៀតណាមនិងចុះហត្ថលេខាជាមួយគ្នាលើកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មទ្វេភាគី កិច្ចព្រមព្រៀងផ្លាស់ប្តូរទំនិញរវាងប្រ ទេសទាំងពីរ សន្ធិសញ្ញាស្តីពីបត្យាប័ន និងកិច្ចព្រមព្រៀងឥណទានសម្បទាន បញ្ហាអប់រំ ព័ត៌មាន និងប៉ូលិសជាដើម ។ លោកហ៊ុន សែនគ្រោងនឹងជួបជាមួយមេដឹកនាំគណបក្សកំម្មុយនិស្តវៀតណាមជាច្រើនទៀត ។
ទោះជាយ៉ាងណាក៏ដោយ លោក ភីធ័រ តាន់ កែវ (Peter Tan Keo) អ្នកវិភាគឯករាជ្យម្នាក់ក្នុងរដ្ឋម៉ាស្សា ឈូសេតស៍ ស.រ.អា.បានថ្លែងថា រដ្ឋាភិបាលកម្ពុជាពេលនេះព្យាយាមបំពេញមុខងារតាមធម្មតា ទោះបីជាគណបក្សជំទាស់ធ្វើពហិការដោយធ្វើឲ្យមាន ប្រផ្នូលមិនល្អសម្រាប់ទំនុកចិត្តជាសាធារណៈ និង ពាណិជ្ជ កម្មក្តី ។
«យើងមិនអាចរំពឹងថា រដ្ឋាភិបាលបិទទ្វារទាំងស្រុងនោះទេ ព្រោះថា នោះជារឿងដ៏អាក្រក់សម្រាប់ប្រទេស។ តែជាមួយគ្នានេះដែរ មេដឹកនាំមកពីគណបក្សទាំងពីរត្រូវតែស្វែងរកលក្ខខណ្ឌចរចាដ៏សមរម្យនានាដើម្បីដោះស្រាយ ការជាប់គាំងនយោបាយនេះ»។
លោកទទួលស្គាល់ថា នឹងមានការវិភាគខុសគ្នាច្រើនឡើងចំពោះទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងប្រទេសវៀតណាម ដែលជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនឆ្នាំនោះ ៕