ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅល្ងាចថ្ងៃអាទិត្យនេះ ប្រកាសឈប់ហែក្បួនបាតុកម្មនៅរាជធានីភ្នំពេញមួយសប្តាហ៍សិន ចាប់ពីថ្ងៃចន្ទ ទី ៣០ ខែធ្នូ ។

លោក សម រង្ស៊ី ប្រកាសបែបនេះទៅកាន់បាតុករ បន្ទាប់ពីលោកបានដឹកនាំក្បួនដង្ហែ ដែលមានអ្នកចូលរួមជាង ១០ ម៉ឺននាក់ និងចាត់ទុកជាក្បួនដង្ហែទ្រង់ទ្រាយធំជាងក្បួនដង្ហែ និងបាតុកម្មផ្សេងៗទៀត ។
លោក សម រង្ស៊ី មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការឈប់ដង្ហែក្បួនមួយរយៈនេះ ដោយគ្រាន់តែលើកឡើងថា បាតុកម្មលើកនេះធំដែលមិនមានអ្នកណាអាចធ្វើបានដូចគណបក្សសង្គ្រោះជាតិ ។ លោកថា ទុកពេលសម្រាកសិន ដោយទុកចំហាយបាតុកម្មសិន។
លោក សម រង្ស៊ី ឲ្យដឹងទៀតថា បាតុកម្ម និងការជួបជុំនៅទីលានប្រជាធិបតេយ្យ គឺត្រូវប្រព្រឹត្តទៅជាធម្មតា ដោយមានការសម្តែងមតិដូចសព្វមួយដង។លោកក៏បានអំពាវនាវឲ្យមន្ត្រីរាជការ និងកងការពារជាតិ ចេញមុខចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីការផ្លាស់ប្តូរ។ លោកបញ្ជាក់ថា ចំពោះមន្ត្រីរាជការ ដែលហ៊ានចេញមុខហើយ និងត្រូវបានបណ្តេញចេញពីការងារ លោកនឹងទទួលមកធ្វើការវិញ នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរដ្ឋាភិបាល ។
កន្លងទៅលោក សម រង្ស៊ី ប្រកាសថា នឹងធ្វើបាតុកម្មរយៈពេលបីខែចាប់ពីថ្ងៃទី ១៥ ខែធ្នូ ។ចាប់ពីថ្ងៃទី ១៥ ខែធ្នូ លោក សម រង្ស៊ី បានដឹកនាំបាតុករដង្ហែជារៀងរាល់ថ្ងៃ ដែលរហូតមកដល់ឥឡូវនេះ មានរយៈពេល ១៥ ថ្ងៃហើយ ។
កាលពីថ្ងៃសៅរ៍ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ជាលក្ខណៈផ្ញើសារទៅកាន់គណបក្សប្រជាជនកម្ពុជា ជាពិសេសទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា លោកស្នើឲ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំ ដោយនាំមកនូវគំនិតថ្មី ដើម្បីរកដំណោះស្រាយទៅលើបញ្ហាដែលកំពុងកើតឡើងនៅកម្ពុជា ។ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការជជែកគ្នាជាទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីគណបក្សនយោបាយ សហជីព សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែកពីបញ្ហាប្រទេស ដោយយកប្រយោជន៍ជាតិជាធំ ប្រកបដោយឆន្ទៈក្នុងស្មារតីស្ថាបនាវិជ្ជមាន ។ លោក សម រង្ស៊ី បន្តថា ល្មមដល់ពេលគណបក្សនយោបាយជួបគ្នាហើយនៅសប្តាហ៍ក្រោយ គឺដើមឆ្នាំ ២០១៤ ដើម្បីកុំឲ្យមានបញ្ហាស្មុគស្មាញ ដោយរកគំនិតថ្មីខ្លះ កុំយកតែគំនិតចាស់ៗ ។ លោក ព្រមានថា កុំឲ្យការតវ៉ាហួសវែងឆ្ងាយ និងកុំឲ្យកាន់តែធំធ្ងន់ធ្ងរ ៕