លោក ចៅ ហេន ចេញពីពន្ធនាគារ សុខភាពទ្រុឌទ្រោម ក្លាយជាមនុស្សគ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ខេត្តមាត់ជ្រូក៖ លោក ចៅ ហេន ត្រូវបានអាជ្ញាធរវៀតណាមដោះលែងចេញពីពន្ធនាគារវិញហើយ កាលពី ថ្ងៃចន្ទដើមសប្ដាហ៍នេះ តែសុខភាពរបស់លោកមានសភាពទ្រុឌទ្រោម យ៉ាងខ្លាំង ។ ប្រភពព័ត៌មានបានប្រាប់ ថា លោកបានក្លាយជាមនុស្សគ មិនអាចនិយាយអ្វីបានទេ ព្រោះត្រូវឆ្មាំគុកធ្វើទារុណកម្មពេលនៅក្នុង ពន្ធនាគារ ។ ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមអ្នកភូមិនៅ ក្បែរផ្ទះ លោក ចៅ ហេន បានអំពាវនាវដល់ពលរដ្ឋខ្មែរក្នុងលោក ឲ្យជួយ ដល់គ្រួសារគាត់ផង ។

លោក ចៅ ហេន ត្រូវអាជ្ញាធរយួនធ្វើទារុណកម្មនៅក្នុងគុកដល់មានជំងឺ ហើយយកមកធ្វើព្យាបាលនៅមន្ទីរពទ្យទាំងជើងជាប់ខ្នោះ ។

“សូមបងប្អូនខ្មែរក្រោមក្នុងលោកជួយបរិច្ចាគថវិកាម្នាក់បន្តិចបន្តួច
តាមសទ្ធាឧបត្ថម្ភដល់គ្រួសារ លោក ចៅ ហេន ផង” ។
_អ្នកភូមិ នៅក្បែរផ្ទះលោក ចៅ ហេន

អ្នកស្រុកម្នាក់ដែលនៅក្បែរផ្ទះលោក ចៅ ហេន បានប្រាប់សហការីនៃវិទ្យុសំឡេងកម្ពុជា ក្រោម នៅថ្ងៃទី ១៩ ខែកញ្ញា នេះថា លោក ចៅ ហេន អ្នកតវ៉ាដីធ្លីខ្មែរក្រោមនៅខេត្តមាត់ ជ្រូកត្រូវបានអាជ្ញាធរវៀតណាមដោះលែង ឲ្យចេញពីគុកកាលពីថ្ងៃទីចន្ទទី ១៧ ខែកញ្ញា ដើមសប្ដាហ៍នេះ បន្ទាប់ពី លោកបានជាប់ពន្ធនាគារយួន អស់រយៈពេលជិត ២ ឆ្នាំ កន្លង មកនេះ ។
តាមរយៈបទសម្ភាសន៍ខ្លីមួយជាមួយនឹង លោក ថាច់ បូរី នៃវិទ្យុសំឡេងកម្ពុជាក្រោម អ្នកភូមិបានមានប្រសាសន៍ ថា ពួកគាត់បានទៅទទួល លោក ចៅ ហេន ពីពន្ធនាគារ មកផ្ទះ វិញ កាលពីថ្ងៃចន្ទ នេះ ។
ចុងក្រោយអ្នកភូមិរូបនេះ បានអំពាវនាវដល់សប្បុរស ជនខ្មែរទូទាំងពិភព លោក ឲ្យជួយ ដល់គ្រួសារ លោក ចៅ ហេន ដោយមនុស្សធម៌ផង ព្រោះគ្រួសារ របស់ គាត់ជួប ការលំបាកយ៉ាង ខ្លាំង ។
សូមបញ្ជាក់ថា លោក ចៅ ហេន (Châu Hên) កើតឆ្នាំ ១៩៥៤ នៅក្រុមទី ១ ភូមិអាង ឡើយ ឃុំចៅឡាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ( Tổ I ấp An Lợi xã Châu Lăng huyện Tri Tôn tỉnh An Giang ) ត្រូវបាននគរបាលវៀតណាមចាប់ដាក់គុកកាល ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និងប្រកាសសាលក្រម ដោយតុលា ការប្រជាជនបក្សកុម្មុយ និស្តវៀតណាមនៃខេត្តមាត់ជ្រូក (An Giang )កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ ឲ្យជាប់គុក ២ ឆ្នាំ ពីបទ “បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្ក អសន្តិសុខ ទីសាធារណៈ” តាមមាត្រាទី ១៤៣ និង ២៤៥ នៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសសាធារណរដ្ឋសង្គមនិយម វៀតណាម ។
ការចាប់ខ្លួនលោក ចៅ ហេន នេះ បន្ទាប់ពីលោក និងប្រពន្ធឈ្មោះ នាង ផួន បានធ្វើមាតុភូមិនិវត្ត ពីប្រទេសថៃ ទៅកាន់ផ្ទះរបស់ខ្លួនវិញនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ក្រោយពី អង្គការ UNHCR បដិសេធឋានៈជាជន ភៀសខ្លួនរបស់គាត់ ហើយមន្ត្រីការិយាល័យ UNHCR បានបញ្ជាក់ ប្រាប់គាត់ ថា គ្រួសារលោក ចៅ ហេន អាចធ្វើដំណើរត្រឡប់ទៅ ស្រុកកំណើតវិញបានដោយ អាជ្ញាធរយួន មិន ធ្វើទុកបុកម្នេញឡើយ ៕