រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្ងៃសៅរ៍កន្លងមកគឺជាបុណ្យខួប១០០ថ្ងៃរបស់សពលោកសំ បូរិន្ទដែលបានប្រារព្ធធ្វើនៅវត្តពុទ្ធិការ៉ាមក្នុងរដ្ឋម៉ារីឡែន។ លោកសំ បូរិន្ទអតីតអ្នកកាសែតដ៏ឆ្នើមនិងមានឥទ្ធិពលម្នាក់បានធ្វើ មរណកម្មដោយសារជំងឺមហារីកថ្លើមកាលពីថ្ងៃទី១១ ខែឧសភាឆ្នាំនេះក្នុងជន្មាយុ៥៨ឆ្នាំនៅគេហដ្ឋានរបស់លោកនៅ សហរដ្ឋអាមេរិក។
លោកសំ បូរិន ជាមួយនឹងអតីតឯកអគ្គរាជទូតសហរដ្ឋអាមេរិកនៅភ្នំពេញ លោកឆាល រ៉េយ (Charles A. Ray)
អ្នកកាសែតរូបនេះត្រូវបានគេចងចាំថាជាអ្នកចូលរួមចំណែកជំរុញដល់ សេរីភាពសារព័ត៌មានតាមរយៈការជួយ ឧបត្ថម្ភដល់ការបណ្តុះបណ្តាលអ្នក សារព័ត៌មានជាច្រើននាក់។
លោកពិន សំខុនអតីតប្រធានវិទ្យុអាស៊ីសេរីដែលបានស្គាល់និងសហការការងារ ជាមួយលោកសំ បូរិន្ទតាំងពីឆ្នាំ ១៩៩៣ មកបានបញ្ជាក់ថាលោកបូរិន្ទគឺជាអ្នកដែលចូលរួមចំណែកតាំងពីដំបូង ក្នុងការជំរុញឱ្យមាន សារព័ត៌មានសេរីនៅកម្ពុជាក្រោយពីប្រទេសនេះ បានឆ្លងកាត់សង្គ្រាមហែកហួរគ្នាឯងអស់រយៈពេលជាច្រើន ទសវត្សរ៍។
«នៅពេលដែលយើងធ្វើសកម្មភាពកាសែត លោកបូរិន្ទនៅ USAID ហើយសកម្មភាពកាសែតលោកបូរិន្ទក៏តាម ដាន ក្នុងនាមជាអ្នកធ្វើការឱ្យស្ថានទូតអាមេរិកាំង USAIDហើយយើងបានជួបគ្នាដោយសារសកម្មភាពកាសែត ហ្នឹង។ ខ្ញុំនៅខាងចលនាសេរីភាពសារព័ត៌មាន។ លោកបូរិន្ទជាអ្នករកមនុស្សធ្វើកិច្ចការហ្នឹងហើយយើងជួបគ្នា ហើយ នៅពេលហ្នឹងហើយលោកបូរិន្ទមានគុណលើខ្ញុំក្តី លើអ្នកកាសែតជាទូទៅ ក្តីដោយសារតែរាយការណ៍ទៅ ឱ្យខាងអាមេរិកាំងថាមានមនុស្សធ្វើការដើម្បីបុព្វហេតុអីចឹង មានមនុស្សឯករាជ្យ ហើយបន្ទាប់ពីនោះ មួយឆ្នាំមក ក៏បានទទួលមូលនិធិពី USAID»។
លោកសំ បូរិន្ទបានប្តូរមកធ្វើការនៅ វិទ្យុអាស៊ីសេរី ពីខែមករា ឆ្នាំ២០០០ ដល់ខែតុលា ឆ្នាំ២០០៩ ក្នុងឋានៈជា នាយករង នាយកស្តីទី ជាអ្នកពិនិត្យការផ្សាយ (Senior Editor) និងជាអ្នកផ្សាយផ្ទាល់ ខាងផ្នែកភាសាខ្មែរ។ នេះបើតាមប្រវត្តិរូបសង្ខេបដែលបានអានដោយកូនប្រុសច្បងរបស់លោកគឺ លោកសំ រម្ម័ន។ លោកបូរិន្ទក៏ធ្លាប់ ជានិពន្ធនាយកកាសែតពលរដ្ឋខ្មែរកាលពីនៅ ជាជនភៀសខ្លួននៅ ឯជំរំជាយដែនខ្មែរ។
កើតក្នុងត្រកូលអ្នកស្រែក្រីក្រមួយក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លោកបូរិន្ទធ្លាប់បានបួសរៀនពីកុមារភាព ហើយ ត្រូវបានមជ្ឈដ្ឋាននានាទទួលស្គាល់ថាបានយកចំណេះដឹងនេះមកជួយ បម្រើដល់សង្គមជាតិផងដែរ។
លោកពិន សំខុនបានបន្ថែមទៀតថាទៀតថា៖
«មានការងារឆ្នើមមួយចំនួនគឺខ្ញុំអាចរក្សាបានថាគុណសម្បត្តិលោក បូរិន្ទគឺនៅពេល ធំជាងគេគឺជាអ្នកពិគ្រោះ យោបល់ខាងរឿងសាសនា»។
ក្រៅពីនេះទៀតគឺការធ្វើការសិក្សាស្រាវជ្រាវរំលេចឡើងវិញនូវអ្វី ដែលជាមរតករបស់ខ្មែរតាមរយៈការច្រងក្រង ជាបទសម្ភាសជាមួយនឹងលោក សាស្ត្រាចារ្យអក្សសាស្រ្តខ្មែរកេង វ៉ាន់សាក់។ នេះបើតាមការបញ្ជាក់របស់លោក ពិន សំខុន។
លោក សំ បូរិន្ទត្រូវបានគេទទួលស្គាល់ថាមានការកសាងទំនាក់ទំនងល្អជាមួយ នឹងមន្ត្រីសំខាន់ៗទាំងនៅក្នុង រដ្ឋាភិបាល គណបក្សប្រឆាំងនិងអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាសកម្មជនសិទ្ធិ មនុស្សនានា។
លោកស្រី ស សាម៉េន ជាភរិយាចងចាំថាក្នុងរយៈពេលជាង៣២ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ លោក សំ បូរិន្ទជា ស្វាមីនិងជាឱពុកដែលមានការយកចិត្តទុកដាក់ថែរក្សា ប្រពន្ធនិងកូននិង«ស្មោះត្រង់» បើទោះបីជាលោកស្រី ទទួលស្គាល់ថាស្វាមីបានចំណាយពេលផ្តោតលើ ការងារយ៉ាងច្រើនក៏ដោយ។
«ប្តីខ្ញុំចំណាយពេលធ្វើការងារច្រើនបំផុតជាជាងចំណាយពេលជាមួយ គ្រួសារប៉ុន្តែវាអត់ប៉ះពាល់អ្វីដល់ខ្ញុំនិងកូន ប៉ុន្មានទេ ព្រោះខ្ញុំក៏មានគំនិតប្រហាក់ប្រហែលនឹងគាត់ដែរមាននិស្ស័យ ស្រដៀងគ្នាហើយខ្ញុំគាំទ្រអ្វីដែលគាត់ធ្វើ ទាំងអស់ហើយជាមួយកូន យើងមានពេលខ្លះនៅ ជាមួយគ្នាដែរ»។
រីឯនាងសំ រម្មនី ជាកូនស្រីតែមួយគត់ក្នុងចំណោមកូនទាំងបួនរបស់លោកបានបញ្ជាក់ថា ឱពុករបស់នាងជាមនុស្ស គំរូម្នាក់ក្នុងជីវិតនាង៖
«គាត់ជាមនុស្សដែលសំខាន់បំផុតដែលខ្ញុំរៀនសូត្រពីគាត់ទាំងការ តស៊ូនិងជំហរ។ ឧបមាថាយើងជឿជាក់លើអ្វី មួយ។ អ្នកខ្លះជឿជាក់អញ្ចឹងមែន ប៉ុន្តែមានគេនិយាយទៅការជឿជាក់នោះវាទៅជារំសាយតែគាត់អត់អញ្ចឹង ទេ»។
អតីតអ្នកកាសែតរូបនេះបានចំណាយពេលចុងក្រោយជួយផ្សព្វផ្សាយនិងលើក កម្ពស់ការយល់ដឹងពីចលនាតស៊ូ ទាមទារសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ កម្ពុជាក្រោមហើយបានរាប់អានជាមួយនឹងសកម្មជនចលនានេះហួសពី កម្រិតនៃការងារប៉ុន្តែលោកថាច់ ង៉ុកថាច់ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបញ្ជាក់ថាទំនាក់ទំនងនេះ មិនបានជ្រៀតជ្រែកដល់ការងារវិជ្ជាជីវៈទេ។
«មនោសញ្ចេតនាក្នុងចិត្តគាត់ខ្ញុំមើលមិនដឹងប៉ុន្តែការដែលគាត់សួរ ជាព័ត៌មានគឺសំណួរដែលគាត់សួរបើតាម ធម្មតាពិបាកនឹងដោះស្រាយពិបាក នឹងឆ្លើយដែរដូច្នេះវាអត់មានរឿងយល់យោគរឿងស្អី ហ្នឹងទេគឺថាសួរទៅ សួរ មកហើយខ្ញុំក៏ អញ្ចឹងដែរគឺថាចង់ឱ្យគាត់សួរឱ្យចំៗចង់ឱ្យខ្ញុំស្រួលនិយាយ។ ដូច្នេះអ្វីដែលយើងប្រាស្រ័យទាក់ទង តាមបែបព័ត៌មានមិនដែលបានគិត គូថាស្គាល់គ្នាមិត្តភ័ក្រឬក៏ដោយសារគាត់មានមនោសញ្ចេតនាជាមួយ ខ្មែរ ក្រោមទេ»។
នាពេលចុងក្រោយលោកសំ បូរិន្ទបានចូលរួមបង្កើតវិទ្យុខ្មែរពិភពលោកដែលមានមូលដ្ឋាននៅរដ្ឋ ធានី វ៉ាស៊ីនតោនហើយធ្វើការផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។
ក្រុមគ្រួសារបានបង្កើតមូលនិធិមួយសម្រាប់ជួយដល់និស្សិតក្រីក្រ កម្ពុជាឱ្យមានឱកាសបានសិក្សាបន្តនៅក្នុង ប្រទេស។ លោកស្រីសាម៉េនបញ្ជាក់ថានៅពេលឥឡូវនេះបានជួយដល់និស្សិតចំនួនពីរ នាក់បន្តការសិក្សានៅ មហាវិទ្យាល័យក្នុងក្រុងភ្នំពេញដែលជាការបំពេញបំណងរបស់លោក បូរិន្ទដែលចង់ជួយជនក្រីក្រដោយសារ ប្រវត្តិជាកូនកំព្រារបស់លោក និងមានចិត្តចង់សិក្សាឱ្យបានជ្រៅជ្រះហើយទីបំផុតលោកសិក្សាបាន ដល់ថ្នាក់ អនុបណ្ឌិតនៅសាកលវិទ្យាល័យ Harvard ខាងផ្នែករដ្ឋបាលសាធារណ:៕ ដោយៈ ម៉ែន គឹមសេង – VOA