លោកគ្រូ មហា ថាច់ កេញ អាចារ្យបង្រៀនសាលា បាលី នៅខេត្តត្រពាំង បានទទួលអនិកម្មហើយ នៅថ្ងៃពុធ ៣ រោច ខែបុស្ស ឆ្នាំថោះ ត្រីស័ក ព.ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ នេះ ដោយជរាពាធ ក្នុងព្រះ ជន្ម ៨៦ ឆ្នាំ ។ ពិធីបុណ្យឈា បនកិច្ចសពលោកគ្រូ មហា ថាច់ កេញ នឹងប្រារព្ធ នៅផ្ទះរបស់សព ឋិតនៅក្នុងភូមិក្នក ឃុំអូរចាក ស្រុក កំពុង់ធំ ខេត្តព្រះត្រពាំង តាមប្រពៃណីជាតិ រយៈ ពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំ ថោះត្រីស័ក ព.ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ១៣ ខែមករា គ.ស. ២០១២ វេលាម៉ោង ៩ យប់ នឹង បូជាសពនៅវត្តក្រពុំឈូក (ក្នក) ។ សូមបញ្ជាក់ ថា លោកគ្រូ មហា ថាច់ កេញ ជាអាចារ្យបង្រៀន សាលាបាលីម្នាក់ ដោយគាត់ បានចំណាយពេលវេ លា ពេញមួយជីវិត ដើរបង្រៀនអក្សរសាស្ត្រខ្មែរ និង ភាសាបាលី នៅតាមវត្តអារាមនានា ក្នុងខេត្តព្រះត្រពាំង ។ ក្រោយពីបានបញ្ចប់ការសិក្សា នៅស្រុកខ្មែរ កាលនៅជាសង្ឃ ហើយបានត្រឡប់ មកស្រុកកំណើត នៅខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម វិញ លោកគ្រូ មហា ថាច់ កេញ បានចំណាយពេលជាង ៥០ ឆ្នាំ ក្នុងជីវិតរបស់គាត់ក្នុងការទៅវត្ត ដើម្បីបង្រៀនភាសាបាលី ដល់សមណសិស្សខ្មែរក្រោម នៅក្នុងខេត្ត តាមរយៈការបញ្ជូនរបស់សាលាគណខេត្តព្រះត្រពាំង ។ វិញ្ញាសា ដែលលោកគ្រូ មហា ថាច់ កេញ បានបង្រៀនដល់សមណសិស្សនៃ សាលាពុទ្ធិកវិទ្យាល័យទី ១ ដល់ ទី ៣ នោះ មានដូចជា ប្រែលោតប្រយោគ មង្គលត្ថទីបនីនិងកំណាព្យ ។ សាលាវត្តដែល លោកគ្រូ មហា ថាច់ កេញ នៅ បង្រៀននោះ ដូចជាវត្តសំរោងឯក វត្តអង្គររាជបូរី (អង្គ) វត្តពោធិសាលរាជ (កំពង់) និងវត្តនាគវនារាម (ខ្ទឹង) ជាដើម ព្រោះវត្តទាំងនេះ មានបើកដល់ថ្នាក់វិទ្យាល័យ ។ គណៈកម្មការ សារព័ត៌មាន ព្រៃនគរ សូម ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ មរណភាពរបស់លោកគ្រូ មហា ថាច់ កេញ នេះ ហើយយើងខ្ញុំ ចាត់ទុកមរណភាព របស់លោកគ្រូ មហា ថាច់ កេញ គឺជាការបាត់បង់នូវអ្នកប្រាជ្ញខាងអក្សរសាស្រ្តខ្មែរ និងភាសាបាលីរបស់ខ្មែរក្រោមម្នាក់យ៉ាងសំខាន់ នៅដែនដីកម្ពុជាក្រោម។
ដំណឹងដ៏ក្រៀមក្រំនេះ តាងនាមសហការី វិទ្យុសំលេងកម្ពុជាក្រោម និងក្រុមការងារ សារពត៌មាន ព្រៃនគរ រួមទាំងសិស្សគណទាំង នៅក្នុងស្រុកនិង ក្រៅប្រទេស សូមចូលរួមរំលែកមរណៈទុក្ខជាមួយ នឹងក្រុមគ្រួសារ លោកគ្រូ មហា ថាច់ កេង នៅដែនដីកម្ពុជាក្រោម និងសូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធសព លោកគ្រូ មហា ថាច់ កេញ បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀតឃ្លាតឡើយ៕