លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​៖ ខ្មែរ​កម្ពុជា​ក្រោម ជា​បក្ខជន នៅ​គ្រប់​មន្ទីរ​អង្គភាព​

​វិញ​ឡុង – វៀតណាម​: ​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម អះអាងថា ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម ដែល​សព្វថ្ងៃ​មាន​សញ្ជាតិ​វៀតណាម ហើយ​បាន​ក្លាយជា​ជនជាតិភាគតិច នៅ​វៀតណាម ត្រូវបាន​បក្ស​ជ្រើសរើស​បញ្ចូល​ជា​បក្ខជន មាន​តំណែង​តួនាទី និង​កាន់ការ​ក្នុង​បក្ស និង​មូលដ្ឋាន​គ្រប់​មន្ទីរ​អង្គភាព​។ ឯ​កុមារ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ក៏ត្រូវ​លើកកម្ពស់​អភិវឌ្ឍន៍​ជា​ធនធានមនុស្ស​ល្អ ចេះដឹង តាមរយៈ​ការ​បំប៉ន​ជីវភាព សុខភាព ឲ្យ​រៀនសូត្រ និង​មាន​អគារ​អន្តេវាសិកដ្ឋាន ស្នាក់នៅ​តាំងពី​រៀន​ថ្នាក់​ទី​៨ ដល់ ទី​១២ សាលា​ចំណេះ​ទូទៅ និង​បាន​ប្រឡង​ជាប់​រៀន​នៅ​មហាវិទ្យាល័យ មាន​ជំនាញ​នានា​។​ទាំងនេះ​ជាការ​អះអាង​របស់​អ្នកស្រី ដាង ធី​ង៉ុ​ក​ធី​ញ សមាជិក​ម​ជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​លេខា​បក្ស ខេត្ត​វិញ​ឡុង នៅ​ទីស្នាក់ការ​បក្ស​ខេត្ត​វិញ​ឡុង ប្រទេស​វៀតណាម ខណៈ​ជួប​ប្រតិភូ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​-​ខេត្តបន្ទាយ មានជ័យ ដឹកនាំ​ដោយ​លោក អ៊ុង អឿន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ខេត្ត កាលពី​ថ្ងៃទី​២៣ មេសា ឆ្នាំ​២០១២​។​
​​អ្នកស្រី ធី​ញ និយាយ​បន្តថា ជនជាតិខ្មែរ​ក្រោម​ជិត ៣ % នៅ​ខេត្ត​នេះ ត្រូវបាន​បក្ស និង​រដ្ឋ ជួយ​លើកកម្ពស់​ជីវភាព​ផុតពី​ភាពក្រីក្រ ៣៦ % ក្នុង​ ២ ឆ្នាំ​ចុង​ក្រោយនេះ​។​
​​លេខា​បក្ស​ខេត្ត​រូបនេះ និយាយ​ពី​គោលនយោបាយ​បក្ស​ថា ជនជាតិខ្មែរ ដែលមាន​គុណសម្បត្តិ គុណបំណាច់ក្នុង​បដិវត្ត ត្រូវបាន​លើកទឹកចិត្ត​។ ជនជាតិខ្មែរ ក៏​ចេះ​សម្របសម្រួល​រស់នៅ​ធើ្វ​ការ​ជាមួយ​ជនជាតិ​វៀតណាម និង​ជនជាតិ​ដទៃទៀត ហើយ​ចេះ​សាមគ្គីភាព​ទំនាក់​ទំនង​ល្អ​។​
​ក្នុងឱកាស​នោះ លោក អ៊ុង អឿន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ និង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​លើកឡើងថា គណបក្ស​ខិតខំ​បន្ត​ធើ្វ​ល្អ និង​ដើម្បី​សេចក្តីចម្រើន​របស់​ពល​រដ្ឋ ទើប​ពលរដ្ឋ​គ្រាំទ្រ​បោះឆ្នោត​ជូន​រហូតមក​។​
​ ​លោក​និយាយ​ដូច្នេះ ឆ្លើយតប​នឹង​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​ខេត្ត​វិញ​ឡុង ដែលថា បក្សបាន​ធើ្វ​គំរូ​ល្អ ទើប​ប្រជាជន​ស្រឡាញ់ និង​ជំហរ​គាំទ្រ​។ កម្មាភិបាល​វៀតណាម​អះអាងពី​ការចាត់តាំង​កម្មាភិបាល​បក្ស និង​រដ្ឋ​សួរ​សុខ​ទុក្ខជនជាតិភាគតិច​ខ្មែរ ក្មុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ និង​ពិធី​ប្រពៃណី​នានា​។ ប៉ុន្តែ​គេពុំ​ឃើញ​លេខា​បក្ស​ខេត្ត​រូបនេះ អះអាង​ពី​ការបន្ធូរបន្ថយ​សេរីភាព​នានា ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នោះទេ​៕​ ប្រភពព័ត៌មាន៖ CEN