ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

ឱ ! ខ្មែរក្រោមអឺយសូមមេត្តា គិតគូរពិចារណ៍កុំមានៈ
ស្តាប់ប្រាជ្ញបណ្ឌិតគិតតាមចាស់ ត្រូវគិតឲ្យច្បាស់រឿងស្នេហា ។
កុំឡែបឡកឡឺយឆ្លើយផ្តោះផ្តង ផ្គងចិត្តគិតប៉ងចងស្ម័គ្រស្មា_
គមផ្តុំផ្គុំផ្លុំភ្លើងស្នេហា នឹងប្រុសស្រីណាជាតិជាយួន ។
បានជាសង្សារស្មោះភក្តី ជាប្រពន្ធប្តីរបស់ខ្លួន
ក្បត់វង្សត្រកូលមេបាស្ងួន ដែលលោកថែថួនតសាវតារ ។
មិនហ៊ានឲ្យឆ្គងគន្លងដើម ស៊ូប្ដូរដង្ហើមជីពសង្ខារ
ព្រោះបុព្វហេតុជាតិសាសនា ទុកឲ្យខេមរាបច្ឆាជន ។
ដោយគិតថាផុតពីខ្លួនទៅ គង់តែមាននៅផៅពូជព័ន្ធុ៍
មិនភ្លើភ្លើតភ្លើនភ្លេចភ្លាំងភ័ន្ត ដោយភ្លើងមោហន្ធសម្ព័ន្ធយួន ។
ជាប្តីប្រពន្ធពាសព្រោងព្រាត យកយួនជាញាតិភ្លេចជាតិខ្លួន
សម្តែងឫកពាមារយាទយួន លែងចង់់ធ្វើខ្លួនជាខ្មែរទៀត ។
ដោយគិតថាខ្មែរពុំថ្លាថ្លៃ មានតែកាឡៃកែច្នៃជាតិ
ខ្មែរទៅជាយួនដ៏ចោលម្សៀត យកយួនជាញាតិក្បត់ជាតិខ្លួន ។
លុះកូនកើតមកលកលៃច្នៃ ឲ្យកូននិយាយភាសាយួន
បំបាត់ភាសាខ្មែរជាតិខ្លួន មិនអាសូរកូនឈាមជ័រខ្មែរ ។
ដែលនៅក្នុងខ្លួនពាក់កណ្តាល បណ្តោយឲ្យដាលឆ្លងឪម៉ែ
បងប្អូនសាច់ញាតិសន្តានខ្មែរ នាំគ្នាបង្វែរស្តីយួនត្រាប់ ។
ជីដូនជីតាចាស់កោងខ្នង ចៅមកម្តង ៗ ប៉ងសាសព្ទ
សាសងថ្នមថ្នាក់ចៅសំណព្វ និយាយយួនត្រាប់តាមចៅង៉ែត ។
គិតទៅគួរឲ្យអស់សំណើច នឹកស្ងើចឥទ្ធិពលនៃកូនង៉ែត
អាចនាំមនុស្សចាស់ផ្លាស់តាមភ្លែត ពោលច្បាស់ក្រឡែតក៉ងយ៉យឡាំ ។
បាង៉្វាយអុងង៉្វាយធឿងចាវញ៉េវ ឡាយដ៉ៃ បាបេវ បា ច៉ បាញ់ញ៉ាំ
ឯមីងមាធំក៏ពោលតាម ពោលយួនយូរស៊ាំពោលទាំងពូជ ។
ប៉ាកកាចារចងក្រងរឿងពិត មិនមែនប្រតិដ្ឋគិតបង្ខូច
បង្ខុសផុសផុលប៉ះពាល់ពូជ ជាល្អមិនខូចដូចរៀបរាប់ ។
ខ្ញុំឆ្ងល់ហេតុអីប្រុសស្រីខ្មែរ ស្អាតល្អណាស់ដែរមិនស្នេហ៍ភប់
ស្រឡាញ់រៀបការជាគូគាប់ ទៅងប់ប្តូរងាប់ជាប់នឹងយួន ។
ខ្លះយកជាលេសថាស្នេហា គ្មានទៅអាណាបែងខ្មែរយួន
រើសអើងជាតិសាសន៍ពុំសមសួន ទោះបីជាយួនក៏មនុស្សដែរ ។
ខ្លះលើកហេតុផលឫកក្អេងក្អាង ទះទ្រូងអះអាងថាខ្ញុំខ្មែរ
ទោះប្រពន្ធយួនក៏មិនប្រែ ភ្លេចបាយបាត្រខ្មែរចិញ្ចឹមខ្លួន ។
ទាំងមិនភ្លេចវត្តជាលំនៅ កាលនៅនិស្សិតស្និទ្ធស្នាក់ពួន
វត្តខ្មែរបាយខ្មែរទៅរៀនយួន យកប្រពន្ធយួនពេលរៀនចប់ ។
ខ្លះវិស្វករខ្លះប៉ូលិស តាមកុម្មុយនីស្តថ្កល់ចិត្តស៊ប់
លង់លាភប្រពន្ធធ្ងន់ងោងងប់ ដួលផ្កាប់មុខជ្រប់ឈប់ស្គាល់វត្ត ។
មើលងាយព្រះសង្ឃស្បង់ចីពរ ដែលខ្លួនធ្លាប់យក៍ធ្វើជាវត្ត
កាសាវពស្រ្តយ៉ាងប្រាកដ ទើបបានបួសព័ទ្ធរៀនចេះដឹង ។
កាលនៅល្ងង់ល្ងើពឹងលើវត្ត លុះចេះប្រាកដសឹកទៅវឹង
យួនឲ្យភ្នាក់ងារជាទីពឹង លែងដឹងគុណជាតិនិងសាសនា ។
បានងារតាំងខ្លួនជាសមត្ថកិច្ច មានភារកិច្ចត្រួតវត្តវ៉ា
មានតួនាទីធំអស្ចារ្យ គឺចារកម្មអាយ៉ាងយួន ។
ស្ម័គ្រស្មោះអស់ថ្លើមអស់ប្រមាត់ រាយការណ៍ស្ងាត់ ៗ ជូនមេខ្លួន
ព្រឹកល្ងាចចូលវត្តយ៉ាងខ្ចាប់ខ្ជួន យកការណ៍ឲ្យយួនក្បត់សាសនា ។
បើមានព្រះសង្ឃអង្គណាមួយ ចេះដឹងលើកស្ទួយជាតិខេមរា
បង្ហាត់បង្រៀនឬទេសនា ផ្សព្វផ្សាយសាសនាព្រះជិនស្រី ។
ឬលោកដឹកនាំពុទ្ធបរិស័ទ ឲ្យយល់ប្រាកដប្រវត្តិដី
កម្ពុជាក្រោមឆោមពិសី ជារដ្ឋបុរីអតីតខ្មែរ ។
ឬក៏លោកគិតចង់បង្កើត ឲ្យមានកំណើតស្មាគមខ្មែរ
ផ្នែកខាងយុវជននឹងគេដែរ ដើម្បីដាស់ខ្មែរឲ្យក្រោកឡើង ។
កុំឲ្យទ្រមក់លក់ឥតន័យ ដូចប្រមាត់ដីមិនឡើងទ្រើង
ឲ្យចេះត្រាប់ឃ្លោកយោគខ្លួនឡើង វល្លិរុំព័ទ្ធទ្រើងចេញផ្កាផ្លែ ។
ឲ្យភ្ញាក់កំណើតកើតគំនិត កម្ចាត់ងងឹតដូចដួងខែ
ញ៉ាំងជាតិឲ្យភ្លឺស្វាងនឹងគេ កុំឲ្យនៅតែស្រវាំងភ្នែក ។
បើមានពន្លឺភ្លឺត្រចះ ខ្មែរដាស់គ្នាក្រោកដោយសម្រែក
សាមគ្គីពួតដៃកុំបីបែក ព្រាត់ខ្ញែកជាតិស្លាប់សាសន៍សូន្យសុង ។
សម្រែកសាមគ្គីគ្រប់ទីឋាន ខ្មែរគង់ភ្ញាក់ប្រាណលែងវិងស៊ុង
ប្រកៀកស្មាគ្នាគ្រប់ខេត្តក្រុង សាមគ្គីមូលធ្លុងស្រង់ជាតិសាសន៍។
កុំឲ្យលង់លុះក្នុងដៃយួន រើខ្លួនតាមច្បាប់អន្តរៈ _
ជាតិចារចងចែងយ៉ាងច្បងច្បាស់ ចេញក្តីប្រកាសជាសកល ។
ថាជនជាតិដើមទូទាំងលោក ត្រូវយោគខ្លួនក្រោកដើរឲ្យដល់
សម្រេចវាស្នាខ្លួនឯងផ្ទាល់ ដែលច្បាប់សកលផ្តល់សិទ្ធិឲ្យ ។
ថាបើមានអ្នកហ៊ានឃោស្នា ប្រាប់ជាតិខេមរារឿងនេះធ្លោយ
មុខតែប្រចៀវចោមមុខក្រោយ ស៊ើបការណ៍ស្ងាត់ឲ្យយួនដឹងភ្លាម ។
ដើម្បីបានយសរស់លែងគិត អាយុជីវិតជាតិរួមឈាម
ធ្វើមនុស្សប្រចៀវតាមតោងទាម គឃ្លើនលលាមឥតចេះក្រែង ។
នេះជារឿងពិតជនទ្រុស្តញាតិ ទ្រុស្តមិត្រទ្រុស្តជាតិទ្រុស្តសាសន៍ឯង
ដូចចេកចេញផ្លែងាប់ដើមឯង ច្រែះដែកក៏រែងស៊ីដែកវិញ ។
សេះអស្សតរសម្លាប់មេ ផ្កាផ្លែឫស្សីបបុសវិញ
តែងតែសម្លាប់ដើមឯងចេញ ឯយ៉ាងណាមិញមនុស្សទ្រុស្តក្បត់ ។
អាក្រក់ទុច្ចរិតលោភលន់លាភ ជាជនថោកទាបនោះប្រាកដ
សម្លាប់ខ្លួនឯងឲ្យប្រាស់ព្រាត់ ទុក្ខគ្មានកំណត់ក្នុងអវិចី ៕
សូមសិក្សាពិចារណាពាក្យកាព្យបាលីរបស់ព្រះពុទ្ធ ខាងក្រោមនេះ
ផលំ វេ កទលឹ ហន្តិ ផលំ វេឡុំ ផលំ នឡំ
សក្ការោ កាបុរិសំ ហន្តិ គព្ភោ អស្សតរឹ យថា ។
សេចក្តីថា ផ្លែចេក តែងសម្លាប់នូវដើមចេក, ផ្លែឫស្សីតែងសម្លាប់នូវដើមឫស្សី, ផ្លែបបុសតែងសម្លាប់នូវដើមបបុស, សក្ការៈតែងសម្លាប់នូវបុរសអាក្រក់ គឺបុរសមានគំនិតទុច្ចរិតលាមក ដូចជាគភ៌នៃសេះអស្សតរ តែងសម្លាប់នូវមេសេះដូច្នោះដែរ ។
អ៊ីម៉ែលៈ tranthachdung9@gmail.com