ខ្ញុំព្រះករុណា ខ្ញុំបាទ ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម សូមថ្លែងអំណរព្រះគុណ-អរគុណជាអនេកប្បការ ចំពោះ ព្រះតេជព្រះគុណ, គណៈកម្មការ, អាចារ្យវត្តខ្មែរកម្ពុជាក្រោម ទីក្រុង ហាមិលតុន និងបងប្អូនទាំងអស់ នៅប្រទេសកាណាដា ដែលបានចំ ណាយពេលវេលា ទាំងកម្លាំងកាយ, កម្លាំងចិត្ត និងថវិកា ដើម្បីគាំទ្រ ឧបត្ថម្ភ ដល់អង្គមហាសន្និបាតសកលលើកទី៩ របស់សហព័ន្ធខ្មែរកម្ពុ ជាក្រោម ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី ១០-១២ ខែសីហា ឆ្នាំ ២០១២ បានប្រកបដោយភាពជោគជ័យ ជាប់ជាប្រវត្តិសាស្រ្ត។
ទន្ទឹមនឹងនេះដែរ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមថ្លែងអរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះសមាជិក-កា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ អញ្ជើញទៅ ចូលរួមអង្គមហាសន្និបាតសកលលើកទី៩ នៅប្រទេសកាណាដា ក្នុងស្មារតីសេ្នហាជាតិខ្ពស់ និងបោះឆ្នោត ផ្តល់ការទុកចិត្តលើគណៈកម្មការ នាយកថ្មី សម្រាប់អាណត្តិកាល ឆ្នាំ២០១២-២០១៦ នៃដំណើរឆ្ពោះ ទៅយក សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង។
ទឹកចិត្តស្នេហាជាតិដ៏មុះមុត របស់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសសមាជិក-កា នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម នៅជុំវិញពិភពលោក គឺជាកម្លាំងសាមគ្គីស្នេហាជាតិយ៉ាងពិតប្រាកដ ក្នុងការជំរុញឱ្យនាវា សហព័ន្ធខ្មែរកម្ពុជាក្រោម ឆ្ពោះទៅរកសិទ្ធិសេរីភាព និងជំនឿសាសនា នៅលើទឹកដីកម្ពុជាក្រោម នាពេល ខាងមុខនេះ។
តាងនាមខ្ញុំព្រះករុណា ខ្ញុំបាទផ្ទាល់ និងតំណាងឱ្យគណៈកម្មការ នាយកថ្មី នៃសហព័ន្ធ សូមសង្ឃឹមជានិច្ចនូវ ស្មារតីស្នេហាជាតិ របស់ បងប្អូនជនរួមជាតិ និងសូមជូននូវពុទ្ធពរទាំងឡាយ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ចូរកើតមានដល់ថ្នាក់ដឹកនាំ, សមាជិក-កា នៃសហ ព័ន្ធ និងបងប្អូនជនរួមជាតិទាំងអស់ គ្រប់ពេលវេលា។ សូមបងប្អូនជនរួមជាតិ ទទួលនូវការស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់។
ទីក្រុងតាខូមា, ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២
អំពីខ្ញុំព្រះករុណា-ខ្ញុំបាទ
ចៅ រៀប
ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម