ទិវារំឮកខួបឆ្នាំទី ៣ នៃការធ្វើបាតុកម្មអហិង្សារបស់ព្រះសង្ឃខ្មែរក្រោម
នៅខេត្តឃ្លាំង ដើម្បីទាមទារសិទ្ធិសេរីភាពជូនខ្មែរក្រោម
(០៨ កុម្ភៈ ២០០៧ – ០៨ កុម្ភៈ ២០១០)
ជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម តែងតែត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនីស្តវៀត ណាមរំលោភសិទ្ធិសេរីភាពតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន ក្នុងគោលបំណងលុបបំបាត់ ពូជសាសន៍ខ្មែរ ឲ្យរលាយចេញពីដែនដីកម្ពុជាក្រោម ក្រោយពួកគេបានត្រួតត្រាខ្មែរក្រោម កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ នោះមក ។
ការរស់នៅក្រោមរបបអាណានិគមវៀតណាម ខ្មែរក្រោមជានិច្ចកាលតែងតែក្រោកឡើងប្រឆាំង ដោយការធ្វើបាតុកម្ម និងពលិកម្មជីវិត ដើម្បីធ្វើការជំទាស់រាល់ការលុបបំបាត់ពូជសាសន៍ពីសំ ណាក់រដ្ឋាភិបាលអាណានិគមវៀតណាម ។
ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ របស់ខ្មែរក្រោមនាដើម សតវត្សរ៍ទី ២១ នេះ ដែលសមណសិស្សប្រមាណជាង ២០០ អង្គ នៃសាលាបាលីខេត្តឃ្លាំង ឋិតក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំង បានក្រោកឡើងធ្វើបាតុកម្មដោយអហិង្សាទាមទារ ឲ្យអាជ្ញាធរ វៀតណាមគោរពសិទ្ធិខ្មែរក្រោម ក្នុងនាមជាជនជាតិដើម នៅដែនដីកម្ពុជាក្រោម ។
ក្រោយការធ្វើបាតុកម្មនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ រដ្ឋាភិបាលវៀតណាម បានចាប់ព្រះ សង្ឃខ្មែរក្រោមចំនួន ៩ អង្គលាត់ស្បង់ចីវរផ្សឹកទាំងកម្រោល នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០០៧ ។ ព្រះសង្ឃទាំងនោះមាននាមដូចខាងក្រោម៖
១- ព្រះភិក្ខុ ថាច់ ឌើ ព្រះជន្ម ២៧ វស្សា នៅវត្តតាសេក ខែត្រឃ្លាំង។
២- ព្រះភិក្ខុ លី ហ្វាង ព្រះជន្ម ២២ វស្សា នៅវត្តសំរោង ខែត្រឃ្លាំង ។
៣- ព្រះភិក្ខុ លី តាំង ថុង ព្រះជន្ម ២៣ វស្សា នៅវត្តសំរោង ខែត្រឃ្លាំង ។
៤- ព្រះភិក្ខុ លី ថាន់ សួយ ព្រះជន្ម ២៨ វស្សា នៅវត្តទឹកប្រៃ ខែត្រឃ្លាំង ។
៥- ព្រះភិក្ខុ ថាច់ ស៊ុន ហ៊ាន ព្រះជន្ម ២១ វស្សា នៅវត្តតាម៉ឺន ខែត្រឃ្លាំង ។
៦- ព្រះភិក្ខុ តាំង ភៀន ព្រះជន្ម ២២ វស្សា នៅវត្តសេរីតាម៉ឺន ខែត្រឃ្លាំង ។
៧- ព្រះភិក្ខុ លី សឿង ព្រះជន្ម ៣៤ វស្សា នៅវត្តទឹកប្រៃ ខែត្រឃ្លាំង ។
៨- ព្រះភិក្ខុ ថាច់ ធឿង ព្រះជន ២៨ ព្រះវស្សា នៅវត្តទឹកប្រៃ ខែត្រឃ្លាំង។
៩- ព្រះភិក្ខុ គឹម មឿន ព្រះជន្ម ២២ វស្សា នៅវត្តតាសេក ខែត្រឃ្លាំង ។
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ព្រះសង្ឃ ៥ អង្គ គឺ ភិក្ខុ ដាញ់ តូន, ភិក្ខុ គឹម មឿន, ភិក្ខុ លី សឿង, ភិក្ខុ លី ហ្វាង, ភិក្ខុ ថាច់ ធឿង ត្រូវបានតុលាការប្រជាជនវៀតណាមកាត់ទោស ដាក់គុកចាប់ពី ២ ឆ្នាំ ទៅ ៤ ឆ្នាំ ។ ក្រៅពីនោះ មានសមណសិស្សសាលាបាលីជាច្រើនអង្គទៀត ត្រូវបានចាងហ្វាងសាលាបាលីបញ្ឈប់ការសិក្សា ។
ក្រោយពីការធ្វើបាតុកម្មនិងការចាប់ព្រះសង្ឃខ្មែរក្រោម ផ្សឹកដាក់ពន្ធនាគារនោះ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះភិក្ខុ អ៊ាង សុខ ធឿន ត្រូវបានឃាតកធ្វើឃាតនៅវត្តវត្តទ្រនំជ្រឹង ខេត្ត កណ្តាល ប្រទេសកម្ពុជា រហូតដល់បច្ចុប្បន្ននេះ សាកសពព្រះអង្គនៅមិនទាន់ត្រូវបានអាជ្ញាធរខ្មែរ អនុញ្ញាតឲ្យលើកយកមកធ្វើបុណ្យនៅឡើយទេ ។ លុះដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ព្រះតេជព្រះគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំឌិន ខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវសម្តេចសង្ឃខ្មែរ នៃប្រទេសកម្ពុជាចាប់ផ្សឹក ហើយបញ្ជូនទៅឲ្យវៀតណាមកាត់ទោសជាប់ពន្ធ នាគារ ១ ឆ្នាំ ។
ដោយមានការធ្វើបាតុកម្មរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោក និងមាន ការទាមទារពី សហព័ន្ធខ្មែរកម្ពុជាក្រោម ទៅសហគមន៍អន្តរជាតិ ជាពិសេសទៅវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ (UNPFII ) រដ្ឋាភិបាលវៀតណាមក៏បង្ខំចិត្តដោះលែងព្រះសង្ឃខ្មែរ ក្រោមឲ្យចេញពីពន្ធនាគារវិញ ។
ក្រោយពីបានចេញពីពន្ធនាគារ អតីតព្រះសង្ឃខ្មែរក្រោមទាំង ៥ អង្គ និង ព្រះតេជគុណ ទឹម សាខន បានភៀសខ្លួនទៅសុំសិទ្ធិជ្រកកោននៅប្រទេសថៃ ក្នុងអង្គការ UNHCR ហើយ ត្រូវបាន អង្គការមនុស្សធម៌មួយនេះជួយសង្គ្រោះ បានសិទ្ធិរស់នៅក្នុងប្រទេសទី ៣ ដោយសុវត្ថិភាព ។
អាស្រ័យដូចបានប្រគេននិងជំរាបជូនខាងលើ សហព័ន្ធខ្មែរកម្ពុជាក្រោម សូមធ្វើសេចក្តីអំពាវ នាវដល់ជនរួមឈាមខ្មែរ មេត្តានិមន្តនិងអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី ៣ ចំពោះការតស៊ូ ដើម្បីសិទ្ធិជំនឿសាសនានា ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១០ ខាងមុខនេះកុំបីខានឡើយ ។
សូមធ្វើការទាក់ទងតាមទីកន្លែង ដែលលោកនិងលោកស្រីរស់នៅ ដើម្បីចូលរួមញ៉ាំងកម្មវិធី នោះបានច្រើនកុះករ ។
សូមមេត្តាទទួលនូវសេចក្តីគោរពរដ៍ខ្ពង់ខ្ពស់ ។
ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១០
អំពីខ្ញុំព្រះករុណា ខ្ញុំបាទ
ថាច់ ង៉ុក ថាច់
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម.