លិខិតរំលែកទុក្ខ វត្តខេមររង្សី ក្រុងសាន់ហូស្សេ

អាត្មាភាព យើងខ្ញុំ ជាគណៈកម្មការសមាគមខ្មែរក្រោម វត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ នៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងជើង មានសេចក្តីក្រៀមក្រំ ពេលបានទទួលដំណឹងដ៏សែនរន្ធត់មួយ ដោយឧបទ្ទវហេតុដែលកើតឡើង នៅរមណីយដ្ឋាន កោះពេជ្រ រាជធានីភ្នំពេញ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ស្លាប់ប្រមាណជាង៣៧៨នាក់ និងរងរបួសជាង៧៥៥នាក់ (RFA.ORG/KHMER) កាលពីរាត្រី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។
តាងនាមគណៈកម្មការសមាគមខ្មែរក្រោម វត្តខេមររង្សី សូមសម្តែងនូវការសោកស្តាយ-តក់ស្លត់ជាពន់ពេក ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរ ដែលជាព្រឹត្តិការណ៍ ការណ៍នៃប្រវត្តិសាស្រ្ត មិនធ្លាប់កើតមាន នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាការបាត់បង់នូវទ្រព្យសម្បតិ្តជាតិដ៏ពិសិដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស សូមចូលរួមរំលែកមរណៈទុក្ខ ជាមួយនឹងក្រុមគ្រួសារសព និងជនរងគ្រោះទាំងអស់ ក្នុងព្រឹត្តិការណ៍សោកនាដកម្មដ៏ក្រៀមក្រំនេះ។
សូមឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខ័ន្ធនៃប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងឧបទ្ទ វហេតុនេះ បានទៅសោយ សុខក្នុងសុគតិភព និងជនរងគ្រោះទាំងអស់ ដែលកំពុងព្យាបាល នៅតាមមន្ទីរពេទ្យនានា និងសូមឱ្យ បានឆាប់រួចផុតពីគ្រោះចង្រៃនោះ។
សូមក្រុមគ្រួសារសព និងជនរងគ្រោះទាំងអស់ ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីអាត្មាភាព យើងខ្ញុំ។

ធ្វើនៅវត្តខេមររង្សី ក្រុងសាន់ហូស្សេ, ថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០១០

ព្រះភិក្ខុៈ សឺង យ៉ឹង រតនា
តំណាងព្រះសង្ឃ និងគណៈកម្មការវត្ត

.