ខ្ញុំបាទ តាំងនាមជាអធិបតី តំណាងឲ្យសសមាជិក -សមាជិកា នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម នៅជុំវិញពិភពលោក មានទុក្ខជាទម្ងន់ ពេលបានទទួលដំណឹងដ៏រន្ធត់មួយ ដោយឧបទ្ទវហេតុដែលកើតឡើង នៅកោះពេជ្រ រាជធានីភ្នំពេញ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ស្លាប់ប្រមាណជាង ៣០០នាក់ និងរងរបួសជាង ៥០០នាក់ (CEN.COM.KH) កាលពី រាត្រី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១០។
សហព័ន្ធខ្មែរកម្ពុជាក្រោម សូមសម្តែងនូវការសោកស្តាយនិងតក់ស្លត់យ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតប្រជា ពលរដ្ឋខ្មែរ យើងខ្ញុំសូមចូលរួមរំលែកមរណៈទុក្ខជាមួយនឹង ក្រុមគ្រួសារសព និងជនរងគ្រោះទាំងអស់ ក្នុងព្រឹត្តិការណ៍សោកនាដកម្មដ៏ក្រៀមក្រំនេះ។
សូមឲ្យវិញ្ញាក្ខ័ន្ធរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ដោយអកាលមរណៈនេះ បានទៅចាប់បដិសន្ធិ ក្នុងសុគតិភព។ មួយអន្លើចំពោះជនរងគ្រោះ ដែលកំពុងសំរាកព្យាបាល នៅតាមមន្ទីរពេទ្យនានា សូមឱ្យបានឆាប់ជាសះស្បើយ និងឆ្លងផុតអំពី គ្រោះថ្នាក់គ្រប់ បែបយ៉ាង។
សូមក្រុមគ្រួសារនៃសព និងបងប្អូនរងគ្រោះទាំងអស់ ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ។
ធ្វើនៅកាណាដា, ថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០១០
អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម
តោ គិម ថុង