លិខិតប្រគេននិងជូនពរឆ្នាំថ្មីរបស់អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមគោរពចំពោះបងប្អូនជនរួមជាតិ នៅគ្រប់មជ្ឈដ្ឋាន ដែលកំពុងរស់នៅឯមាតុភូមិកម្ពុជាក្រោម ក៏ដូចជាបងប្អូនខ្មែរ ដែលកំ ពុងរស់នៅក្នុងបណ្តាប្រទេសនានាជុំវិញពិភពលោកជាទីសក្ការៈ និងស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅជាទីបំផុត។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ឯកស័ក ព.ស ២៥៥៣ គ.ស ២០០៩ នេះ តាងនាមអធិបតី និងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំព្រះករុណា ខ្ញុំ សូមប្រគេន និងជូនពរបវរមហាប្រសើរ សិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ចូរចំរុងចំរើន កើតមានដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ខ្មែរទាំង អស់ គ្រប់ពេលវេលា។
 ឆ្នាំចាស់កន្លងផុតទៅ ដោយបន្សល់ទុកនូវស្នាដៃ និងអនុស្សាវរីយ៏ជាច្រើន សន្ធឹកសន្ធាប់ ដែលបងប្អូនជនរួមជាតិ បានកសាងទុក។ ប្រជាជនខ្មែរ នៅព្រះរាជាណា ចក្រកម្ពុជា ក៏ដូចជាប្រជាជនខ្មែរនៅបរទេស បានខិតខំថែរក្សា ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់ ដែលបុព្វបុរសខ្មែរ លោកបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយប្រតិបត្តិ តាម។ ជាក់ស្តែងក្នុងរដូវបុណ្យចូលឆ្នាំថ្មីនេះ បងប្អូនខ្មែរនៅគ្រប់ទីកន្លែង ក៏ដូចជានៅឯ មាតុភូមិកម្ពុជាក្រោមដែរ បានចូលរួមអបអរសាទរ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី យ៉ាងអធិក អធ័ម ទៅតាមប្រពៃណីជាតិ ដើម្បីឧទ្ទិសមគ្គផល ជូនដល់បុព្វការីជន និងបងសួងដល់ ទេវតាឆ្នាំថ្មី ដែលត្រូវជំនួសតំណែងទេវតាឆ្នាំចាស់ មកថែរក្សាមនុស្សលោកយើងនេះ សូមតាមជួយបីបាច់ ថែរក្សា ឲ្យបានសេចក្តីសុខ ចម្រុងចម្រើន និងបំពេញកិច្ចការអ្វីឲ្យ បានសម្រេចដូចក្តីប្រាថ្នា។ ដោយឡែកនៅឯកម្ពុជាក្រោមឯណោះវិញ ពិតមែនតែយួន ខំ គំរាមគំហែង គាបសង្កត់ បំផ្លិចបំផ្លាញ រំលោភបំពាន បំបិទ សិទ្ធិសេរីភាពខាងជំនឿ សាសនា និងដក់រឹបដីធ្លីស្រែចំការ ក្នុងគោលបំណង ធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូន ជនរួមជាតិរស់នៅកាន់តែមានភាពទល់ក្រ និងជួបប្រទះវិបត្តិគ្មានពេលល្ហែល្ហើយ ក៏ ដោយ ក៏គួរឲ្យកោតសរសើរយ៉ាងក្រៃលែង ចំពោះជនរួមលោហិត ដែលនៅតែប្រកាន់ ខ្ជាប់នូវសតិសម្បជញ្ញៈ របស់ខ្លួនប្រកបដោយមនសិការជាតិដ៏ឧត្តុង្គឧត្តម ស្របទៅនឹង ផែនការក្នុងដំណើរឆ្ពោះទៅកាន់មាតុភូមិ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងអនុវត្តនូវ មាគ៌ាអហឹង្សា ស្របតាមច្បាប់អន្តរជាតិ ដើម្បីស្វែងរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួន ឯងពីរបបអាណានិគមយួនបច្ចុប្បន្ន។
 ឆ្នាំថ្មីនេះ ជាឱកាសសម្រាប់ឲ្យយើងទាំងអស់គ្នា បន្តបំពេញភារកិច្ចសង្គម ឲ្យកាន់ តែប្រសើរឡើង ក្នុងស្មារតីស្នេហាជាតិពិតប្រាកដ ព្រមទាំងបង្កើននូវគំនិតថ្មី ដើម្បីស្វែង រកសេចក្តីសន្តោស យោគយល់ អំណតអត់ធន់ និងអនុវត្តនូវសច្ចភាព ចំពោះការទំនាក់ ទំនងរវាងគ្នានិងគ្នា ដែលជាវិធីមួយអាចនាំមកនូវដំណោះស្រាយជាវិជ្ជមាន និងស្រប ទៅតាមនឹងទិសដៅនៃសហព័ន្ធខ្មែរកម្ពុជាក្រោម គឺប្រមូលមិត្ត ហើយបន្ថយសត្រូវ រួម កម្លាំងកាយ កម្លាំងចិត្ត សតិបញ្ញា រិះរកផ្លូវដ៏ត្រឹមត្រូវរក្សាគោលជំហរយ៉ាងម៉ឹងម៉ាត់ ក សាងសង្គមខ្មែរក្រោម ឲ្យមានប្រសិទ្ធិភាព និងឈានទៅដល់ទិសដៅ នៃគោលការណ៏ របស់យើងទាំងអស់គ្នា។ យើងទាំងអស់គ្នា ត្រូវរួបរួមកម្លាំងសាមគ្គីជានិច្ច មិនត្រូវបែក បាក់ដោយពាក្យញុះញង់របស់គេឡើយ។ សុភាសិតខ្មែរបានពោលថា “ឈ្លោះគ្នាក្នុងគ្រួ សារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញ ចោរ”។ នេះគឺជាគតិធម៌របស់ដូនតាយើងបន្សល់ទុកមក សម្រាប់ឲ្យយើងជាខ្មែរគ្រប់រូប ជាពិសេសសម្រាប់ថ្នាក់ដឹកនាំសង្គមគ្រប់រូប ធ្វើការពិចារណានិងជៀសវាងផងដែរ។
 ឆ្នាំថ្មីនេះ ជាខួបឆ្នាំទី៦០នៃទិវាដែលបារាំងប្រគល់ដែនដីកម្ពុជាក្រោម ទៅឲ្យយួន ហើយក៏ជាខួបឆ្នាំទី២ ដែលអង្គការសហប្រជាជាតិ អនុម័តសេចក្តីប្រកាសអំពីសិទ្ធិជន ជាតិដើម គឺសិទ្ធិរបស់អ្នកម្ចាស់ស្រុក។ ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវបងប្អូនខ្មែរក្រោម គ្រប់និន្នាការនយោបាយ ខំបំពេញភារកិច្ចការជាកូនខ្មែរអ្នកជាតិនិយម កុំបណ្តោយឲ្យ ពេលវេលាឆ្លងទៅ ពីមួយឆ្នាំហើយមួយឆ្នាំទៀត ដោយឥតប្រយោជន៍។
សូមបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ និងទេវតាឆ្នាំថ្មី ព្រះនាម រាក្សសាទេវី ជួយសន្តោសចិត្តមនុស្សលោកឲ្យចេះគោរព និងស្រឡាញ់គ្នា។ សូមឲ្យខ្មែរកម្ពុជាក្រោម ឆាប់ទទួលបាននូវសិទ្ធិសេរីភាព ហើយសូមឲ្យពិភពលោក បានប្រកបទៅដោយសន្តិ ភាព និងវឌ្ឍនភាពជានិច្ចនិរន្តរ៏៕
ប្រទេសកាណាដា, ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០៩
  តោ គឹម ថុង
អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម.