លិខិតថ្លែងអំណរគុណរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម

លោក លោកស្រី និងបងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋាន ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
ក្នុងនាមខ្ញុំបាទផ្ទាល់ និងគណៈកម្មការនាយក សមាជិក-កា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរព្រះគុណនិងអរគុណដ៏ស្មោះអស់ពីដួងចិត្ត ចំពោះព្រះថេរានុត្ថេរៈ និងបងប្អូនជន រួមជាតិគ្រប់ទិសទី ដែលបានលះបង់ពេលវេលាដ៏មមាញឹក ទាំងកម្លាំងស្មារតី និងថវិកា ចូលរួម គាំទ្ររាល់សកម្មភាពអហឹង្សា លើឆាកអន្តរជាតិ ចំពោះករណី លោកគ្រូ ទឹម សាខន និងអតីត ព្រះសង្ឃខ្មែរក្រោម៥អង្គ ដែលជាប់ពន្ធនាគារ នៅប្រទេសយួនកន្លងមក។
ទី១- លោកគ្រូ ទឹម សាខាន ជាអតីតព្រះចៅអធិការវត្តភ្នំដិន ដែលត្រូវបានក្រុមមន្រ្តីសង្ឃ ៧មករា ទេព វង្ស, នន្ទ ង៉ែត, សៅ ចាន់ថុល, ណយ ច្រឹក, ជៀស ឱម, អម លឹម ហេង និង ឡុង គឹម លាង ចាប់ផ្សឹករួចបញ្ជូនទៅដាក់គុកនៅប្រទេសយួន ដោយចោទពីបទបំបែកបំបាក់មិត្តភាព កម្ពុជាយៀកណាម កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៧។ បច្ចុប្បន្ននេះលោកគ្រូ ទឹម សាខន បានមកតាំងទីលំនៅប្រទេសស៊ុយអែត ក្រោយពីបានការឧបត្ថម្ភគាំទ្រ ពីសំណាក់បងប្អូនជនរួម ឈាមខ្មែរគ្រប់ទិសទី រួមជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។
ទី២- អតីតព្រះសង្ឃខ្មែរក្រោម៥អង្គ ដែលត្រូវរដ្ឋាភិបាលយួន ចាប់ផ្សឹកនិងដាក់គុកចាប់ ពី២ឆ្នាំដល់៤ឆ្នាំនោះគឺ៖ លោក លី សឿង, លោក លី ហ្វាង, លោក គឹម មឿន, លោក ដាញ ទូន និង ថាច់ ធឿង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧ បន្ទាប់ពីធ្វើបាតុកម្មអហឹង្សា ទាមទារសិទ្ធិសេរី ភាព និងជំនឿសាសនា នៅកម្ពុជាក្រោម។ បច្ចុប្បន្នបានមកតាំងទីលំនៅប្រទេសស៊ុយអែត និង ហូឡង់ដ៍ ដោយមកពីការគាំទ្រពីសំណាក់បងប្អូនជនរួមឈាមទាំងក្នុងនិងក្រៅស្រុក រួមទាំងអង្គ ការអន្តរជាតិ។
ទី៣- លោក សឺង សាវ៉ាង អតីតប្រធានសាខាមិត្តសមាគមខ្មែរក្រោម ស្រុកគិរីវង្ស ខែត្រ តាកែវ ក៏ត្រូវបានមកតាំងទីលំនៅប្រទេសហូឡង់ដ៍ ជាមួយនិងក្រុមគ្រួសារផងដែរ។
លោកសឺង សាវ៉ាង ត្រូវបានរដ្ឋអំណាចស្រុកនិងខេត្តតាកែវ ចោទពីបទការពារជនរួម ឈាមខ្មែរក្រោម ដែលរត់ភៀសខ្លួនពីទឹកដីកម្ពុជាក្រោម។

លទ្ធផលដែលលោកអ្នកទាំងនេះ បានមកតាំងទីលំនៅថ្មីក្នុងប្រទេសទី៣ ដែលប្រកបទៅ ដោយសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនោះគឺដោយសារ ៖
១- អំពើអយុត្តិធម៌ត្រូវតែទទួលនូវបរាជ័យ។
២- ការលះបង់និងវីរភាពដែលលោកអ្នកបានធ្វើចំពោះជាតិមាតុភូមិ។
៣- សាមគ្គីភាពរមែងទទួលនូវជោគជ័យ។
ដូចសេចក្តីប្រគេននិងជំរាបជូនខាងលើ សហព័ន្ធខ្មែរកម្ពុជាក្រោម និងសាមីជនរងគ្រោះ ទាំងអស់ សូមថ្លែងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះថេរានុត្ថេរ និងបងប្អូនជនរួមឈាមទាំងអស់ ដែលបានជួយឧបត្ថម្ភនិងចូលរួមក្នុងចលនាតស៊ូអហឹង្សានេះ។
តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម និងសាមីជនរងគ្រោះដោយអំពើអយុត្តិធម៌ សូមប្រសិទ្ធិ ពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ប្រគេន-ជូន ចំពោះព្រះថេរានុត្ថេរគ្រប់ព្រះអង្គ និងបង ប្អូនជនរួមឈាមទាំងអស់ សូមទទួលនូវពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមព្រះថេរានុត្ថេរៈ និងបងប្អូនជនជនរួមឈាម មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។

ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៩

អំពីយើងខ្ញុំព្រះករុណាខ្ញុំបាទ

ថាច់ ង៉ុក ថាច់
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម.