លិខិតថែ្លងអំណរគុណ ក្រុមគ្រួសារសព លោក សំ បូរិន្ទ

តាងនាមអោយគ្រួសារសព​  លោក សំ​​ បូរិន្ទ​  ខ្ញុំព្រះករុណា​  នាងខ្ញុំ​​​​​​​​​  ខ្ញុំបាទ  ជាភរិយា​  ព្រម​ទាំងបុត្រ​ធីតា​ទាំងបួនរូប  សូមថ្លែងអំណរគុណយ៉ាង​ជ្រាលជៅ្រ​ចំពោះ ព្រះតេជគុណគ្រប់ព្រះអង្គ  ញាតិមិត្ត​ជិតឆ្ងាយ  ព្រមទាំងបងប្អូន​សប្បុរសជនទាំងអស់  ដែលមាន​សន្តានចិត្តដ៏បរិសុទ្ធ​  ជ្រះថ្លា  ​បានស្រុះ​​​​ស្រួលមូល​មតិ​គ្នា​ជួយ​គាំទ្រ ចាត់ចែង​និង​រៀបចំ​ពិធីបុណ្យ​បូជាសព ស្វាមី​ និងបិតា របស់​ខ្ញុំព្រះករុណា  នាងខ្ញុំ  ខ្ញុំបាទទាំងអស់គ្នាអោយ​​ អាច​ប្រព្រឹត្តិ​ទៅ  ​ប្រកបដោយ​ភាពសមរម្យ​​ និង​ជោគជ័យ។

ខ្ញុំព្រះករុណា  នាងខ្ញុំ  ខ្ញុំបាទ  ជា​ភរិយា​  និងជាបុត្រធីតា​  ក៏សូមថ្លែងអំណរគុណម្តង​ទៀត​​ ចំពោះ​ព្រះ​តេជគុណគ្រប់ព្រះអង្គ  សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​  ដែលមានលោកប្រធានប្រតិបត្តិ  ថាច់ ង៉ុក​ ថាច់​ ជាមេដឹកនាំ  សាខា​សហព័ន្ធ​នៅតាមបណ្តារដ្ឋនានា​ នៅក្នុងសហរដ្ឋ​អាមេរិក  ប្រទេស​កាណាដា  ប្រទេស​បារាំង​  សហគមន៍​អឺរុប  សមាគមន៍​  និងគណ:បក្ស​នានា  ព្រម​ទាំង​បងប្អូន​ញាតិមិត្តជិតឆ្ងាយ​ទាំងអស់  ដែលបានចូល​បច្ច័យ​​តាម​រយ:​​ប្រអប់សំបុត្រ តាមរយ:​វិទ្យុ​ខ្មែរពិភពលោក និងមកដោយផ្ទាល់ ដើម្បីជាកិច្ចចូលរួមមរណ:ទុក្ខ​ និងជួយ​សំរួល​នៅ​ក្នុងការ​ចំណាយសំរាប់ពិធីបុណ្យបូជា​សព ស្វាមីនិងបិតារបស់ខ្ញុំព្រះករុណា​ នាងខ្ញុំ​  ខ្ញុំបាទ​ទាំងអស់​គ្នា។

ខ្ញុំព្រះករុណា​  នាងខ្ញុំ  ខ្ញុំបាទ  ក៏សូមឆ្លៀត​​ពេលនេះសូមថែ្លងអំណរគុណផងដែរ  ចំពោះបង​ប្អូន​ញាត្តិមិត្ត​ទាំង​អស់​​​គ្នានៅក្នុងសហរដ្ឋអាមេរិកក្តី  កាណាដាក្តី​  និងពីក្នុងមាតុភូមិកម្ពុជាក្តី  ដែល​លោកបានខំ​ប្រឹង​ប្រែង  ផ្ញើរថ្នាំ​  ស្វះ​ស្វែងរកគ្រូបុរាណ  តាំងសីលធ្វើសមាធិពីចំងាយជាក្រុម​​​ ឬដោយម្នាក់អែង  ក្នុងគោល​បំណង​​ជួយ​​ព្យាបាល​​ស្វាមី​ព្រមទាំងបិតាយើងខ្ញុំអោយបានជា​សះ​ស្បើយ។  ទោះបីស្វាមី​​និងបិតារបស់យើងខ្ញុំ​មិន​អាចជា​សះស្បើយ​បាន​ដូច​បំណងក្តី  និងបានលា​យើង​ទាំងអស់ទៅកាន់ភពថ្មី​ហើយក៏ដោយក្តី​  ក៏ការខំស្វះស្វែង​ខ្នាស់​ខ្នែង ដែល​ផុះចេញ​ពី​ឆន្ទ:​​ដ៏​បរិសុទ្ធរបស់ព្រះតេជគុណ  និងលោកអ្នកទាំងអស់គ្នា  មិនអាចអោយយើងខ្ញុំជា​គ្រួសារ​ភ្លេច​បាន​ឡើយ។  សន្តានចិត្តស្រឡាញ់ស្មោះស្ម័គ្រ​របស់លោកអ្នក  ចំពោះស្វាមីនិងបិតា​របស់​យើង​ខ្ញុំ​ដែលមិនអាចរក​បាន​នេះ​ និង​គុណូបការ:​​របស់​ព្រះតេជគុណ​និងលោក​អ្នក​ទាំងអស់គ្នា នៅតែដក់ជាប់ក្នុង​បេះដូង​​ របស់​​ខ្ញុំ​ព្រះ​ករុណា​​ នាងខ្ញុំ​ ខ្ញុំបាទ​​ជានិច្ច។

ដោយពេលវេលាមិនអនុគ្រោះ  ខ្ញុំព្រះករុណា  នាងខ្ញុំ  ខ្ញុំបាទ​  សូមអភ័យទោសពីសំណាក់​លោក​អ្នក​ជា​សប្បុរសជនទាំងអស់ ដោយយើងខ្ញុំមិនអាចរៀបរាប់​ព្រះនាមនិងនាមបានគ្រប់ៗគ្នា​នៅក្នុង​សេចក្តី​ថ្លែងនេះ។​  ទោះបី​យ៉ាង​​ណាក្តី​ ព្រះនាម​របស់ព្រះតេជគុណ ព្រមទាំងនាមរបស់លោកអ្នក​ ត្រូវបានលោកប្រធាន​វិទ្យុ​ខ្មែរ​ពិភព​លោក​  ចាត់ចែងផ្សាយ​ជូនជ្រាបតាមថ្ងៃ​នីមួយៗ  ព្រមទាំងមានដាក់ជាអក្សរ​រត់​នៅលើ​គេហទំព័រនៃ​វិទ្យុនោះទៀត​ផង។  ខ្ញុំព្រះករុណា​  នាងខ្ញុំ  ខ្ញុំបាទ សូមអភ័យទោសម្តងទៀត​​  ចំពោះ​ការខុសឆ្គង​ទាំង​ឡាយ​ណា​ដែល​កើតមានជា​ពាក្យ​សំដី​​ក្តី  ឬជាកាយវិការក្តី  ពីសំណាក់ខ្ញុំព្រះករុណា  នាងខ្ញុំ​និងបុត្រធីតា  នៅ​មុន​  ឬក្រោយពិធី  ឬតទៅមុខទៀតក្តី។  ខ្ញុំព្រះករុណា  នាងខ្ញុំ  ខ្ញុំបាទ​សង្ឃឹមថា  ព្រះ​តេជគុណ​  ព្រមទាំង​បងប្អូន​ញាតិ្តមិត្តិទាំងអស់​ពិតជាយោគ​យល់​ ផ្តល់​មេត្តាធ៌ម  ព្រមទាំងអនុគ្រោះចំពោះការ​ខ្វះខាត​នេះ  ដល់ខ្ញុំព្រះករុណា  នាងខ្ញុំ​  ខ្ញុំបាទ​ជាក់ជាមិនខាន។

ជាទីបពា្ចប់  ខ្ញុំព្រះករុណា  នាងខ្ញុំ  ខ្ញុំបាទ  សូមថ្វាយ​ព្រះពរនិងជូនពរព្រះតេជគុណគ្រប់ព្រះអង្គ​  ព្រម​ទាំង​សប្បុរសជន  និងបងប្អូនញាត្តិមិត្តទាំងអស់ សូមមានសុខភាពបរិបូណ៌  ទទួលជោគជ័យ​ក្នុងការងារនិង​អាជីវកម្ម  ព្រមទាំង​មាន​អាយុយឺនយូរ  រស់នៅជួបជុំគ្រួសារដោយសុខសាន្ត និងពោរពេញទៅដោយភាព​សប្បាយ​រីករាយ​ជាអង្វែង​តរៀងទៅ។

សូមអរព្រះគុណ  និងអរគុណ​​​​​​​ !                                                                                                            ដោយសេចក្តីគោរព                                                                                  ​​            ​

ពីគ្រួសារសព  លោក  សំ  បូរិន្ទ