លិខិតរំលែកទុក្ខ ជូនចំពោះ គ្រូសារ ព្រះសង្ឃ និង គណៈកម្មការវត្ត ព្រះសព ព្រះតេជព្រះគុណ យឿង ស៊ិន ព្រះចៅអធិការ វត្តសាមគ្គីរង្សី និងជាព្រះប្រធាន នៃសមាគម ខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រ កម្ពុជា។
ខ្ញុំព្រះករុណា ខ្ញុំបាទ តោ គឹម ថុង អធិបតីសហព័ន្ធ ខ្មែរកម្ពុជាក្រោម (KKF) និងក្នុងនាមខ្លួនខ្ញុំព្រះករុណា ខ្ញុំបាទនិងគ្រួសារផ្ទាល់មានទុក្ខជាទម្ងន់ ពេលបានទទួលដំណឹងថា ព្រះតេជព្រះគុណ យឿង ស៊ិន ព្រះចៅអធិការវត្តសាមគ្គីរង្សី និងជាព្រះប្រធាននៃសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា បានទទួលអនិច្ចធម្ម កាលពីថ្ងៃអង្គារ៍ ៥ រោច ខែភទ្របទ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា គ.ស.២០១០ ម្សិលមិញនេះ ។
ក្នុងនាមអធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមសម្តែងនូវការសោកស្តាយ និងអាឡោះ អាល័យយ៉ាងខ្លាំង ចំពោះការទទួលអនិច្ចធម្មរបស់ព្រះតេជព្រះគុណ យឿង ស៊ិន ព្រោះការ ទទួលអនច្ចធម្មរបស់ព្រះអង្គ គឺជាការបាត់បង់នូវអគ្គមគ្គុទេសក៍ ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដ៏គំរូក្នុងយុគសម័យថ្មីនេះ ដែលជានិច្ចកាលព្រះអង្គតែងតែបូជាព្រះកាយពល ដើម្បីបុព្វហេតុ ជាតិ និងព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម ជាពិសេសព្រះអង្គបានចូលរួមសកម្មភាព តស៊ូយ៉ាងសកម្ម ដោយសន្តិវិធីក្នុងឆាកអន្តរជាតិជាមួយនាវាសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងទិសដៅជម្រុញឲ្យរដ្ឋាភិបាលបក្សកុម្មុនិស្តវៀតណាម គោរពសិទ្ធិជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម និងក្នុងគោលដៅ «មាត៌ាឆ្ពោះទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» តាមច្បាប់អន្តរជាតិ ។ អនុស្សាវរីយ៍មួយ ដែលរស់រវើកក្នុងចិត្ត ខ្ញុំព្រះករុណា ខ្ញុំបាទ គឺ នៅពេលបានជួបព្រះតេជព្រះគុណ យឿង ស៊ិន ក្នុងសន្និសីទទីក្រុងឡាអេនាឆ្នាំ២០០៦។ កាលនោះ បើទោះបីជាមានអាពាធយាយីក៏ដោយ ព្រះអង្គនៅតែខំនិ មន្តតាមដំណើរចរ យាត្រាសន្តិភាព ចម្ងាយច្រើនគីឡូមែត្រ ពីសាលាក្រុង ឆ្ពោះទៅវិមានតុលាការអន្តរជាតិ ដោយមិនថុញថប់។
ទោះបីព្រះកាយរបស់ព្រះតេជព្រះគុណ យឿង ស៊ិន បានលាចាកលោកទៅហើយក្តី តែសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោមទាំងអស់ នៅតែចងចាំជានិច្ចនូវគំរូវីរភាព របស់ព្រះអង្គ ដែលបានបូជាកម្លាំងកាយពល និងប្រាជ្ញាស្មារតីដើម្បីបុព្វហេតុជាតិខ្មែរ នៅកម្ពុជាក្រោម និងសូមចាត់ទុកថា ព្រះតេជព្រះគុណ យឿង ស៊ិន គឺជាព្រះវីរសមណៈ ខ្មែរក្រោមមួយអង្គក្នុងសតវត្សរ៍ទី ២១ និងនៅក្នុងសហសវត្សរ៍ថ្មីនេះ ។
សូមឲ្យព្រះវិញ្ញាក្ខន្ធរបស់ព្រះតេជព្រះគុណ យឿង សិន បានសោយក្នុងឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមក្រុមគ្រួសារ ព្រះសង្ឃ និងគណៈកម្មការវត្តនៃព្រះសពទទួលនូវការគោរពដ៏ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ខ្ញុំព្រះករុណា ខ្ញុំបាទ ។
ធ្វើនៅកាណាដា, ថ្ងៃទី ២៩ កញ្ញា ឆ្នាំ២០១០
អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម
តោ គឹម ថុង