ខ្ញុំបាទ ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានសេចក្តីក្រៀមក្រំ និងសោកស្តាយជាអនេក ចំពោះមរណភាព របស់លោក ថាច់ សាង (ហៅគ្រូម៉ាញ់) កាលពីថ្ងៃទីអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៣ទៀបភ្លឺ នៅរាជធានីភ្នំពេញ ដោយរោគាពាធ ក្នុងជន្មាយុ៦២ឆ្នាំ។ លោក ថាច់ សាង (ហៅគ្រូម៉ាញ់) ជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានបំពេញភារកិច្ចជាកូនខ្មែរក្រោមមួយរូបដ៏ជាគំរូ ក្នុងការទាមទារសិទ្ធិសេរីភាព និងជំនឿ សាសនា នៅទឹកដីកម្ពុជាក្រោម ពីនឹមអាណានិគមយួន។ លោក ថាច់ សាង គឺខ្មែរក្រោម ដ៏គំរូ ក្នុងការវីរភាព និងតស៊ូ អង់អាច ក្លាហាន ដើម្បីបុព្វហេតុសង្គមខ្មែរក្រោមជាដរាប។
ក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមចូលរំលែកមរណទុក្ខជាមួយ លោកស្រី ស៊ើង-គីមឡង ជា ភរិយា និងក្មួយៗទាំងអស់ នៃសព ដោយសេចក្តីសោកស្តាយជាពន់ពេក។
ខ្ញុំបាទ សូមបងសួងឱ្យវិញ្ញាណក្ខ័ន្ធលោក ថាច់ សាង (ហៅម៉ាញ់) បានទៅចាប់បដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកស្រីនិងក្មួយៗ ដែលត្រូវជាក្រុមគ្រួសារសព ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់។
ធ្វើនៅទីក្រុងតាខូមា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣
លោកព្រឹទ្ធាចារ្យ ចៅ រៀប