លិខិតរំលែកទុក្ខរបស់នាយកដ្ឋានសារព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម

លិខិតចូលរួមមរណទុក្ខ និងសំដែងសេចក្តីសោកស្តាយដ៏ធំធេង ចំពោះការសោយទិវង្គត នៃ ព្រះមហាវីរក្សត្រ ព្រះបិតាជាតិ នរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា

សូមក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រី មុនីនាថសីហនុ នៃព្រះរាជាណាចក្រកម្ពុជា

សូមក្រាបបង្គំទូលថ្វាយ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងនាមនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ទូលព្រះបង្គំ សឺង សម្រេច ព្រមទាំង ក្រុមបុគ្គលិក ព័ត៌មានទាំងអស់ សូមក្រាបបង្គំចូលរួមរំលែកនូវមរណទុក្ខ និងសូមសំដែងនូការសោកស្តាយ យ៉ាងធំធេង ជ្រាលជ្រៅ ចំពោះការសោយទីវង្គតនៃ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហនុ នៅទីក្រុងប៉េកាំង នៃប្រទេសចិនប្រជាមានិតុ។

ទូលព្រះបង្គំ ក្នុងនាមផ្ទាល់ជាខ្មែរក្រោមម្នាក់ បានចងចាំអំពីព្រះកាយវិការប្រកបដោយមេត្តាធម៌ យ៉ាងធំធេង ដែលព្រះមហាវីរក្សត្រធ្លាប់មាន ចំពោះប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមដ៏អភព្វ ដែលបានភៀសខ្លួន ចេញពីការ គ្រប់គ្រងគាបសង្កត់របស់រដ្ឋាភិបាលបរទេស ដើម្បីបានមកជ្រោកកោននៅក្នុងទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា ពីជំនាន់មួយទៅជំនាន់មួយ។ កន្លងទៅ ព្រះអង្គបានបង្ហាញនូវការគាំញទ្រយ៉ាកក់ក្តៅ ចំពោះ ការតស៊ូអហិង្សា របស់ សហពន្ធខ្មែរកម្ពុជាក្រោម ដើម្បីទាមទារសិទ្ធិសេរីភាពក្នុងនាមជាជនជាតិដើម។ រៀងរាល់ពេលមាន ទុក្ខសោកខ្លាំង ពលរដ្ឋខ្មែរក្រោមគ្រប់រូប តែងនឹករំពឹងដល់ព្រះអង្គជាមគ្គុទ្ទេសក៍ដ៏ភ្លឺស្វាង ហើយជានិច្ចជាកាល ខ្មែរក្រោមតែងបែរបន់សូមឲ្យព្រះរាជាណាចក្រខ្មែរបានសុខសាន្តសម្បូរសប្បាយ​ ឲ្យខ្មែរគ្រប់ភាគីនយោបាយ បានស្រុះស្រួលមូលមិត្តសាមគ្គីសាម្គាគ្នា ក្រោមព្រះរាជកិច្ចសម្រុះសម្រួលដ៏ប៉ិនប្រសព្វរបស់ព្រះអង្គ ដើម្បី បានជាទីសង្ឃឹមដល់ខ្មែរក្រោមផង។ សូមព្រះវិញ្ញាណក្ខន្ធព្រមហាវីរក្សត្របានសោយសុខ ក្នុងសុគតិភព និងជួយពន្យល់កូនចៅឲ្យចេះ ស្រឡាញ់រួបរួមសាមគ្គី ដើម្បីការពារប្រទេសជាតិតទៅ។

សូម ព្រះមហាវរមាតា មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា

សូម ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេត្តាទទួលនូវសេចក្តីគោរព ដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំ។

ធ្វើនៅសហរដ្ឋអាមេរិក ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១២

ហត្ថលេខា

សឺង សម្រេច

អគ្គនាយកព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម