រយៈពេល ១០ខែ មានប្រិយមិត្ត នៅជុំវិញពិភពលោក ចំនួន ១០២៩១១នាក់ ចូលស្តាប់ និងទស្សនា គេហទំព័រ វិទ្យុសំឡេងកម្ពុជាក្រោម

លោកអ្នកនាង និងមិត្តអ្នកស្តាប់ជាទីគោរពរាប់អាន វិទ្យុសម្លេងកម្ពុជាក្រោម គឺជាសម្លេងរបស់សហព័ន្ធ ខែ្មរកម្ពុជាក្រោមពិភពលោក ផ្សាយចេញពីសហរដ្ឋ អាមេរិក សម្រាប់បំរើ ដល់បងប្អូនជនរួមឈាមខែ្មរ និងខែ្មរក្រោម ដែលកំពុងរស់នៅ លើមាតុភូមិ កំណើតដ៏សែនស្រណោះរបស់យើង។ វិទ្យុសម្លេងកម្ពុជាក្រោម ផ្សាយជាខេមរភាសា ដែលផលិត ដោយសហព័ន្ធខែ្មរកម្ពុជាក្រោម បានចាប់បដិសន្ធិនូវថៃ្ងទី ០១ ខែមិថុនា ឆ្នាំ ២០០១ ក្នុងគោលបំណងផ្សព្វផ្សាយនូវព្រឹត្តិការណ៍ថ្មីៗ ពីមាតុភូមិកម្ពុជាក្រោម និង សកម្មភាព ចលនា តស៊ូ ដោយអហឹង្សា នៃសហព័ន្ធខែ្មរកម្ពុជាក្រោម លើឆាកអន្តរជាតិ ព្រមទាំងពាំនាំនូវទង្វើរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋអំណាចយួនកុម្មុយនិស្ត ទៅលើ បងប្អូនជនជាតិដើមខែ្មរក្រោម។ វិទ្យុសម្លេងកម្ពុជាក្រោម ជាប្រភពព័ត៌មានពិត ដើម្បីផ្តល់នូវ ភាពយុត្តិធម៌ សច្ចធម៌ ក្នុងការទាមទារសិទ្ធិសេរីភាព និងជំនឿ សាសនា ពីរបបគ្រប់គ្រងក្រុងហាណូយ ជូនដល់ បងប្អូនជនរួមឈាមខែ្មរក្រោម ដែលកំពុងទ ន្ទឹងរងចាំនូវ សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯងស្របតាមច្បាប់អង្គការសហប្រជាជាតិ។ វិទ្យុសម្លេងកម្ពុជាក្រោម ផ្សាយជារៀងរាល់ថៃ្ង តាមប្រព័ន្ធ អ៊ីនធឺណិត http://vokk.net សូមបញ្ជាក់ជូនថា តាមស្ថិតិចុងក្រោយនៃគេហទំពរ័វិទ្យុសំឡេងកម្ពុជាក្រោម ដែលប្រិយ មិត្តនៅជុំវិញពិភពលោក ចូលស្តាប់វិទ្យុសំឡេងកម្ពុជាក្រោម ចំនួន ១០២៩១១នាក់ នេះគិតចាប់ពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១០ រហូតមកទល់ថ្ងៃទី១ មករា ឆ្នាំ ២០១១នេះ។ ក្នុងនោះ មានប្រទេសកម្ពុជា, កម្ពុជាក្រោម ឬវៀតណាមភាគខាងត្បូង, កាណាដា, អូស្តា្រ លី, បារាំង, និងសហរដ្ឋអាមេរិកជាដើម ដែលចូលទស្សនា គេហទំព័រច្រើនជាងគេបំផុត។ នៅក្នុងឧកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១១នេះ  នាងខ្ញុំ និងសហការី នៃវិទ្យុសម្លេងកម្ពុជាក្រោម ទាំងនៅលើទឹកដីកម្ពុជាក្រោម, កម្ពុជា និងសហរដ្ឋអាមេរិក សូមប្រសិទ្ធិពរជ័យ ដល់ប្រិយមិត្ត អ្នកតាមដានស្តាប់នៅគ្រប់មជ្ឈដ្ឋាន សូមប្រកបដោយ ព្រះពុទ្ធពរទាំង ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ និងសូមថ្លែងអំណរព្រះ គុណនិងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រិយមិត្ត ដែលគាំទ្រការផ្សាយវិទ្យុសំឡេងកម្ពុជាក្រោម ជារៀងរាល់ថ្ងៃ។ សូមអរព្រះគុណនិងអរគុណ។

.