ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
ទីក្រុងឡុងដ្រ៍ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានធ្វើរបាយការណ៍ ពិភពលោករបស់ខ្លួន អំពីរដ្ឋាភិបាលវៀតណាម ដែលបានចាត់វិធានការបំបាត់សិទ្ធិ ក្នុងការបញ្ចេញយោបល់ សិទ្ធិនៃសមាគម និងសិទ្ធិនៃការរួមប្រជុំដោយសន្តិភាព ហើយធ្វើទារុណកម្មចំពោះអ្នកដែលហ៊ានសួរដេញដោល អំពីរឿងនយោបាយរបស់រដ្ឋាភិបាល ហ៊ានបញ្ចេញជាសាធារណៈ នូវអំពើពុករលួយរបស់មន្ត្រីរដ្ឋការ ឬក៏ហ៊ាន ទាមទារឲ្យមានការផ្លាស់ប្តូរ ពីការដែលមានគណបក្ខតែមួយ ទៅជាលិទ្ធិប្រជាធិបតេយ្យពហុបក្ខ។
ក្នុងរបាយការណ៍ដែលមាន៦៦៥ទំព័រ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានធ្វើការសើរើពិនិត្យ ទៅលើការវិវឌ្ឍន៍ផ្នែកសិទ្ធិមនុស្ស ក្នុងអម្លុងពេលដប់ឆ្នាំចុងក្រោយនេះ ចំពោះប្រទេសចំនួន៩០ រាប់ទាំងការធ្វើ វិភាគចំពោះស្ថានការណ៍ ក្រោយព្រឹត្តិការណ៍រំជើបរំជួលនៅបណ្តាប្រទេសអារ៉ាប់។
នៅឆ្នាំ២០១២ អាជ្ញាធរបានចាប់ចងសកម្មជនដោយគ្មានហេតុផល ឃុំឃាំងខ្លួនអ្នកទាំងនោះ មិនឲ្យជួប ប្រស្រ័យទាក់ទងអ្នកណាទាំងអស់ ក្នុងរយៈពេលដ៏យូរ ដោយគ្មានរកមេធាវី ឬក៏ឲ្យក្រុមគ្រួសារអាចជួបសួរសុខ ទុក្ខ ដោយធ្វើទារុណកម្ម ហើយកាត់ក្តីដោយតុលាការក្រោមឥទ្ធិពលសំពាតនយោបាយ ដែលបានកាត់ទោសឲ្យ ជាប់ពន្ធនាគារជាច្រើនឆ្នាំ ពីបទចោទប្រកាន់មិនច្បាស់លាស់ ថាបានរំលោភលើច្បាប់សន្តិសុខ ឬក៏បទឧក្រិដកម្ម ផ្សេងៗទៀត។
លោក ព្រេដ អាដាម ជានាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំទ្វីបអាស៊ី បានមានប្រសាសន៍ ថា “ ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសវៀតណាម បានដើរថយក្រោយមួយជំហ៊ានទៀត នៅឆ្នាំ២០១២ ដោយ រដ្ឋអំណាចបានអនុវត្តនយោបាយមួយដ៏តឹងរឹង មកពីមានបារម្ភចំពោះការកាន់តែរីកដុះដាលនូវសកម្មភាព បញ្ចេញមតិ ចំពោះរឿងនយោបាយ បញ្ហាសង្គម និងមិនពេញចិត្តចំពោះបញ្ហាសេដ្ឋកិច្ចជាតិ។ នៅពេលដែល ប្រទេសនៅជិតខាងដែលសមាជិកប្រទេសអេស៊ានដូចគ្នាដែរ គឺប្រទេសភូមា បានធ្វើឲ្យមានការប្រែប្រួលរីកចំរើន រដ្ឋាភិបាលវៀតណាមបែរជាដើរចេញពីជួរ ដោយអនុវត្តនូវនយោបាយធាក់ថយមួយ មានការគាបសង្កត់ចំពោះ សកម្មជន ហើយទប់ដំណើជឿនលឿន របស់ប្រទេសនេះទៅវិញ។”
ឆ្នាំដែលកន្លងទៅ មានការកើនឡើងជាហូរហែមិនដាច់ នូវការរិះគន់ចំពោះបក្ខកុម្មុយនិស្តកាន់អំណាច។
រដ្ឋមន្រ្តី ង្វៀង តាន់ យុង បានទទួលការរិះគន់វាយប្រហារ ទាំងនៅក្នុងជួររដ្ឋាភិបាល ទាំងពីសភាជាតិ នាំឲ្យមាន ការកោះហៅជាសាធារណៈពីសំណាក់សមាជិកសភា យឿង ទ្រុងក្វុក នៅខែវិច្ឆិកា ឲ្យលោក យុង លាលែងពី តំណែង។ ការរិះគន់កើតឡើងក្រោយពីមានការចាប់ខ្លួនពួកនាយទុនធំៗដែលមានខ្សែរយៈ និងពួកអគ្គនាយក នៃក្រុមហ៊ុនដែលរដ្ឋកាន់កាប់ ទាក់ទងអំពើពុករលួយ និងឧក្រិដកម្មសេដ្ឋកិច្ចផ្សេងទៀត ការធ្លាក់ចុះនៃទិន្នផល របស់ប្រទេសដល់ថ្នាក់ទាបបំផុតក្នុងអម្លុងពេល១៣ឆ្នាំចុងក្រោយ នេះ និងជម្លោះរបស់លោក យុង ជាមួយនឹង មន្ត្រីចាស់ទុំនៃរដ្ឋាភិបាលដ៏ទៃទៀត រាប់ទាំងលេខាបក្ខ និងប្រធានាធិបតីនៃប្រទេសវៀតណាម គឺលោក ត្រឿង តាន់សាង។
អ្នកចុះប្លក់ព្រមទាំងអ្នកដ៏ទៃទៀត បានចូលរួមក្នុងការរិះគន់រដ្ឋមន្ត្រីនិងអ្នកនយោបាយ។ ព្រឹត្តិការណ៍នេះ បណ្តាលឲ្យមានការចាប់ខ្លួននិងដាក់ពន្ធនាគារដ៏ច្រើនលើសលប់។ នៅចុងឆ្នាំ២០១២ សកម្មជនយ៉ាងតិចណាស់ ៤០នាក់ដែរ ដែលត្រូវបានជាប់ទោសនិងជាប់ពន្ធនាគារជាច្រើនឆ្នាំ ក្រោមមាត្រា៧៩(ទាក់ទងការបះបោរ) មាត្រា ៨៧(ទាក់ទងការបំបែកបំបាក់សាមគ្គីភាព) មាត្រា៨៨( ទាក់ទងការឃោសនាប្រឆាំងរដ្ឋ) មាត្រា៨៩(ទាក់ទងការ រំខានដល់សន្តិសុខជាតិ) និងមាត្រា២៥៨(ទាក់ទងការធ្វើឲ្យខូចខាតផលប្រយោជន៍ប្រទេស) នៃច្បាប់ព្រហ្មទន្ត ជាអត្រាមួយដែលឡើងខ្ពស់ឆ្ងាយ ពីឆ្នាំ២០១១។ យ៉ាងតិចណាស់ក៏មានសកម្មជន៣១នាក់ផ្សេងទៀត ដែល ត្រូវបានចាប់ខ្លួននិងជាប់ឃុំឃាំង ដោយគ្មានការកាត់ទោសរហូតមកដល់តំណាច់ឆ្នាំ២០១២កន្លងទៅ។
រដ្ឋាភិបាលមានគោលដៅក្នុងការបំបាត់សេរីភាពក្នុងការប្រើប្រាស់Internet តាមរយៈគម្រោងធ្វើក្រិត្យនិងការតាក់តែងច្បាប់របស់ខ្លួន និងប្រើប្រាស់នូវព័ត៌មានពីសេវ៉ានិងបណ្តាញInternet ដើម្បីគម្រាមកំហែងដល់ ការចុះផ្សាយនូវអត្ថបទ ដែលគេឲ្យឈ្មោះថាប្រឆំាងនឹងរដ្ឋាភិបាល ឬផ្ទុយពីសន្តិសុខជាតិ លាតត្រដាងនូវការងារ អាថ៌កំបាំង ឬផ្តើមបង្ករឲ្យមានជាគំនិតប្រតិកម្ម។ រដ្ឋាភិបាលបន្តបំបិទច្រកផ្លូវចំពោះគេហទំព័រ ដែលទាក់ទងនឹង នយោបាយ ហើយបានបញ្ជាឲ្យម្ចាស់ហាងកាហ្វេដែលមានការប្រើប្រាស់Internet ឲ្យកត់ឈ្មោះទុកក្នុងបញ្ជី នូវ អ្នកដែលបានប្រើ Internetនៅកន្លែងរបស់ខ្លួន។ នៅខែកញ្ញា លោក យុង បានបញ្ជាឲ្យជម្រុញការងារនេះ ដោយ កោះហៅចំពោះរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ឲ្យផ្តោតការងារចំពោះអ្នកចុះប្លក់ និងគេហទំព័រដែលគ្មាន អនុញ្ញាតពីអាជ្ញាធរ ដើម្បីនឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលបានបង្កើតគេហទំព័រទាំងនោះ។
លោក អាដាម បានមានប្រសាសន៍ថា “ប្រទេសដែលផ្តល់ជំនួយ និងដែលយកចិត្តទុកដាក់ក្នុងវឌ្ឍនភាព របស់វៀតណាម បានផ្តល់នូវជំនួយដោយចំនួនយ៉ាងច្រើន និងធ្វើវិនិយោគទុនដោយទឹកលុយដ៏ច្រើនលើសលប់ ដោយមិនបានប្រើឥទ្ធិពលរបស់ខ្លួនបន្តិចសោះ ក្នុងការបញ្ចប់នូវអំពើគាបសង្កត់អស់ទាំងនោះទេ”។ លោកបាន បន្តថា “ចំពោះរៀងរាល់របាយការណ៍ជាសាធារណៈ ដែលធ្វើការរិះគន់ចំពោះស្ថានភាពនេះពីសំណាក់រដ្ឋាភិបាល បរទេស តែងតែមានគណៈប្រតិភូនានាទៅធ្វើទស្សនកិច្ច ជាមួយនឹងរូបថត និងការផ្តល់ភាពស្របច្បាប់ចំពោះ រដ្ឋាភិបាលមួយ ប្រកបដោយស្ថិតិនៃការរំលោភសិទ្ធិមនុស្សដែលមិនអាចទទួលយកបាន។”
ការគាបសង្កត់ ដែលកាន់តែកើនឡើង
មានភស្តុតាងបង្ហាញពីការកើនឡើងនូវការគាបសង្កត់ ដើម្បីប្រឈមជាមួយនឹងការប្រឆាំងជំទាស់ ដែល កាន់តែកើនឡើង បណ្តាលឲ្យមានការកាត់ទោសជាហូរហែក្នុងឆ្នាំ២០១២ បណ្តាលឲ្យមានការចាប់ឃុំឃាំងខ្លួន អ្នកដែលទាមទារសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដូចមានក្នុងរបាយការណ៍ពិភពលោករបស់អង្គការឃ្លាំមើលសិទ្ធិ មនុស្សអន្តរាជាតិស្រាប់។ ឧទ្ទាហរណ៍ នៅខែមិនា គ្រូគង្វាលនៃសាសនាប៉្រូតែស្តង់ ឈ្មោះ ង្វៀង កុងជីញ បាន ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១១ឆ្នំា ដោយបទចោទប្រកាន់ថា បានធ្វើឲ្យរំខានដល់សាមគ្គីភាពជាតិ។” សកម្ម ជនសិទ្ធិមនុស្ស ហូ ទ្រីហ្វេ និង ង្វៀង ប៊ិចធុយ បានទទួលទោសជាប់ពន្ធនាគារ២ឆ្នាំ ពីបទចោទថាបានចូលរួមធ្វើ បាតុកម្មតវ៉ាអំពីរឿងដីធ្លីនៅខេត្តរោងដំរី ឬតាយនិញ។
ចំពោះករណីនៃការដាក់ទោសទណ្ឌផ្សេងទៀត នៅខែមិនា ឧសភា និងខែកញ្ញា សកម្មជនសាសនា កាតូលិកប្រាំនាក់ គឺ វូធីធូធុយ ង្វៀងវ៉ាន់ថាញ់ ដាវវ៉ាន់ដួង ត្រាន់ហ៊ូវឌុក និងជូមិញសុន បានត្រូវកាត់ទោសឲ្យជាប់ ពន្ធនាគារពី២ឆ្នាំកន្លះទៅ៤ឆ្នាំក្នុងម្នាក់ៗ ពីបទថាបានចែកចាយខិតប័ណ្ណឃោសានាលិទ្ធិប្រជាធិបតេយ្យ។ ក្នុង ដីការកោះរបស់តុលាការចុះថ្ងៃទី២៤ខែកញ្ញា បានកាត់ទោសចំពោះសកម្មជនអ្នកចុះប្លក់ប្រឆាំងដ៏ល្បី ឈ្មោះ គឺលោក ង្វៀងវ៉ាន់ហាយ (ហៅ ដៀវ កាយ) លោក តាផុងតាន់ និងលោក ផាន់ថាញ់ហាយ (ហៅអាញ់បា) ពីបទ ថាបានរំលោភទៅលើមាត្រា៨៨នៃក្រមព្រហ្មទណ្ឌ ហើយបានកាត់ទោសអ្នកទាំងនោះ ម្នាក់ៗឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ ១០ឆ្នាំ និង៤ឆ្នាំ តាមលេខរៀង (ដែលក្រោយមក លោក ផាន់ថាញ់ហាយ បានត្រូវកាត់បន្ថយទោស មកនៅត្រឹម៣ឆ្នាំវិញ)។ អាជ្ញាធរក៏បានប្រើប្រាស់មាត្រា៨៨ ដើម្បីបំបិទអ្នកចុះប្លក់និងសកម្មជនផ្សេងទៀត ។ នៅខែតុលា តន្ត្រីករ ត្រាន់វូអាញ់ប៊ីញ និង វូមិញទ្រី(ដែលគេស្គាល់ថាឈ្មោះវៀតខាង)បានត្រូវកាត់ទោសឲ្យជាប់ ពន្ធនាគារ៦ និង៤ឆ្នាំ ពីបទថាបានសរសេរទំនុកច្រៀងរិះគន់ចំពោះរបបគ្រប់គ្រង។
ឆ្នាំចាស់បានបញ្ចប់ទៅដោយការវាយប្រហារដ៏ធ្ងន់ធ្ងរមួយទៀត ចំពោះសិទ្ធិមនុស្សៈ ការចាប់ខ្លួននៅថ្ងៃ ទី២៧ខែធ្នូ ចំពោះមេធាវីការពារសកម្មជនសិទ្ធិមនុស្ស ឡេក្វុកកាន់ អំពីរឿងគេចពន្ធ ដែលមើលទៅហាក់ដូចជា រឿងនយោបាយសុទ្ធសាធ ក្រោយពេលដែលមេធាវីនោះបានសរសេរអត្ថបទរិះគន់ចំពោះតួនាទីដឹកនាំ ដែលបាន ត្រូវប្រគល់ទាំងស្រុងចំពោះបក្ខកុម្មុយនិស្ត ក្នុងប្រព័ន្ធនយោបាយនៃប្រទេសវៀតណាម។
បញ្ហាដីធ្លីគឺជាចំណុចក្តៅ ដែលកសិករក្នុងស្រុកនិងអ្នកភូមិនានា កំពុងតែប្រឈមជាមួយនឹងការរឹបអូស ដីធ្លីរបស់ពួកគេ ដោយមន្ត្រីរបស់រដ្ឋាភិបាល និងពួកឈ្មួញឯកជន។
លោក អាដាម បានមានប្រសាសន៍ថាៈ “ ជម្លោះដីធ្លី តែងនាំបណ្តាលឲ្យមានការប្រឈមគ្នាដោយអំពើ ហឹង្សា រវាងអ្នកភូមិជាម្ចាស់ដីនឹងកងកម្លាំងសន្តិសុខ លុះត្រាតែអាជ្ញាធរធ្វើតំណោះស្រាយដោយវិជ្ជមាន ចំពោះ អ្នកតវ៉ាដែលប្រកបដោយប្រជាប្រីយ៍ បើមិនដូច្នោះទេ បញ្ហារំជើបរំជួលក្នុងសង្គមនឹងផ្ទុះឡើងក្នុងពេលអនាគត ជៀសមិនផុតឡើយ។”
អ្នកតាមដានឃ្លាំមើលសិទ្ធិមនុស្ស ក៏បានយកចិត្តទុកដាក់ចំពោះបញ្ហាការធ្វើទារុណកម្ម និងការដែលពួក នគរបាលធ្វើការងារមិនត្រឹមត្រូវ។ យ៉ាងហោចណាស់ក៏មានមនុស្ស១៥នាក់ បានត្រូវស្លាប់នៅក្នុងមន្ទីរឃុំឃាំង របស់នគរបាល ក្នុងអម្លុងពេល៩ខែនៃឆ្នាំ២០១២ ដោយរាប់បញ្ចូលទាំងអ្នកដែលត្រូវគេវាយដំរហូតដល់ស្លាប់ នេះបើតាមចំនួនដែលកត់ត្រាដោយសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ។ ឧទ្ទាហរណ៍ នៅថ្ងៃទី៥ ខែសីហា អាជ្ញាធរ បានប្រើកម្លាំងបង្រ្កាបចំពោះក្រុមអ្នកធ្វើបាតុកម្មដោយសន្តិភាព ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រឆាំងតវ៉ា ជាមួយរដ្ឋាភិបាលនៃប្រទេសចិន ចំពោះបញ្ហាដែលប្រទេសនេះអាស់អាងខ្លួនជាម្ចាស់លើកោះប៉ារ៉ាសែល និង កោះស្ព្រែតលី ដែលប្រទេសវៀតណាមក៏បានប្រកាសជាម្ចាស់កម្មសិទ្ធិដែរនោះ។
ក្រិត្យលេខ៩២របស់រដ្ឋាភិបាល ចេញនៅថ្ងៃទី៨ខែវិច្ឆិកា ពង្រឹងចំពោះការត្រួតពិនិត្យលើសេរីភាព សាសនា ហើយបានដាក់ចេញនូវតម្រូវការទាំងឡាយ ដើម្បីឲ្យក្រុមអ្នកកាន់សាសនាអាចត្រូវបានទទួលស្គាល់ ដូចអ្វីដែលគេមិនបានចែងពីមុន អំពីរឿងថាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ជាទួទៅ រដ្ឋាភិបាលធ្វើការគាប សង្កត់ចំពោះសេរីភាពសាសនា តាមរយៈក្រិត្យច្បាប់ តម្រូវឲ្យមានការចុះឈ្មោះ ដោយការរុកគួនរំខាន និងដោយ គម្រាមកំហែងចំពោះក្រុមសាសនាដែលមិនបានត្រួតពិនិត្យ និងជាប់សង្ស័យពីរឿងធ្វើនយោបាយ រាប់ទាំងអ្នក កាន់សាសនាព្រះពុទ្ធ សាសនាប៉្រូតែស្តង់ សាសនាកាថូលិក និងអ្នកមានជំនឿសង្គមផ្សេងៗទៀត។
“ ឆ្នាំកន្លងទៅនេះ គួរតែជាការរំលឹកដាស់តឿនចំពោះប្រទេសខ្លះ ដូចជារដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងមានទំនាក់ទំនងពាណិជ្ជកម្មជាធម្មតា នៅពេលដែលប្រជាជននៃប្រទេសវៀតណាម តែងត្រូវបាន កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលដ៏យូរឆ្នាំ ដោយគ្រាន់តែបានធ្វើការបញ្ចេញមតិរបស់ខ្លួន។” លោក ព្រេដ អាដាម បានមានប្រសាសន៍។
To read Human Rights Watch’s World Report 2013 chapter on Vietnam, please visit:
www.hrw.org/world-report/2013/country-chapters/world-report-2013-vietnam
កំណត់សម្គាល់របស់វិទ្យុសំឡេងកម្ពុជាក្រោមៈ
ពិតមែនតែក្នុងរបាយការណ៍នេះ ពុំមាននិយាយអំពីការចោទប្រកាន់ ការជាប់ពន្ធនាគារ ការរត់ចោលស្រុក និង ការដែលត្រូវបានសម្លាប់ ចំពោះព្រះសង្ឃនិងជនស៊ីវិលខ្មែរកម្ពុជាក្រោម ដែលរស់នៅក្រោមការគាបសង្កត់បំបិទ សិទ្ធិសេរីភាពពីសំណាក់រដ្ឋាភិបាលវៀតណាម ប៉ុន្តែប្រសិនបើយើងគ្រាន់តែពិចារណាថា គ្រាន់តែចំពោះជនជាតិ យួនដូចគ្នា រដ្ឋាភិបាលនេះបានធ្វើអំពើអស់នេះ ដោយគ្មានញញើតចំពោះភ្នែកពិភពលោកបន្តិចសោះ តើចំពោះ ខ្មែរកម្ពុជាក្រោមវិញ កំពុងមានភពវាសនាយ៉ាងណាដែរទៅ ? វិទ្យុសំឡេងកម្ពុជាក្រោមសូមរំលឹកបញ្ជាក់ជូនថា នៅពេលដែលខ្ញុំព្រះករុណាខ្ញុំកំពុងតែអង្គុយនៅមុខកំព្យូទ័រ នៅថ្ងៃទី៧ខែមិនាឆ្នាំ២០១៣ ដើម្បីធ្វើការបកប្រែ អត្ថបទនេះ នៅឯទឹកដី កម្ពុជាក្រោម ឯណោះ វត្តព្រៃជាប់ ខេត្តឃ្លាំង កម្ពុជាក្រោម កំពុងតែទទួលការហ៊ំព័ទ្ធ ដោយកម្លាំងនគរបាលយួន ហើយព្រះតេជព្រះគុណព្រះនាម លី ចិន្តា នៃវត្តព្រៃជាប់នោះ កំពុងតែនៅក្រោម សម្ពាធនៃការចាប់ផ្សឹក ដោយគ្រូអាចារ្យដែលបានទទួលការបញ្ជាបង្ខំពីអាជ្ញាធរយួន។ សូមស្តាប់បទសម្ភាសន៍ ផ្ទាល់ដែលបានធ្វើដោយលោក លី ឈូន នៃវិទ្យុសំឡេងកម្ពុជាក្រោម ជាមួយព្រះតេជព្រះគុណ លី ចិន្តា ផ្ទាល់ កាលពីម៉ោង៤ រសៀល នាថ្ងៃទី០៧ខែមិនាឆ្នាំ២០១៣។ រីឯករណីករណីព្រះតេជព្រះគុណ លី សន និងព្រះតេជ ព្រះគុណ ថាច់ ធឿន នៃវត្តសិរីតាសេក ខេត្តឃ្លាំងដដែល ជាករណីរំលោភលើសិទ្ធិសេរីភាពព្រះពុទ្ធសាសនា ដូចគ្នា ហើយក៏មានករណីផ្សេងច្រើនទៀត រាប់មិនអស់។ ហើយព្រឹត្តិការណ៍នេះ ក៏បញ្ជាក់ថា នៅពេលដែល រដ្ឋាភិបាលវៀតណាមកាន់តែមានការគាបសង្កត់ទៅលើសិទ្ធិសេរីភាពប្រជាពលរដ្ឋ វាសនារបស់ខ្មែរក្រោមកាន់ តែត្រូវប្រឈមនឹងគ្រោះថ្នាក់ ហើយខ្មែរក្រោមដែលរស់នៅគ្រប់ជ្រុងជ្រោយនៃពិភពលោក កាន់តែមានការទទួល ខុសត្រូវ ក្នុងការធ្វើឲ្យសកលលោកបានដឹងឮពីរឿងនេះផង និងជួយជ្រោមជ្រែងដោយគ្រប់មធ្យោបាយ ដើម្បី រំលែកទុក្ខវេទនាជនរួមលោហិតរបស់ខ្លួនផង ។