រដ្ឋាភិបាលយៀកណាមបន្តគោលនយោបាយកេងប្រវញ្ចដីធ្លីនិងសាលារៀនពីវត្តខ្មែរ

ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បានអះអាងឲ្យដឹងថា រដ្ឋាភិបាលកុម្មុយនិស្តយៀកណាម នៅតែបន្តគោលនយោបាយកេងប្រវ័ញ្ចដីវត្ត និងឆក់យកសាលារៀនក្នុងវត្ត ទៅបង្រៀនចំណេះដឹងទូទៅ ឬភាសាសាមញ្ញហៅថា បង្រៀនភាសាយួន ។
ពលរដ្ឋខ្មែរក្រោម នៅស្រុកខ្សាច់ ខេត្តឃ្លាំង អតីតដែនដីកម្ពុជាក្រោម បានសរសេរលិខិតមួយមកកាន់ការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម កាលពីដើម្បីសប្តាហ៍នេះថា ជារៀងរាល់ថ្ងៃ នៅក្នុងបរិវេណវត្តពោធិខ្សាច់ ស្ថិតនៅទីប្រជុំខ្សាច់ ស្រុកខ្សាច់ ខេត្តឃ្លាំង គេតែងសង្កេតឃើញ និងឮសំឡេងញ៉េរញ៉ាវរបស់ក្រុមសិស្សានុសិស្ស ដែលកំពុងសិក្សាភាសាយួននៅទីនោះ ។ លិខិតបានបន្ថែមទៀតថា ជាង ៣០ ឆ្នាំមកនេះអាគារសិក្សាដែលឋិតក្នុងបរិវេណវត្តខាងលើនេះ បានក្លាយទៅជាសាលាបឋមសិក្សាខ្សាច់ ២ ដែលចំណុះសាលាបឋមសិក្សាខ្សាច់ ហើយឋិតក្រោមការគ្រប់គ្រងរបស់រដ្ឋយ៉ាងដាច់ថ្លៃ ។
ចំពោះសេចក្តីអះអាងក្នុងសារលិតខិតនេះ វិទ្យុសំឡេងកម្ពុជាក្រោម មិនហ៊ានអារកាត់យ៉ាងណាទេ ។ ប៉ុន្តែបន្ទាប់ពីឃើញសារព័ត៌មានយួនមួយធ្វើការចុះផ្សាយ ក្រោមចំណងជើងធំ ៗ ថា សាលាបឋមសិក្សាឋិតក្នុងបរិវេណវត្តពោធិខ្សាច់ ទើបវិទ្យុផ្សាយសំឡេងកម្ពុជាក្រោមយើងខ្ញុំជឿនេះជារឿងពិត ។
សាលាបឋមសិក្សាភាសាយួនច្រើនស្អេកស្អះ ដែលគេសង្កេតឃើញដុះរីករាលដាលតាមវត្តអារាមខ្មែរ គឺតែងត្រូវទទួលការរិះគន់ពីសំណាស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ដែលពួកគាត់និយាយថា រដ្ឋកំពុងតែឆ្លៀតឱកាស និងបន្តកេងប្រវ័ញ្ចដីវត្ត ។ ជាការពិតលោក សើង សឿង បច្ចុប្បន្នលោកគ្រូជានាយករង នៃសាលាបឋមសិក្សាទីប្រជុំខ្សាច់ ដែលកំពុងដាក់ជើងបង្រៀននៅលើទីធ្លាដីវត្តពោធិខ្សាច់ បានអះអាងថា គឺពិតជាមានសាលារៀននៅក្នុងបរិវេណវត្តពិតមែន តែសាលារៀននេះកសាងសំរាប់បណ្តុះបណ្តាលធមនុស្ស ។ លោកគ្រូបានបញ្ជាក់បន្ថែមតាមរយៈសារព័ត៌មានក្នុងស្រុកមួយថា សាលាបឋមសិក្សានៅក្នុងបរិវេណវត្តពោធិខ្សាច់ បច្ចុប្បន្ននេះមានអាគារសិក្សា ១៥ បន្ទប់ ការិយាល័យ បណ្ណាល័យ ឋិតក្នុងបរិវេណវត្តលើផ្ទៃដីជាង ២ពាន់ម៉ែត្រគីប ។ ពុំនោះសោតមណ្ឌលនេះបច្ចុប្បន្នមាន ១២ ថ្នាក់រៀនតាំងពីថ្នាក់មេត្តយ្យដល់ថ្នាក់ទី ៥ ដោយមានសិស្សានុសិស្សកូនចៅជនរួមជាតិខ្មែរទៅរៀនជិត ៤០០ នាក់ ។
មុននេះជាង ៣០ ឆ្នាំ មណ្ឌលនេះជាថ្នាក់រៀនមួយអាស្រ័យដោយព្រះសង្ឃរៀបចំបើក និងបង្ហាត់បង្រៀនដល់កូនសិស្សក្នុងវត្ត ។ បន្ទាប់ពីសង្កេតឃើញសិស្សទៅរៀនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន ផ្នែកអប់រំខេត្តនៃរដ្ឋាភិបាលជួយ
កសាងអាគារសិក្សានេះឡើងវិញ ហើយដាក់កម្មវិធីសិក្សាតាមបែបភាសាយួនដូចបណ្តាសាលានានា និងធ្វើការគ្រប់គ្រងរហូតមមដល់បច្ចុប្បន្ននេះ ។
ចំពោះព្រះសង្ឃក្នុងវត្ត ពុំហ៊ានមានសង្ឃដីកាអីរិះគន់ត្រង់ ៗ ទៅលើរដ្ឋអំណាចដែលបានគ្រប់គ្រង និងកាន់តែពង្រីកទីធ្លាសាលាពីមួយថ្ងៃទៅមួយថ្ងៃនេះទេ ។ ព្រះតេជគុណ ថាញ់ មិញ ព្រះចៅអធិការវត្តពោធិខ្សាច់ មានថេរដីកាតាមរយៈសារព័ត៌មានថា “ព្រះចៅអធិការវត្តពោធិខ្សាច់ជាច្រើនជំនាន់ តែងយកព្រះទ័យទុកដាក់ដល់កិច្ចការអប់រំកូនចៅជនរួមជាតិខ្មែរ ។ ក្រៅពីនេះ ព្រះសង្ឃបានបង្កលក្ខណៈងាយស្រួលដល់សិស្សានុ-សិស្ស និងថែមទាំងជួយឧបត្ថមដល់សិស្សានុសិស្សទៀតផង”។
សូមមជំរាបជូនថា បច្ចុប្បន្ននេះគេសង្កេតឃើញសាលារៀនរដ្ឋ បែបថ្នាក់បឋមសិក្សាកំពុងរីករាលដាលក្នុងបរិវេណវត្តអារាមស្ទើរពាសពេញដែនដីកម្ពុជាក្រោម ។ ដំបូងឡើយគេចាំបានថា រដ្ឋអំណាចគ្រាន់តែខ្ចីសាលារៀនវត្តបើកថ្នាក់បឋមសិក្សាបង្រៀនភាសាយួនដល់កូនចៅខ្មែរ និងយួនជាបណ្តោះអាសន្នប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមក សាលារៀនដែលត្រូវបានខ្ចីដោយរដ្ឋអំណាច បានក្លាយទៅជាទ្រព្យសម្បត្តិរបស់រដ្ឋដោយស្វ័យប្រវត្តិ ជាក់ស្តែងសព្វថ្ងៃមានសាលាបឋមសិក្សាអាចូវឡាំងនៅវត្តរំដួលទួលសុរភីរាម ហៅជីក្អេងក្រោម, វត្តស្វាយ ទង, វត្តគោកត្រែង, វត្តកោះអណ្តែត ឋិតក្នុងខេត្តមាត់ ជ្រូក និងមានទីធ្លាសាលារៀនវត្តជាច្រើនផ្សេងទៀត ត្រូវបានរដ្ឋអំណាចយួនយកទាំងភ្នែកស្រស់ ៕.