ដោយៈ ចៅ មុនីខេមរា
ប្រភពព័ត៌មានពីគេហទំព័រយួន មួយបានឲ្យដឹងថា កាលពីថ្ងៃទី ០៦ ខែតុលា កន្លងទៅថ្មី ៗ នេះ នៅមជ្ឍមណ្ឌលសន្និបាតខេត្តពលលាវ ត្រូវបានរដ្ឋាភិបាលយួនរៀបចំអង្គសន្និបាតលើកទី ៣ ស្តីពីពុទ្ធសាសនាថេរវាទខ្មែរ អស់រយៈពេលមួយថ្ងៃក្រោមប្រធានបទពិភាក្សាទៅលើផ្នែនជាច្រើនចំណុច ដើម្បីរីកចំរើនក្នុងព្រះពុទ្ធសាសនាថេរវាទខ្មែរ នៅកម្ពុជាក្រោម ។
តាមការអះអាងរបស់គេហទំព័រនេះបានឲ្យដឹងថា អង្គ
សន្និ បាតខាងលើបានប្រារព្ធពេញមួយថ្ងៃ ដោយមានការចូលរួមពីព្រះសង្ឃថ្នាក់ដឹកនាំព្រះពុទ្ធសាសនាថេរវាទខ្មែរ និងព្រះពុទ្ធសាសនាមហាយានយួន ក្នុងនោះមានព្រះតេជ ព្រះតេជគុណ យ័ញ ញឿង ព្រះតេជព្រះគុណ យឿង ញើង ជាប្រធានកិត្តិយស និងព្រះតេជព្រះគុណ ថិត ទៀង ញើង ប្រធានចាត់តាំងកម្មវិធីនៃអង្គសន្និបាត ។ ក្រៅពីនោះ នៅមានការចូលរួមពីព្រះសង្ឃ និងគ្រហស្ថប្រមាណ ២៤៣ អង្គ និង រូប មកពីគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាយួន មួយអន្លើដោយមានការចូលរួមពីព្រះសង្ឃ តំណាងឲ្យព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ១៣ ខេត្ត-ក្រុងនៅយៀកណាខាងត្បូង អតីតដែនដីកម្ពុជាក្រោម ដែលក្នុងនោះគេសង្កេតឃើញមានការចូលរួមពីក្រសួងសាសនានៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន, មន្ទីរមហាផ្ទៃខេត្ត និង
គណៈជនជាតិគ្រប់ខេត្ត-ក្រុង ផងដែរ ។
គេហទំព័រខាងលើបានអះអាងទៀតថា យោងតាមសុន្ទរកថាបើកកម្មវិធីរបស់ព្រះតេជគុណ ឋិត ទៀងញើង ព្រះពុទ្ធសាសនាមហាយានយួនបានមានថ្លែងថា បច្ចុប្បន្ននេះ នៅកម្ពុជាក្រោមមានព្រះសង្ឃខ្មែរក្រោមជាង ១០.០០០ អង្គ និង ប្រជាពុទ្ធបរិស័ទខ្មែរក្រោមប្រមាណ ២ លាននាក់ តែប៉ុណ្ណោះ ដែលចំនួននេះតិចតួចខ្លាំងណាស់បើប្រៀបធៀប និអ្វីដែលថ្នាក់នាំខ្មែរក្រោមនៅក្រៅប្រទេសធ្លាប់អះអាង ។
អង្គសន្និបាតនេះ ត្រូវគេបានពិភាគ្សាទៅលើផែនការទាំង ១០ ចំណុច ដែលគេសង្ឃឹមថាអាចធ្វើឲ្យមានការរីកចម្រើននៅក្នុងព្រះពុទ្ធសាសនាថេរវាទខ្មែរ នៅដែនដីកម្ពុជាក្រោម ដែលក្នុងនោះរួមមាន៖ ទី១-ជំរុញឲ្យមានការឯកភាពជាធ្លុងមួយ ជុំវិញការសិក្សារៀនសូត្រ និងកម្មវិធីបង្រៀនសាលាបាលី និងធម្មវិន័យរបស់ព្រះសង្ឃខ្មែរនៅក្នុងខេត្ត-ក្រុងទូទាំងដែនដីកម្ពុជាក្រោម ។ ទី២-រកមូលនិធីសម្រាប់បោះពុម្ភសៀវភៅថ្មីបន្ថែម ក្នុងកម្មវិធីរៀន និងបង្រៀននៅក្នុងសាលាធម្មវិន័យ ។ ទី៣-ធ្វើឆាយាជូនដល់ព្រះសង្ឃខ្មែរ ។ ទី៤-ការតែងតាំងព្រះចៅអធិការវត្ត ។ ទី៥-ទទួលស្គាល់គណៈកម្មការវត្ត វត្តមួយចំនួន ដែលមិនទាន់បានទទួលស្គាល់ ។ ទី៦-ផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លីដល់វត្តអារាមព្រះពុទ្ធសាសនាខ្មែរ ។ ទី៧-ជំនួយក្នុងការសាងសង់កន្លែងបូជាសព ។
ទី៨-ការចាត់តាំងឲ្យមានកម្មវិធីជួបជុំព្រះសង្ឃខ្មែរក្រោម និងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកគរុកោសល្យថ្នាក់មធ្យមសិក្សាដល់ព្រះពុទ្ធសាសនាថេរវាទខ្មែរ ។ ទី៩-ការធ្វើឲ្យកាន់តែប្រសើរឡើង ក្នុងការសម្តែងព្រះធម៌ទេសនារបស់ព្រះសង្ឃខ្មែរជាភាសាខ្មែរ និងទី១០-គឺធ្វើត្រាជូនដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិថ្នាក់ស្រុក ខ័ណ្ឌ និងខេត្ត-ក្រុង ជាដើម ។
គួររំលឹកថា សន្និបាតស្តីពីព្រះពុទ្ធសាសនាខ្មែរថេរវាទបែបនេះ ត្រូវបានយួនប្រារព្ធលើកទីមួយកាលពី ខែវិច្ឆិកា ឆ្នាំ ២០០៤ នៅខេត្ត ឃ្លាំង ។ លើកទីពីរ គឺនៅខែមិថុនា ឆ្នាំ ២០០៦ នៅឯទីក្រុងព្រែកឫស្សី និងលើកទីបី ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០០៨ នេះ។ ចំណែកមហាសន្និបាតលើកទីពីរ ដែលត្រូវបានគេប្រារព្ធនៅទីក្រុងព្រែកឫស្សី គឺផ្តោតការយកចិត្តទុកដាក់ទៅលើចំណុចសំខាន់មួយចំនួន ដើម្បីឲ្យវឌ្ឍនភាពក្នុងវិស័យព្រះពុទ្ធសាសនាថេរវាទខ្មែរនៅកម្ពុជាក្រោមដូចជា ការបោះពុម្ព និងផ្សព្វ-ផ្សាយសៀវភៅព្រះពុទ្ធសាសនាជាភាសាខ្មែរ, ធ្វើត្រាជូនដល់វត្តអារាមខ្មែរក្រោម, ការតែងតាំងព្រះចៅអធិការវត្តនីមួយ ៗ, ការតែងតាំងថ្នាក់ដឹកនាំមូលដ្ឋានដល់សមាគមព្រះពុទ្ធសាសនាខ្មែរ, ផ្តល់ជំនួយជាថវិកាដល់សាលារៀនថ្នាក់សាលាបាលី និងធម្មវិន័យរបស់ព្រះសង្ឃខ្មែរក្រោម,ការបង្កើតវិទ្យាស្ថានព្រះពុទ្ធសាសនាខ្មែរនៅទីក្រុងព្រែកឫស្សី, ការចូលរួមប្រជុំនៅក្នុងអង្គមហាសន្និបាតនៅក្នុង និងក្រៅប្រទេសរបស់ព្រះពុទ្ធសាសនាខ្មែរ, ការចាត់តាំងគណៈប្រតិភូសង្ឃខ្មែរក្រោមឡើងទៅប្រទេសកម្ពុជា ដើម្បីជាវព្រះត្រៃបិតក, ចូលរួមមហាសន្និបាតតំណាងព្រះ ពុទ្ធសាសនាទូទាំងប្រទេសយួនលើកទី ៦ និងការចូលរួមក្នុងមហាពិធីបុណ្យវិសាខ-បូជានៃអង្គការសហប្រជាជាតិលើកទី ៥ នៅរដ្ឋធានីហាណូយ ៕.