ដោយៈ ចៅ មុនីខេមរា
ប្រភពព័ត៌មានច្បាស់ការណ៍ពីខេត្តឡង់ហោរ ឬយួនហៅ Vinh Long បានឲ្យដឹងថា កាលពីថ្មី ៗ នេះរដ្ឋាភិបាលកុម្មុយនិស្តយួនបានបញ្ជាឲ្យក្រុមយួនមួយក្រុម ក្រោមការដឹកនាំរបស់បុគ្គលឈ្មោះ សើន សុងសើន ឲ្យកោះហៅប្រជាពលរដ្ឋខ្មែរក្រោមក្នុងខេត្តខាងលើចូលរួមកិច្ចប្រជុំវិសាមញ្ញមួយ ក្រោមប្រធានបទខ្មែរ-យួនរួបរួមសាមគ្គី និងរួមដៃកសាងប្រទេសជាតិស្អីគេនោះ ។
ប្រភពពីបងប្អូនចូលរួមកិច្ចប្រជុំបានឲ្យដឹងថា ការកោះហៅឲ្យបងប្អូនខ្មែរក្រោមទៅចូលរួមបែបនេះ គឺបន្ទាប់ពីមានសេចក្តីណែនាំ និងបើកសិទ្ធិបន្តិចបន្តួចដល់ជនជាតិដើមខ្មែរកម្ពុជាក្រោមអាចប្រា
រព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមពុទ្ធឱវាតព្រះពុទ្ធសាសនា ។ កិច្ចប្រជុំនេះ ត្រូវបានគេរៀបចំឡើងអស់រយៈពេលបីថ្ងៃ ក្នុងគោលបំណងឃោសនាស្រែកហៅឲ្យបងប្អូនខ្មែរក្រោម ចាត់ទុកខ្លួនដូចជាជនជាតិយួន និងធ្វើពាណិជ្ជកម្មអំពីស្នាដៃរបស់ថ្នាក់ដឹកនាំក្រុងហាណូយដែលបានកសាង និងដឹកនាំប្រទេសជាតិកាលពីកន្លងមក ។ តែគេមិនបាននិយាយអំពីរឿងដែលរដ្ឋាភិបាល
ក្រុងហាណូយបានរំលោភសិទ្ធិខ្មែរក្រោម បំពានលើសេរីជំនឿសាសនា និងការរឹបអូសយកដីធ្លី របស់បងប្អូនក្រោមនៅខេត្តឃ្លាំង និងខេត្តមាត់ជ្រូកនោះទេ ។
យោងតាមសារព័ត៌មាន VNA បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះបុគ្គលឈ្មោះ សើន សុងសើន បានអះអាងថារដ្ឋ និងបក្សកុម្មុយនិស្តយួន តែងតែយកចិត្តទុកដាក់ទៅលើជីវភាពបងប្អូនខ្មែរក្រោម ដូចដែលប្រទេសដទៃទៀត ធ្វើទៅលើជនជាតិភាគតិចគេដែរ ។ បុគ្គលឈ្មោះ សើន សុងសើន រូបនេះហាក់បីដូចជាគំរាមដល់បងប្អូនខ្មែរក្រោមបន្តិច ពេលដែលគេនិយាយថាហាមមិនឲ្យបងប្អូនខ្មែរក្រោមនៅក្នុងប្រទេសធ្វើការទាក់ទង នឹងបងប្អូនខ្មែរនៅក្រៅប្រទេស ដោយគេចោទប្រកាន់ថា អ្នកនៅក្រៅប្រទេសជាជនប្រតិកិរិយា និងព្យាយាមបំបែកបំបាក់ចំណាងសាមគ្គីភាពស្អីគេ រវាងជនជាតិយួន និងបងប្អូនខ្មែរក្រោម ។ ប៉ុន្តែទោះជាយ៉ាង បុគ្គលឈ្មោះ សើន សុងសើន រូបនេះក៏បានបង្ហាញឲ្យបងប្អូនខ្មែរក្រោមក្នុងខេត្តឡង់ហោរ ដែលបានចូលរួមប្រជុំនោះដឹងថា បុគ្គល សើន សុងសើន នេះថ្វីត្បិតតែលក់ឧត្តមគតិ ធ្វើខ្ញុំបំរើយួនពិតមែន តែនៅមានគំនិតជំរុញទឹកចិត្តបងប្អូនខ្មែរក្រោមឲ្យខំប្រឹងរៀនសូត្រភាសាខ្មែរ និងបង្កើតមុខរបរចិញ្ចឹមជីវិតដែរ ។
បុរសម្នាក់ សូមមិនបញ្ចេញឈ្មោះដែលបានចូលរួមកិច្ចប្រជុំនោះ ឲ្យដឹងថាបងប្អូនខ្មែរក្រោមតែងត្រូវរដ្ឋាភិបាលយួនកោះហៅទៅចូលរួមប្រជុំបែបនេះជារឿយ ៗ ។ ហើយប្រធានបទដែលគេលើកឡើងនោះ គឺគ្មានអ្វីក្រៅពីឲ្យពួកគាត់អង្គុយស្តាប់មេដឹកនាំយួននិយាយល្អពីរដ្ឋការនោះឡើយ ។ បុរសរូបនេះបានអះអាងថា នេះក៏ជាយុទ្ធសាស្រ្តថ្មីស្រឡាងមួយ គំរាមដល់ស្មារតីបងប្អូនខ្មែរក្រោមក្នុងស្រុកមិនឲ្យក្រោកឡើងទាមទារសិទ្ធិសេរីភាព និងបង្ហាញនូវទុក្ខលំបាករបស់ពួកគាត់ដល់សហគមន៍អន្តរជាតិ ។ បុរសរូបនេះបានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងផ្លូវថ្នល់ផ្សេង ៗ ដែលរដ្ឋការយួនធ្វើ នោះក៏មានរួមចំណែកពីកម្លាំងញើសឈាមរបស់បងប្អូនខ្មែរក្រោម ដែលរដ្ឋាភិបាលយួនប្រើល្បិចឆក់ប្លន់ និងកេងប្រវ័ញ្ច ។
គួររំលឹកដែរថា ការកោះហៅបងប្អូនខ្មែរក្រោមឲ្យចូលរួមប្រជុំកាលពីពាក់កណ្តាលខែកញ្ញានេះ ពុំមានសេចក្តីរាយការណ៍ណាមួយថា ក្រុមយួនដែលដឹកនាំដោយ សើន សុងសើន បានប្រើសំដីមាក់ងាយដល់ព្រះពុទ្ធសាសនា និងបងប្អូនខ្មែរនៅក្រៅប្រទេស ដូចដែលគេធ្លាប់បានជេរស្តីបងប្អូន និងព្រះសង្ឃខ្មែរក្រោមនៅក្នុងខេត្តមាត់ជ្រូកឡើយ ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនគ្រួសារបានអះអាងថា ការដែលខ្មែរក្រោមធ្លាក់ខ្លួនក្រគឺដោយ សាររដ្ឋាភិបាលរឹបអូសយកដីធ្លី កេងប្រវ័ញ្ចជំនួយបរទេស និងប្រើល្បិចឲ្យពួកគាត់ជំពាក់បំណុលរដ្ឋ ៕