រដ្ឋាភិបាលយួនប្រកាសសេចក្តីសម្រេចថ្មីអំពីការគ្រប់គ្រងអីនធើណែត

ដោយៈ ចៅ មុនីខេមរា
តាមការឲ្យដឹងពីនិស្សិតនៅទីក្រុងព្រៃនគរ និយាយថា នាយករដ្ឋមន្រ្តីយួនឈ្មោះ ង្វៀង តឹងយុង ទើបនឹងចុះហត្ថលេខាលើសេចក្តីសំរេចមួយប្រកាសជាសាធារណៈអំពីការគ្រប់គ្រង នៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត កាលពីថ្ងៃទី ២៨ សីហា កន្លងមកនេះ ។
សេរីភាពសារព័ត៌មាន គឺជាតម្រូវការដ៏ចាំបាច់មួយសំរាប់សង្គមបច្ចុប្បន្ននេះ ហើយនៅក្នុងប្រទេសយួនពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋទាំងជនជាតិយួន និងជនជាតិដើមខ្មែរក្រោមក៏កាន់តែយល់ច្បាស់ពីអត្ថប្រយោជន៍របស់ប្រព័ន្ធណែតវើត ។ ថ្មី ៗ នេះរដ្ឋាភិបាលយួនក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីឈ្មោះ ង្វៀង តឹងយុង បានចុះហត្ថលេខា និងប្រកាសជាសាធារណៈស្តីពីការរំលោភបំពានច្បាប់ ដែលនៅត្រង់មាត្រា ៦ បាននិយាយអំពីសកម្មភាពត្រូវបំរាមក្នុងពេលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត នៅប្រទេសយួន ។
តាមសេចក្តីសំរេចនេះ រាល់បណ្តាលគេហទំព័រ ប្លុក និងឧបករណ៍ប្រើប្រាស់ដោយប្រព័ន្ធអ៊ីឡិចត្រូនិក និងឧបករណ៍ផ្សេង ៗ ទៀតសុទ្ធតែជាមុខសញ្ញាត្រូវត្រួតពិនិត្យ នេះបើយោងតាមសេចក្តី
សំរេចថ្មីមួយនេះ ។ ហើយសេចក្តីសំរេចនេះដែរ បានធ្វើឲ្យនិស្សិត ព្រះសង្ឃខ្មែរក្រោម និងក្រុមអ្នកលេងប្លុកឯកជន សម្តែងការរិះគន់
ជុំទិស ។
ចំពោះសេចក្តីសំរេច ដែលទើបនឹងប្រកាសជាសាធារណៈនេះ ក្រៅពីគំនិតគ្រប់គ្រងអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត នៅមានគំនិតមួយផ្សេងទៀត គឺជាយុត្តិសាស្រ្តដើម្បីរឹតបន្តឹងសេរីភាពសារព័ត៌មានតាមរយៈប្រព័ន្ធអ៊ីនធើណែត ។ អ្នកកាសែត ង្វៀង ហ្វាង
ហាយ ដែលធ្លាប់សរសេរព័ត៌មានរិះគន់រដ្ឋាភិបាលយួនតាមរយៈប្លុក ហើយត្រូវរដ្ឋអំណាចយួនចាប់ឃុំខ្លួនធ្លាប់និយាយថា “ តួរនាទីរបស់ប្លុក គឺដើម្បីផ្គត់ផ្គង់ព័ត៌មានលើគេហទំព័រ និងទម្លុះនៃការរារាំងរាល់
បណ្តាព័ត៌មានទាំងនោះ ។ នៅខែចុងឆ្នាំ ២០០៧ ចលនាប្រើប្រាស់ប្លុកនៅប្រទេសយួនមានការរីកចំរើនយ៉ាងខ្លាំង ។ ប្រជានយួន បានយល់ថា នេះគឺជាឧបករណ៍របស់ពួកគេសំរាប់បញ្ចេញមតិ ដូចនេះទើបពួកគេប្រើប្រាស់ប្លុក ហើយចាត់ទុកថាជាឧបករណ៍មួយសំរាប់បញ្ចេញមតិ ដើម្បីឲ្យរួចផុតពីការត្រួតពិនិត្យរបស់រដ្ឋាភិបាល ។ ប្លុកគឺជាសេរីភាពព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅប្រទេសយួន” ។
ក្នុងប្រការដែលត្រូវបំរាម ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនៅប្រទេសយួន ត្រូវបានគេលើកឡើងត្រង់មាត្រា ៦ ដោយចែងដូច្នេះថា “ប្រឆាំងនឹងរដ្ឋអំណាច សាធារណៈរដ្ឋសង្គមនិយម
យៀកណាម,បង្កឲ្យមានអស្ថិរភាពដល់សន្តិសុខដល់ជាតិ, សណ្តាប់ ធ្នាប់, សុវត្ថិភាពសង្គម, បំផ្លិចបំផ្លាញចំណងមហាសាមគ្គីប្រជាជន, ឃោសនាសង្គ្រាមឈ្លានពាន, បង្កគំនុំគុំគួន, បង្កភាពមិនចុះសម្រុងគ្នារវាងជនជាតិ, អត្តសញ្ញាណជនជាតិ និងសាសនាជាដើម” ។
ចំណែកមេធាវីជនជាតិយួនមួយរូប បានបញ្ជាក់ថាប្រការដែលត្រូវបំរាមក្នុងសេចក្តីសំរេចថ្មី ៗ នេះ គឺមួយចំនួនឋិតក្នុងច្បាប់រដ្ឋធម្មនុញ្ញយួន ដែលក្នុងនោះរួមបញ្ជូលទាំងច្បាប់ព្រហ្មទណ្ឌ និងច្បាប់សារព័ត៌មានផងដែរ ។ ទោះជាយ៉ាងណាមេធាវីរូបនេះអះអាងថា សេចក្តីសំរេចថ្មីមួយនេះមិនកំណត់ច្បាស់លាស់ឡើយ ហើយនេះគឺជាឡេះយ៉ាងទូលំទូលាយសំរាប់រដ្ឋអំណាចអនុវត្តន៍អំពើផ្តាច់ការ ឬចាប់មនុស្សដោយអយុត្តិធមិ ។
និស្សិតខ្មែរក្រោមម្នាក់ មិនឲ្យបញ្ចេញឈ្មោះ និយាយថា ការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតពិតជាមានការលំបាក មានពេលខ្លះគ្រួសារដែលភ្ជាប់បណ្តាញអ៊ីនធើណែត គឺត្រូវទទួលរងការតាមដានពីរដ្ឋអំណាចមូលដ្ឋាន ។ ហើយរាល់គេហទំព័រដែលគេបើកអាន គឺត្រូវរាយការ ឬចុះបញ្ជីឲ្យរដ្ឋអំណាចដឹងជាមុន ៕.