រដ្ឋាភិបាលយួនដណ្តឹងប្រពន្ធឲ្យព្រះតេជគុណទឹម សាខន

ដោយៈ ចៅ មុនីខេមរា
ប្រភពព័ត៌មានពីក្រុមគ្រួសារ ព្រះតេជគុណ ទឹម សាខន បានបង្ហើបឲ្យដឹងថា អាជ្ញាធរយួនបានធ្វើការដោះលែងព្រះតេជ-គុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ ចេញពីពន្ធនាគារហើយ ។ បច្ចុប្បន្ននេះព្រះអង្គកំពុងរស់នៅជាមួយគ្រួសារអ៊ុំបង្កើតក្នុងឃុំបាជុក ស្រុកស្វាយទង ខេត្តមាត់ជ្រូក ប៉ុន្តែមិនត្រូវបានអាជ្ញាធរយួនអនុញ្ញាតឲ្យធ្វើដំណើរទៅណាមកណាតាមអំពើចិត្តនោះទេ ។
លោក ចៅ បាន ប្អូនប្រុសបង្កើតរបស់ព្រះតេជគុណ ទឹម សាខន ដែលចុះទៅធ្វើការសាកសួរសុខទុក្ខព្រះអង្គផ្ទាល់ បានប្រាប់ “ព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោម” ឲ្យដឹងកាលពីពាក់
កណ្តាលខែសីហានេះថា ព្រះតេជគុណ ទឹម សាខន ត្រូវបានពួកអាជ្ញាធរយួនដាក់កម្លាំងយាមកាមឃ្លាំមើលគ្រប់វេលា ក្រៅពីនោះ
រដ្ឋាភិបាលយួនបានជម្រុញឲ្យព្រះតេជគុណ ទឹម សាខន យកព្រន្ធទៀតផង ។ ចំពោះព័ត៌មានលេចឮថា រដ្ឋាភិបាលយួនកំពុងអន្ទងឲ្យព្រះតេជគុណ ទឹម សាខន រស់នៅឯកម្ពុជាក្រោម លោក ចៅបាន ប្រាប់ឲ្យដឹងថា “ឮដំណឹងថា ខាងយៀកណាម គេមានគំរោងរកការងារឲ្យធ្វើ ហើយឲ្យមានប្រពន្ធកូនអីនៅក្រោមហ្នឹង (កម្ពុជាក្រោម) ។ ប៉ុន្តែយើងមានម៉េចកើត នៅភ្នំពេញឪពុកចាស់ គ្មានអ្នកណាមើលថែគាត់ ៗ ឈឺថា្កត់” ។ លោ ចៅ បាន ឲ្យដឹងទៀតថា ព្រះតេជគុណ ទឹម សាខន ត្រូវបានពួកអាជ្ញាធរជំរុញឲ្យយកប្រពន្ធពីរលើកហើយ តែត្រូវបានព្រះអង្គបដិសេធ ។ លោក ចៅ បាន អះអាង “លោក (ព្រះតេជគុណ ទឹម សាខន) រាល់ថ្ងៃនៅក្នុងគំនាបគេ ក្នុងចិត្តរបស់លោកបងខ្ញុំ អារឿងស្រីហ្នឹងគាត់អត់ចង់បានទេ កាលពីក្មេងម៉្លេះមក ។ ប្រសិនបើគាត់ចង់បាន គាត់ចូលបួសមិនកើតទេ ព្រោះពីមុនបួសនោះ គាត់មានគូរដណ្តឹងពីរបី តែគាត់អត់ព្រម…”។
ទាក់ទិននឹងបញ្ហាព្រះតេជគុណ ទឹម សាខន លោក ថាច់ ង៉ុកថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បានសម្តែងការមិនសប្បាយចិត្តចំពោះរដ្ឋាភិបាលយួន ដែលបានដាក់គំនាបទៅលើអតីតសង្ឃ ទឹម សាខន ។ លោក ថាច់ ង៉ុកថាច់ បានបញ្ជាក់ថា អាជ្ញាធរយួនដោះលែងព្រះតេជគុណ ទឹម សាខន ប៉ុន្តែគេមិនអនុញ្ញាតិព្រះអង្គធ្វើដំណើរទៅណាមកណា តាមចំណង់ចំណូលចិត្ត ឬតាមសិទ្ធិសេរីភាពរបស់ព្រះអង្គឡើយ ។ ព្រះតេជគុណ ទឹម សាខន ត្រូវបានគេយកទៅឲ្យនៅផ្ទះអ៊ុំ ដោយគេឲ្យក្មេងពីរនាក់ នៅជាមួយ ព្រមទាំងមានប៉ូលិសខ្មែរក្រោម ពាក់ស័ក្តិ ៣ បំរើការឲ្យអាជ្ញាធរយួន តាមឃ្លាំមើលជាប្រចាំ ។ ដូច្នេះ នេះមិនទាន់មានឈ្មោះថា មានសេរីភាពគ្រប់គ្រាន់ឡើយ ។
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងជម្រុញឲ្យអង្គការសហប្រជាជាតិ និងក្រសួងការបរទេសសហរដ្ឋអាមេរិក ជាពិសេសមន្រ្តីទទួលបន្ទុកខាងសេរីជំនឿសាសនា ព្រមទាំងអង្គការសិទ្ធិមនុស្សយូមិន
រ៉ាយវ៉ច (Human Rights Watch) តាមដានឃ្លាំមើលរឿងនេះឲ្យបានដិតដល់ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានអំពាវនាវដល់ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតកាណាដា និងស្ថានទូតអូស្ត្រា-លី ប្រចាំទីក្រុងហាណូយ ឲ្យតាមដានករណីនេះ ធ្វើយ៉ាងណាជំរុញឲ្យអាជ្ញាធរយួនបញ្ជូនព្រះតេជគុណ ទឹម សាខន ត្រឡប់ទៅជួបជុំគ្រួសារនៅឯប្រទេសកម្ពុជាវិញក្នុងពេលឆាប់ ៗ ។
ក្រុមមន្រ្តីអង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងអង្គការសង្គមស៊ីវិលនៅកម្ពុជា បានសម្តែងការរីករាយ ក្រោយពេលទទួលបានដំណឹងថា រដ្ឋាភិបាលយួនបានដោះលែងព្រះតេជគុណ ទឹម សាខន ចេញពីពន្ធនាគារ ។ ជាមួយគ្នានេះ មន្រ្តីអង្គការ-សមាគមខ្មែរនៅទីក្រុងភ្នំពេញបានអំពាវនាវឲ្យអាជ្ញាធរយួន បញ្ជូនព្រះតេជគុណ ទឹម សាខន ត្រឡប់ទៅកម្ពុជាវិញជាបន្ទាន់ ព្រោះព្រះតេជគុណ ទឹម សាខន មានសញ្ជាតិខ្មែរស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា ។
អង្គការ-សមាគមខ្មែរនៅកម្ពុជា បានសម្តែងនូវក្តីសង្ស័យយ៉ាងខ្លាំង ក្រោយពេលដឹងថាអាជ្ញាធរយួនមានបំណងរកប្រពន្ធឲ្យព្រះតេជគុណ ទឹម សាខន ដោយចង់ឲ្យព្រះអង្គរស់នៅលើទឹកដី
កម្ពុជាក្រោម ។ ហើយនេះជាលើទីមួយហើយ ដែលអាជ្ញាធរយួនហាក់ដូចជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកទោស ជាពិសេសពលរដ្ឋកម្ពុជា កំណើតខ្មែរក្រោមរូបនេះ ។ ទោះជាយ៉ាងណា លោក អាង ច័ន្ទ ឫទ្ធិ នាយកប្រតិបត្តិអង្គការខ្មែរកម្ពុជាក្រោមការពារសិទិ្ធមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានអំពាវនាវឲ្យរដ្ឋាភិបាលយួន បញ្ជូនខ្លួនអតីតសង្ឃ ទឹម សាខន
ត្រឡប់ទៅកាន់ប្រទេសកម្ពុជា ដើម្បីជួបជុំក្រុមគ្រួសារវិញ “អង្គការខ្មែរកម្ពុជាក្រោមការពារសិទ្ធិមនុស្ស ក៏ប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ចង់ឲ្យអាជ្ញាធរយៀកណាម បញ្ជូនព្រះតេជគុណ ទឹម
សាខន ត្រឡប់មកកម្ពុជាវិញ ។ ព្រោះថាក្រុមគ្រួសាររបស់គាត់បានទទូចសុំឲ្យអាជ្ញាធរ នៃរដ្ឋាភិបាលយៀកណាមហ្នឹងប្រសិនបើដោះលែងគាត់ គួរតែឲ្យមករស់នៅស្រុកខ្មែរវិញ ព្រោះជាគោលបំណងរបស់ព្រះអង្គ ។ ព្រះអង្គមិនចង់រស់នៅក្នុងប្រទេសយៀកណាមទេ ហើយប្រសិនបើគេនូវតែបង្ខាំងព្រះអង្គនៅក្នុងប្រទេសយៀកណាម បានន័យថាជាការឃុំខ្លួនបន្តទៀត ដូចជាការឃុំខ្លួនក្នុងផ្ទះអ្នកស្រី អុង សាងស៊ូជី មេដឹកនាំប្រជាធិបតេយ្យ នៅក្នុងប្រទេសភូមាអីចឹង ។ ដូច្នេះ យើងមិនអាចជឿជាក់ថា ព័ត៌មាននេះជាការពិត ហើយក៏មិនអាចជឿជាក់ថា ព្រះអង្គត្រូវបានគេដោះលែងនៅប្រទេសយៀកណាមដែរ” ។
ព្រះតេជគុណ ទឹម សាខន ព្រះជន្ម ៤០ វស្សា ពលរដ្ឋកម្ពុជា ត្រូវបានស្តេចសង្ឃ ទេព វង្ស ចាប់ផ្សឹកកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ។ ក្រោយមកព្រះតេជគុណ ទឹម សាខន ត្រូវបានសារព័ត៌មានក្នុងស្រុកយួនប្រកាសថា លួចឆ្លងដែនខុសច្បាប់ចូលប្រទេសយួន ។ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ តុលាការយួនខេត្តមាត់ជ្រូក កាត់ទោសព្រះតេជគុណ ទឹម សាខន ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ពីបទបំផ្លិចបំផ្លាញគោលនយោបាយសាមគ្គីភាព ។ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០០៨ ព្រះតេជគុណ ទឹម សាខន ត្រូវបានរដ្ឋាភិបាលយួន ដោះលែងឲ្យទៅសួរសុខទុក្ខញាតិមិត្តនៅឯឃុំបាជុក ស្រុកស្វាយទង (មិនឲ្យទៅកម្ពុជាជួបជុំក្រុមគ្រួសារទេ)។ ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០០៨ រដ្ឋាភិបាលយួនបញ្ជាឲ្យក្រុមមន្រ្តី និងចៅហ្វាយខេត្តមាត់ជ្រូក នាំព្រះតេជគុណ ទឹម
សាខន ដើរមើលស្រុកទេសមួយខែបន្ទាប់ពីចេញពីពន្ធនាគារ ។ មកដល់ពេលនេះ ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរ យួន នាំយកទៅរស់នៅជាមួយគ្រួសារអ៊ុំក្នុងភូមិស្រុកខាងលើ តែមិនបានផ្តល់សិទ្ធិសេរីភាពឲ្យព្រះអង្គទំនាក់ទំនង ឬធ្វើដំណើរទៅណាតាមអំពើចិត្តឡើយ ។ សេចក្តីរាយការណ៍ចុងក្រោយ នាថ្ងៃទី ១៨ ខែសីហា នេះថា ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរយួនជំរុញឲ្យយកប្រពន្ធ ដែលក្រុមយួនមួយដំបស្វាដើរតួជាមេបាចាស់ទុំ ប៉ុន្តែត្រូវបានព្រះតេជគុណ ទឹម សាខន បដិសេធទាំងស្រុង ៕.