យោងតាមគេហទំព័រ BBC ចុះផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ជាភាសាវៀតណាមថា រដ្ឋាភិបាលយួនខេត្តឃ្លាំង ឬខេត្ត Soc Trang ភាគខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្ន ឬនៅក្នុងទឹកដីខ្មែរកម្ពុជាក្រោម ទើបតែបាន សំដែងសមយុទ្ធមួយ ដើម្បីត្រៀមសមត្ថភាពទប់ទល់ទៅ នឹងបណ្ដាសកម្មភាពបះបោរផ្តួលរំលំរដ្ឋាភិបាល ដែលអាច នឹងកើតមានឡើង នៅក្នុងថ្ងៃអនាគត។
សមយុទ្ធនេះ បានប្រព្រឹត្តទៅ កាលពីថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ និងបានប្រមូលផ្តុំបណ្ដាស្ថាប័ន មានសមត្ថកិច្ច នៅមូលដ្ឋានចូលរួម មានដូចជានរគបាល ទាហាន និងកងកម្លាំងការពារជាតិ។
នេះគឺជាសមយុទ្ធ ដែលធ្វើឡើង តាមការបង្គាប់បញ្ជារបស់ក្រសួងនគរបាល។ រដ្ឋមន្ដ្រីក្រសួងនគរបាល គឺលោក Tran Viet Tan បានមកត្រួតពិនិត្យពិធីនេះផ្ទាល់។
តាមទីភ្នាក់ងារព័ត៌មានវៀតណាម បានឲ្យដឹងឈ្មោះប្រាកដរបស់សមយុទ្ធនេះថា “គម្រោងការទប់ស្កាត់ ការជួបប្រុំ មនុស្សច្រើន បង្កអសន្តិសុខសណ្ដាប់ធ្នាប់ បះបោរ និងបាតុកម្មថ្នាក់ខេត្ត” ជាមួយនឹងអត្តលេខ KB-ST 12 ។
ដូច្នេះ អាចមើលឃើញគោលដៅនៃការសម្ដែងសមយុទ្ធនេះ សំដៅទៅរក “ការជួបប្រជុំមនុស្សច្រើន” ដែលថ្នាក់ដឹកនាំវៀតណាម បច្ចុប្បន្នកំពុងតែព្រួយបារម្ភថាអាច នឹងក្លាយជាចលនាផ្តួលរំលំរដ្ឋាភិបាល។
តាមឆាកឈុតសម្ដែង ដំបូងកើតមានឡើងនូវបាតុកម្មតាមបណ្ដាស្រុក ខណ្ឌ ខេត្ត ក្រុង នៅក្នុងខេត្តមួយចំនួន ដោយមានការជួបប្រជុំមនុស្សជាច្រើន នៅពីមុខទីស្នាក់ការគណៈកម្មការធិការប្រជាជនខេត្ត។
ក្រោយមកមន្ដ្រីគណៈកម្មការខេត្តឃ្លាំង (Soc Trang) បានបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាស្វែងរក មធ្យោបាយដោះស្រាយ ខណៈដែលមន្ដ្រីថ្នាក់ខេត្តបានអំពាវនាវ ឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់ ទីលំនៅឋានវិញ
កិច្ចបាតុកម្មនោះ បន្ទាប់មកក៏បានក្លាយជាការវាយប្រហារដណ្ដើមកាន់កាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្ត និងបានចាប់ខ្លួនភ្នាក់ងារធ្វើជាចំណាប់ខ្មាំង។ នេះគឺជាស្ថានការណ៍គន្លឹះរបស់សមយុទ្ធនេះ។
កងកម្លាំងនគរបាលបានហ៊ុំព័ទស្ថានីយវិទ្យុ និងទូរទស្សខេត្តដើម្បីរំដោះយកចំណាប់ខ្មាំងមកវិញ។ ក្រោយពី បានឆ្លើយតបតាមសំណូមពរប្រគល់ទូក ឲ្យអ្នកដែលរក្សាចំណាប់ខ្មាំងនោះ ដើម្បីរំដោះចេញតាមជើងទឹក នគរបាលបានចេញយុទ្ធនាការសង្គ្រោះចំណាប់ខ្មាំងនោះ នៅលើទន្លេ ចាប់ខ្លួនក្រុមបាតុករ ហើយ នឹងវាយ បំបែករំសាយបាតុកម្ម។
រូបភាពដែលបានចុះផ្សាយលើគេហទំព័រ VnExpress បង្ហាញឲ្យឃើញថា កិច្ចសង្គ្រោះចំណាប់ខ្មាំង ស្ដែងឡើង ជាមួយ នឹងការសហការគ្នារវាងប៉ូលីសជើងទឹកបើកកាណូត និងនគរបាលមួយចំនួន បានបន្តោងខ្សែពីលើទន្លេ ដើម្បីប្រយុទ្ធពីលើអាកាស។
តាមឈុតសម្ដែង គឺក្រុមអ្នកគាំទ្រភាគីសត្រូវ បានឈរនៅចាំផ្តល់មធ្យោបាយសព្វាវុធឲ្យក្រុមបាតុករ។
រូបភាពដែលបានចុះផ្សាយលើគេហទំព័រ VnExpress ដដែល នេះក៏ជាសមយុទ្ធ ដែលមានទ្រង់ទ្រាយធំ ដោយបានការចូលរួមមើលយ៉ាងច្រើនកុះករកងកម្លាំងនគរបាល និងប្រជាពលរដ្ឋ។
លំដាប់នោះ នគរបាលក៏បានប្រើប្រាស់ដំបងឆក់ គ្រាប់បែកបង្ហូទឹកភ្លែក និងបំពង់បាញ់ទឹក ដើម្បីបង្ក្រាប ក្រុមបាតុករ។
សារព័ត៌មានក្នុងស្រុកបានស្រង់សំដីលោក Nguyen Trung Hieu អភិបាលខេត្តឃ្លាំង (Soc Trang) សង្កេតឃើញថា សមយុទ្ធនេះសមស្របទៅ នឹងស្ថានភាពជាក់ស្ដែង ដែលអាចនឹងកើតមានឡើង នៅជនបទ ក៏ដូចជាឧបាយកលរបស់កងកម្លាំងសត្រូវ។
លោក Hieu បានហៅសមយុទ្ធនេះថា បានជួយលើកកំពស់ “ស្មារតីត្រៀមប្រយុទ្ធ”, “សមត្ថភាពប្រយុទ្ធ” និងការស្រុះស្រួលរបស់បណ្ដាស្ថាប័ន ក្នុងខណៈ ដែលមានរឿងកើតឡើង។
ខេត្តឃ្លាំង (Soc Trang) គឺជាខេត្តឋិតនៅចំបណ្ដាច្រកទន្លេជាបឪមាត់សមុទ្រនៃទន្លេបាសាក់ (Song Hau) ក្នុងបណ្ដាដៃទន្លេមេគង្គទាំងពីរ ចាក់មកភូមិភាគនៃប្រទេសវៀតណាម។ ហើយនេះ ជាខេត្តមួយក្រីក្រ និងពោរពេញទៅដោយប្រជារាស្ដ្រខ្មែររស់នៅ។
សមយុទ្ធនៅខេត្តឃ្លាំង (Soc Trang) ក៏មានការចូលរួមតាមដាន ដោយផ្ទាល់របស់ថ្នាក់ដឹកនាំនគរបាល តាមបណ្ដាខេត្ត ក្នុងភូមិភាពវាលរាបទន្លេងគឺវឡុង (Dong Bang Song Cuu Long) ឬទឹកដីកម្ពុជាក្រោម ដើម្បីសិក្សាពីបទពិសោធ។
រយៈពេល២ខែកន្លងមកនេះ ក្រសួងនគរបាលក៏បានប្រារព្ធសមយុទ្ធ ប្រហាក់ប្រហែលគ្នា សំដៅលើការប្រមូល ផ្តុំមនុស្សខុសច្បាប់ ទប់ស្កាត់បាតុកម្ម បះបោរ នៅខេត្ត ដៀនបៀន (Dien Bien) ភាគខាងជើង ដោយមានមនុស្ស៣៥០០នាក់ចូលរួមតាមដាន។
ភាគពាយព្យ ភាគនិរតី និងភាគខាងត្បូង ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសវៀតណាម វាយតម្លៃថា គឺជាតំបន់ ដែលមានសារៈសំខាន់ ទាមទារឲ្យមានការប្រុងប្រយ័ត្នមុនករណីបះបោរ និងការផ្តួលរំលំកើតឡើង។ ដោយៈ គឹម បុរី