ដោយៈ ចៅ មុនីខេមរា
ព្រះសង្ឃខ្មែរក្រោមក្នុងខេត្តព្រះត្រពាំង បានឲ្យដឹងថា រដ្ឋាភិបាលកុម្មុយនិស្តយួន បានបញ្ជាឲ្យក្រុមគណៈកម្មាធិការបញ្ជាការតំបន់និរតី មានបុគ្គលឈ្មោះ សើន សុងសើន សមាជិកមជ្ឈឹមបក្ស អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងតំបន់និរតី បានដឹកនាំយួនមួយក្រុមចុះទៅជួបកម្មាភិបាលរបស់ខ្លួនប្រមាណ ៣៥០ នាក់ និងកោះហៅព្រះសង្ឃទាំង ១៤១ វត្តទូទាំងខេត្តព្រះត្រពាំង ដើម្បីប្រជុំ ដែលក្នុងនោះស្ថិតក្រោមការជួយចាត់ចែងរបស់ ថាច់ ហ៊ែល អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការខេត្តខាងលើ និងព្រះតេជគុណ ថាច់ សុខសាន្ត អនុប្រធានសមាគមសង្ឃសាមគ្គីស្នេហាជាតិស្អីគេនោះ ។
តាមការអះអាងរបស់ព្រះសង្ឃមួយអង្គ សូមមិនបញ្ចេញព្រះនាមមានសង្ឃដីកាថា កន្លងមកថ្មី ៗ នេះ គេសង្កេតឃើញ
រដ្ឋាភិបាលយួនមានសកម្មភាពមមារញឹក ចុះធ្វើការជាមួយព្រះសង្ឃ និងបងប្អូនខ្មែរក្រោមនៅតាមបណ្តាខេត្តនានា ក្នុងតំបន់ដែនដីសណ្តទន្លេមេគង្គ ឬអតីតដែនដីកម្ពុជាក្រោម ។ ការអះអាងបែបនេះ គឺបន្ទាប់ពីព្រះសង្ឃអង្គនេះត្រូវបានក្រុមយួនកោះហៅចូលរួមប្រជុំជាថ្មីម្តងទៀតកាលពីថ្ងៃទី ២២ ខែតុលា កន្លងទៅថ្មី ៗ នេះ ។ ព្រះសង្ឃខ្មែរក្រោមដែលសូមមិនប្រាប់ព្រះនាម បានឲ្យដឹងថាក្នុងកិច្ចប្រជុំកាលពីកន្លងមក ដែលដឹកនាំដោយបុគ្គលឈ្មោះ សើន សុងសើន បុគ្គលរូបនេះ សំដែងការឈឺឆ្អាលយ៉ាងខ្លាំងដល់ជីវភាពជនជាតិដើមខ្មែរក្រោម ហើយបានពាំនាំពាក្យសំដីរំលឹកដល់ព្រះសង្ឃ និងគណកម្មការអាចារ្យវត្តទូទាំងខេត្តថា បក្សកុម្មុយនិស្តយួនបានយកចិត្តទុកដាក់ដល់បងប្អូនខ្មែរក្រោម ព្រមទាំងបានអនុវត្តន៍គោលនយោ-បាយជនជាតិ សាសនា និងបង្កលក្ខណៈឲ្យសាសនាមានការរីក
ចំរើនតាមបែបកុម្មុយទៀតផង ដែលមើលទៅទំនងជាពួកគេខ្លាចក្រែងព្រះសង្ឃ និងបងប្អូនខ្មែរក្រោមភ្លេចគុណបក្សអីចឹង ។ ព្រះសង្ឃខាងលើបានបន្តទៀតថា ក្រៅពីការកោតសរសើរបក្ខពួកខ្លួន បុគ្គលឈ្មោះ សើន សុងសើន បានកើតសរសើរដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលគេនិយាយថាបងប្អូនខ្មែរក្រោមមានជីវភាពរីកចំរើន គឺដោយសារទទួលបានការយកចិត្តទុកដាក់ពីបក្ស ។
ការរីកចំរើនជីវភាពបន្តិចបន្តួច របស់បងប្អូនខ្មែរក្រោមក្នុងខេត្តខាងលើដោយការប្រឹងប្រែងធ្វើស្រែចំការ ស៊ីឈ្នួលគេ និងប្រកបមុខបរផ្សេង ៗ មិនខ្លាចនឿយហត់យនោះ ពុំត្រូវបានក្រុមយួនមួយក្រុមតូចនេះនិយាយដល់ឡើយ តែបែរជានិយាយថា ដោយសារ
គុណ្យបក្សទៅវិញ ។ ចំពោះពាក្យសំដីបែបនេះ ធ្វើឲ្យព្រះសង្ឃ និងបងប្អូនខ្មែរក្រោមមួយចំនួនធំ សំដែងការអស់សំណើចចំពោះបុគ្គលឈ្មោះ សើន សុងសើន ដែលចេះតែនិយាយឡប់ឡែរលើកបន្តុបបក្សកុម្មុយនិស្តយួន ។
ចំណែកព្រះសង្ឃមួយអង្គផ្សេងទៀត មានសង្ឃដីកាបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២២ តុលា នេះ ក្រុមយួនហាក់ដូចជាមានការភ័យខ្លាចនឹងរឿងអ្វីមួយ ដែលពួកគេបានបង្ហើបនិងគំរាមដល់ព្រះសង្ឃ និងបងប្អូនខ្មែរក្រោមថា រាល់ព្រះសង្ឃ និង
កម្មាភិបាលអ្នកមុខអ្នកការ ត្រូវបង្កើនកិច្ចសហប្រតិការបន្ថែមទៀត ចលនាឃោសនាឲ្យប្រជាជនខ្មែរប្រុងប្រយ័ត្នបំផុត ពីកលល្បិចរបស់សត្រូវញុះញុង អូសទាញ បំបែបបំបាក់សាមគ្គីភាពយួន និងខ្មែរ ។ បុគ្គលឈ្មោះ សើន សុងសើន បាននិយាយទៀតថា ប្រជាពលរដ្ឋត្រូវតែចូលរួម និងអនុវត្តន៍ច្បាប់ទំលាប់ គោលនយោបាយបក្សឲ្យបានល្អ ហើយចូលរួមកសាងមាតុភូមិ និងឈានទៅដល់សម្ព័ន្ធសាមគ្គីភាពរវាងប្រទេសជិតខាងយួន និងកម្ពុជាទៀត ។
ពាក្យសំដីលើកឡើងរបស់បុគ្គលឈ្មោះ សើន សុងសើន ខាងលើនេះត្រូវបានព្រះសង្ឃ និងនិស្សិតខ្មែរក្រោមក្នុងខេត្តខាងលើរិះគន់ថា ហាក់ដូចជាមិនចូលត្រចៀសោះ ។ ដោយការមើលឃើញ
រដ្ឋាភិបាលយួនចេះតែដាក់គំនាបទៅលើពួកគាត់ ជាក់ស្តែងកាលពីដើមខែកញ្ញានេះ ពួកយួនទើបនឹងចាប់ផ្សឹកព្រះសង្ឃចំនួនពីរអង្គក្នុងវត្តត្រោកកើត ហើយបង្ខំឲ្យចូលបំរើកងទ័ពទៀត ។ ព្រះសង្ឃ និងក្រុមនិស្សិតនិយាយថា ក្រុមយួននេះកំពុងតែយកចង្អេរបាំងដំរីងាប់ហើយ ។
គួររំលឹកថា មុនការកោះហៅព្រះសង្ឃទូទាំងខេត្តជួបប្រជុំនេះ នៅថ្ងៃទី ២១ តុលា បុគ្គលឈ្មោះ សើន សុងសើន ក៏បានចុះជួប និងបំពាក់បំប៉នគោលនយោបាយបក្សកុម្មុយនិស្ត ដល់កម្មាភិបាលទាំងជនជាតិយួន និងខ្មែរក្រោមចំនួន ៥០០ នាក់ដែលកំពុងបំពេញការងារនៅតាមតំបន់មួយចំនួនក្នុងខេត្តខាងលើនេះផងដែរ ៕.