ថ្ងៃពុធ, 25 ខែសីហា 2010 ដោយអ្នកស្រី គឹម ពៅ វិទ្យុ អាស៊ីសេរី ភ្នំពេញ
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធថា គេ នឹងមិនលើកយកបញ្ហាខ្មែរក្រោមបញ្ចូល ក្នុងកិច្ចពិភាក្សា នៃជំនួបរវាងព្រះមហាក្សត្រ ខ្មែរ និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាមឡើយ នៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយម វៀតណាម នៅកម្ពុជា ដែលនឹងចាប់ផ្ដើមឡើងនៅថ្ងៃ២៦ ដល់ថ្ងៃ២៨ ខែសីហានេះ។លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនោះបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការអញ្ជើញ របស់ព្រះមហាក្សត្រខ្មែរ ហើយមានគោលដៅចម្បងនៃការជំរុញទំនាក់ទំនងការទូតនៅកម្ពុជា ប៉ុណ្ណោះ រីឯបញ្ហាខ្មែរក្រោមវិញ មិនមានអ្វីដែលត្រូវនិយាយទៀតឡើយ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះ ៖ «និយាយអំពីរឿងអី? វត្ត យើងមានវត្ត មានសមាគមខ្មែរកម្ពុជាក្រោម យើងមានភូមិរបស់យើង និយាយពីរឿងអីទៀត?»។
មុនពីរថ្ងៃនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម លោក ង្វៀន មិញត្រៀត ( Nguyen Minh Triet) មកកម្ពុជា សហគមន៍ខ្មែរកម្ពុជាក្រោមបានផ្ញើលិខិតមួយថ្វាយព្រះមហាក្សត្រ សុំឲ្យព្រះអង្គលើកយកបញ្ហាមួយចំនួនរបស់ខ្មែរក្រោមជជែកឡើងវិញ ជាមួយប្រធានាធិបតីវៀតណាម រូបនោះ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមជាច្រើននាក់ត្រូវបានគេចាប់ចង ដោយសារតែការតវ៉ាទាមទារសិទ្ធិសេរីភាពនៅកម្ពុជាក្រោម ដែលជាទឹកដីកំពុងកាន់កាប់ដោយវៀតណាមបច្ចុប្បន្ន ឬហៅថា វៀតណាមខាងត្បូង។ វៀតណាមបានហាមប្រាមមិនឲ្យមានការបង្កើតអង្គការសមាគមខ្មែរក្រោមនៅ ទីនោះទេ ហើយបានបំបិទនូវសេរីភាពនៃការគោរពសាសនា និងប្រពៃណីរបស់ខ្មែរក្រោមថែមទៀត។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមរូបនេះបញ្ជាក់បន្តទៀតដូច្នេះ ៖ «ពីព្រោះ យើងឃើញសព្វថ្ងៃនេះកំពុងតែធ្ងន់ធ្ងរ ហើយមើលឃើញមួយទៀត យួនកំពុងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនមកលើខ្មែរក្រោមខ្លាំងក្លា ណាស់។ ខាងក្រោមគេមិនអនុញ្ញាតឲ្យបង្កើតអង្គការសមាគម ហើយថ្នាក់ដឹកនាំរបស់យួន ចូលមកស្រុកខ្មែរស្រេចចិត្ត ដើរប្រជុំតាមវត្ត ដើរសម្លុតអង្គការសមាគមមិនឲ្យធ្វើសកម្មភាពជាក់ស្ដែង វាអស្ចារ្យពេក»។
ទឹកដីខ្មែរក្រោម ឬហៅថា ដែនដីកូសាំងស៊ីនដែលមានទំហំ ៦៧.៧០០ម៉ែត្រក្រឡា បានធ្លាក់ក្រោមការកាន់កាប់របស់វៀតណាម នៅឆ្នាំ១៩៤៩។ មកដល់បច្ចុប្បន្ន គឺនៅតែខ្មែរក្រោមបានងើបឡើងប្រឆាំងតវ៉ាទាមទារការគោរពសិទ្ធិ មនុស្ស ការគោរពសាសនា និងការទាមទារយកដីធ្លីដែលវៀតណាម បានរឹបអូសយក ហើយមានខ្មែរក្រោមជាច្រើននាក់កំពុងជាប់ឃុំនៅឡើយក្នុងការ ប្រឆាំងនឹងវៀតណាមនោះ។
មុននឹងគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម មកកម្ពុជា កាលពីខែមុន មន្ត្រីជាន់ខ្ពស់នគរបាលវៀតណាម បានស្នើឲ្យកម្ពុជា ចាត់ការចំពោះអង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលធ្វើសកម្មភាពប្រឆាំងនឹងវៀតណាម នៅលើទឹកដីកម្ពុជាផងដែរ។ សំណើនេះត្រូវបានក្រុមអ្នកប្រឆាំងចោទថា វៀតណាមកំពុងលូកដៃជ្រៅ រំលោភអធិបតេយ្យរបស់កម្ពុជា៕