លោកអ្នកនាង និងមិត្តអ្នកស្តាប់ជាទីមេត្រី ការសំរេចការតែងតាំងព្រះតេជគុណ ឃិន វាសនា ឲ្យធ្វើជាប្រធានគណៈកម្មការវត្ត ជំនួសឲ្យព្រះតេជគុណ ព្រះមហា យឿង ស៊ិន ដែលបានសុគត កាលពីថ្ងៃទី ២៨ ខែកញ្ញា កន្លងទៅនោះ ត្រូវបានក្រុមអ្នកតវ៉ា ពីក្រុម អង្គការសមាគមខ្មែរក្រោម និយាយថា ពួកគេ មិនអាចទទួលយកការតែងតាំងនេះទេ និង បានទាមទារ ឲ្យមានការដាក់ជំនួសនូវប្រធាន គណៈកម្មការ ដែលមានដើមកំណើតជា ខ្មែរកម្ពុជាក្រោមវិញ។ ទាក់ទិន នឹងភាពចំរូងចំរាស់រវាងមន្ទីរធម្មការ និងសាសនា ជាមួយ នឹងក្រុមអង្គការ សមាគមខ្មែរក្រោម ព្រមទាំង ឥស្សរជនខ្មែរក្រោម ជាច្រើន មិនព្រមទទួលស្គាល់បេក្ខភាព ប្រធានគណៈកម្មការគ្រប់គ្រងវត្តថ្មី ដែលចាត់តាំងដោយមន្រ្តីសង្ឃ និងមន្ទីរធម្មការក្រុងភ្នំពេញនោះ នៅថ្ងៃសុក្រ ទី ០៥ វិច្ឆិកា ម្សិលមិញនេះ ប្រជាពលរដ្ឋខ្មែរក្រោម និងអង្គការសមាគមខ្មែរក្រោម រួមទាំងព្រះសង្ឃក្នុងវត្ត បានបើកកិច្ចប្រជុំវិសាមញមួយ ដើម្បីតែង តាំងគណៈកម្មការគ្រប់គ្រងវត្តជំនួសព្រះមហា យឿង ស៊ិន ដែលមានដើមកំណើតនៅកម្ពុជាក្រោម បានសម្រេចជាស្ថាពរ ដោយអង្គប្រជុំបានគាំទ្រ មួយរយភាគរយ សម្រាប់គណៈកម្មការថ្មីមួយនេះ។ ជុំវិញការតែងតាំងនេះ លោក ហៅ ឈូន រាយការណ៍បន្ថែមដូចតទៅ៖ ចុចស្តាប់ជាសំឡេង