រដ្ឋអំណាចយួនបន្តឃុំខ្លួនខ្មែរក្រោមដោយគ្មានបើកសវនាការ

 ដោយៈ  ចៅ មុនីខេមរា

ការឃុំខ្លួនកសិករខ្មែរក្រោមមួយរូប ឈ្មោះ វិញ បា មកដល់ពេលនេះ មិនទាន់ត្រូវបានគេដោះលែង ឲ្យមានសេរីភាពនៅឡើយ បើទោះបីមានការតវ៉ាពីក្រុមគ្រួសារ និងបងប្អូនខ្មែរក្រោមនៅក្រៅប្រទេស ។
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា លោក វិញ បា ភេទប្រុស អាយុ ៥៧ ឆ្នាំ ដែលត្រូវអាជ្ញាធរយួនចាប់ខ្លួនកាលពីថ្ងៃទី ៣០ ឧសភា បន្ទាប់ពីរូបលោក និងក្រុមគ្រួសារ ធ្វើដំណើរទៅសួរសុខទុក្ខឪពុកម្តាយនៅខេត្តក្រមួន-ស ឬយួនហៅគៀនយ៉ាង ។ ហើយការឃុំខ្លួនលោក វិញ បា មកដល់ថ្ងៃនេះនៅតែគ្មានការបើកអង្គសវនា-ការ ឬចោទប្រកាន់ជាផ្លូវការពីបទអ្វីនូវឡើយ ។
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលតាមដានហេតុការណ៍ខាងលើនេះបានឲ្យដឹងទៀតថា រដ្ឋាភិបាលកុម្មុយនិស្តយួននឹងបន្តឃុំខ្លួនលោក វិញ បា រយៈពេល ៣ខែ ដោយគេអះអាងថា នឹងជំរុញឲ្យលោកឆ្លើយសារភាពពីការជាប់ពាក់ព័ន្ធនឹងសកម្មភាពខ្មែរក្រោមមួយចំនួននៅក្រៅប្រទេស ។ មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមបន្ថែមទៀតថា អាជ្ញាធរយួនបានបង្ខំឲ្យលោក វិញ បា សារភាពថា រូបលោកជាមេក្លោង
បះបោរតវ៉ារឿងដីធ្លី និងស្តាប់តាមការញុះញង់របស់បងប្អូនខ្មែរមួយចំនួននៅសហរដ្ឋអាមេរិក ។ អ្នកស្រី សឺន ធីគីមធូ ប្រពន្ធជនរងគ្រោះ ដែលត្រូវបានអាជ្ញាធរយួនដោះលែង ក្រោយពីត្រូវចាប់ខ្លួនជាមួយប្តី
ខណៈពេលអ្នកស្រី និងប្តីធ្វើដំណើរទៅខេត្តក្រមួន-ស បានបង្ហើបប្រាប់ឲ្យដឹងថា ប្តីអ្នកស្រីនឹងត្រូវជាប់ពន្ធនាគារបន្តទៀតដោយមិនមានការកាត់ទោស ឬឡើងសវនការអ្វីទាំងអស់ ប្រសិនបើគាត់មិនព្រមសារភាពតាមរដ្ឋអំណាចយួន ។ អ្នកស្រី សឺន ធីគីមធូ បន្តឲ្យទៀតថា មុននេះអាជ្ញាធរយួនអនុញ្ញាតឲ្យអ្នកស្រី និងក្រុមគ្រួសារទៅសួរសុខទុក្ខប្តី មួយ
សប្តាហ៍ម្តង ប៉ុន្តែឥឡូវនេះគេអនុញ្ញតឲ្យចូលសួរសុខទុក្ខមួយខែតែពីរលើកប៉ុណ្ណោះ ។
អ្នកស្រី សឺន ធីគីមធូ បន្ថែមទៀតថា អ្នកស្រីត្រូវទទួលរងការគំរាមកំហែង ប្រសិនបើអ្នកស្រីផ្តល់ព័ត៌មានទាក់ទងនឹងរឿងឃុំខ្លួនប្តីអ្នកស្រីនេះ ទៅក្រៅប្រទេស អាជ្ញា-ធរយួននឹងបន្តឃុំខ្លួនប្តីអ្នកស្រីបន្តទៀត ។
ទាក់ទឹននឹងការចាប់ខ្លួនលោក វិញ បា ជនជាតដើមខ្មែរកម្ពុជាក្រោម កំណើតនៅខេត្តឃ្លាំងនេះដែរ លោក អាង ចន្ទ ឫទ្ធិ នាយប្រតិបត្តិសមាគមការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនៅកម្ពុជា មានប្រសាសន៍ថាការចាប់ខ្លួនលោក វិញ បា គឺជាសកម្មភាពមិនគោរសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម គឺសិទ្ធិតវ៉ាទាមទារដីធ្លីដែលជាកម្មសិទ្ធិរបស់ពួកគេ ។ បន្ថែមពីលើនេះ សម្តែងឲ្យឃើញថារដ្ឋាភិបាលកុម្មុយនិស្តយួនមិនបានគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយនៅតែមានប្រជាកសិករ ខ្មែរក្រោម ត្រូវជាប់ឃុំខ្លួនអស់មួយជិតខែ ប៉ុន្តែនៅតែគ្មានការបើកអង្គសវនាការជំនុំជំរះ ៕.