ដោយ សឺង វិចិត្រ l VOKK – អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ថ្មីៗបានចេញប្រកាសថា រដ្ឋធម្មនុញ្ញទើបនឹងបានផ្លាស់ប្ដូររបស់វៀតណាមមិនឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្ដូរពីប្រជាពលរដ្ឋឡើយ ។

អង្គការដែលមានទីស្នាក់ការនៅក្រុង New York នេះ បានអំពាវនាវដល់ម្ចាស់ជំនួយ និង ដៃគូអភិវឌ្ឍនៃវៀតណាមឲ្យខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជម្រុញប្រទេសវៀតណាមឲ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និង ច្បាប់ ដើម្បីការពារសិទ្ធិជាមូលដ្ឋានដូចជាសេរីភាពនៃការបញ្ចេញមតិ និង ជួបជុំ ។
ថ្ងៃ ២៨ ខែ វិច្ឆិកា កន្លងទៅនេះ រដ្ឋសភាក្រុងហាណូយ បានអនុមតិរដ្ឋធម្មនុញ្ញថ្មី ដោយគ្មានយោបល់ប្រឆាំងមួយណាឡើយ ។ រដ្ឋធម្មនុញ្ញថ្មីនេះ ក៏នៅតែទទួលស្គាល់តួនាទីជាមេដឹកនាំប្រទេសដែលមិនអាចផ្លាស់ប្ដូរបានឡើយរបស់បក្សកុម្មុយនិស្តវៀតណាម ។
តាម Human Rights Watch មាត្រា ៤ នៃ រដ្ឋធម្មនុញ្ញ ២០១៣ បានទទួលស្គាល់បក្សកុម្មុយនិស្តថាជា «បុព្វហេតុរបស់វណ្ណៈកម្មករ» និង «របស់ពលរដ្ឋវៀតណាម» វាបានកាត់បន្ថយថែមទៀត នូវសិទ្ធិបានចូលរួមប្រកួតប្រជែងក្នុងការបោះដោយឆ្នោតសេរី និង ពហុបក្ស ។
រដ្ឋធម្មនុញ្ញដែលបានផ្លាស់ប្ដូរនេះ នឹងមានសុពលភាពចាប់ពីថ្ងៃ ០១ ខែ មករា ឆ្នាំ ២០១៤ ខាងមុខនេះ ក៏បានទទួលស្គាល់ថា នៅនៅវៀតណាមនឹងមាន សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ ស៊ីវិល សេដ្ឋកិច្ច វប្បធម៌ សង្គម គោរព ការពារ និង ធានាស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ ។
ច្បាប់ថ្មីនេះ បានបន្ថែមទៀតថា «ពលរដ្ឋមានសិទ្ធិសេរីក្នុងការនិយាយស្ដី សេរីភាពខាងសារព័ត៌មាន ទទួលព័ត៌មាន ប្រជុំ បង្កើតសមាគម និង បាតុកម្ម» ។
រដ្ឋធម្មនុញ្ញថ្មីនេះនៅសរសេរថា ៖ «មនុស្សទាំងឡាយមានសិទ្ធិការពារមិនត្រូវរំលោភបំពានជាដាច់ខាតលើរាងកាយរបស់ខ្លួន មិនត្រូវធ្វើទារុណកម្ម អំពើហិង្សា បង្ខិតបង្ខំ ធ្វើទណ្ឌកម្មលើខ្លួនប្រាណ » ។
ប៉ុន្តែលោក ប្រែដ អាដាម (Brad Adams) នាយកតំបន់ អាស៊ី ប៉ាស៊ីហ្វិក របស់ Human Rights Watch បានដកស្រង់ក្នុងសេចក្ដីថ្លែងការណ៍ ចេញថ្ងៃទី ៣ ខែធ្នូ ថា វៀតណាមនៅតែជាប្រទេសឯកបក្សមួយ ហើយរដ្ឋធម្មនុញ្ញនេះអនុមតិឲ្យអាជ្ញាធរមានអំណាច កំណត់សិទ្ធិជាមូលដ្ឋានដោយពាក្យមានន័យមិនច្បាស់លាស់ ពេលណាគេត្រូវការ ។
កាសែតក្នុងស្រុក ជាពិសេសគឺ កាសែតរបស់បក្សកុម្មុយនិស្តវៀតណាម បានស្ងើចសរសើររដ្ឋធម្មនុញ្ញថ្មីនេះ ។ កាសែតញ៉ឹនយ៉ឹន (Nhân Dân) បានហៅរដ្ឋធម្មនុញ្ញ ២០១៣ ជា ផលិតផលប្រាជ្ញារបស់បក្សកុម្មនិស្តវៀតណាម ទាំងស្រុង ៕