យួនមានយុទ្ធសាស្រ្តថ្មីរៃអង្គាសថវិកាខែ្មរក្រោមក្នុងខែត្រពលលាវ

ដោយៈ VOKK
ប្រជាពលរដ្ឋ និងក្រុមនិស្សិតខ្មែរក្រោម នៅខេត្តពលលាវ ឬយួនហៅ Bac Lieu អតីតដែនដីកម្ពុជាក្រោមបាននិយាយថា រដ្ឋាភិបាលកុម្មុយនិស្តយួន នៅតែបន្តសកម្មភាពលួងលោមចិត្តតាមរយៈការផ្តល់ប្រាក់អាហារូបករណ៍បន្តិចបន្តួច ដែលប្រជាពលរដ្ឋ និងក្រុមនិស្សិតអះអាងថាយួនធ្វើនំមិនដាក់ម្ស៉ៅ ។
ប្រជាពលរដ្ឋជនជាតិដើមខ្មែរក្រោមក្នុងស្រុកពុទ្លេ ឬយួនហៅ Hong Dan ខេត្តពលលាវបានឲ្យដឹងថា តាមរយៈសមាគមមាតាបិតាសិស្ស ឬភាសាយួនហៅ Hoi Phu Huynh Hoc Sinh ស្អីគេនោះ អាជ្ញាធរនៃរដ្ឋាភិបាលកុម្មុយនិស្តយួន តែងឆ្លៀតឱកាសនេះដើម្បីរៃអង្គាសថវិកាពីប្រជាពលរដ្ឋទាំងជនជាតិយួន និងខ្មែរក្រោម ដែលក្រុមយួននេះ អះអាងថាដើម្បីជួយកាត់បន្ថយដល់ជីវភាពក្រីក្រ និងឧបត្ថម្ភការខ្វះខាតរបស់សិស្ស និស្សិតដែលកំពុងសិក្សាភាសាយួនតាមសាលាមួយចំនួនក្នុងស្រុកខាងលើ ។
ស្រ្តីខ្មែរក្រោមមួយរូប សុំមិនបញ្ចេញឈ្មោះបានឲ្យវិទ្យុសំឡេងខ្មែរកម្ពុជាក្រោមដឹងតាមរយៈទូរស័ព្ទ កាលពីព្រឹកថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋជនជាតិដើមខ្មែរក្រោមរាប់សិបភាគរយកំពុងរស់នៅក្នុងពលលាវ ដែលភាគច្រើនពួកគាត់មានជីវភាពក្រីក្រ គ្មានសមត្ថភាពបញ្ជូនកូនចៅទៅសាលារៀន សព្វថ្ងៃរស់នៅដោយអាស្រាយធ្វើចិញ្ចឹមបង្កងបន្តិចបន្តួច និងបំរើតាមផ្ទះយួន ហើយជំពាក់បំណុលរដ្ឋាការយួនទៀតផង ។ ស្រី្តរូបនេះបានបន្តថា គ្រួសារគាត់មានកូន ៣ នាក់ កំពុងរៀននៅបឋមសិក្សាមួយក្នុងស្រុកពុទ្លេ ខេត្តពលលាវ ។ ប៉ុន្តែតាមរយៈសមាគមមាតាបិតាសិស្សស្អីគេនោះ មេដឹកនាំសមាគមនេះតែងកោះហៅមាតាបិតាទៅប្រជុំ ហើយសុំលុយជាញឹកញាប់ ដោយគេយកហេតុផលថា ដើម្បីគិតគូរការងារសិក្សារបស់សិស្ស សាងសង់ជួសជុលអាគារសិក្សា និងផ្តល់ការជួយឧបត្ថម្ភដល់សិស្សដែលមានជីវភាពក្រីក្រ ។
តាមរយៈនៃការរៃអង្គាសប្រាក់បែបនេះ ប្រជាពលរដ្ឋទោះបីគ្មានអង្ករច្រកឆ្នាំង ក៏ប្រឹងប្រែងចូលរួមធ្វើវិភាគទានដែរ ដោយយល់ឃើញថា ក៏មានកូនចៅកំពុងរៀនក្នុងសាលាទាំងនោះផងដែរ ។ ដោយឡែកស្រ្តីរូបនេះមានគំនិតរិះគន់ថា ការរៃអង្គាសថវិកា និងឧបករណ៍ប្រើប្រាស់ផ្សេង ៗ ពីក្រុមគ្រួសារខ្មែរក្រោមក្រីក្រយកទៅចែកជូនដល់ក្រុមសិស្សក្រីក្រីដូច្នេះ ហាក់ដូចជារដ្ឋាភិបាលគ្មានជួយរកដំណោះស្រាយ ឬឧបត្ថម្ភសោះ មិនខុសអីពីធ្វើនំឥតដាក់ម្ស៉ៅនោះឡើយ ។ ក្រៅពីនោះរដ្ឋាភិបាលបានដាក់ធ្នាក់បញ្ចុះបញ្ចូនដល់បងប្អូនដែលមានជីវភាពមធ្យម ចូលរួមបរិច្ចាកទ្រព្យសម្បត្តិកាន់តែច្រើនឡើង ៗ រហូតអ្នកខ្លះទៀតហ៊ានធ្វើសម្បទានដីធ្លីដល់រាជការយួន ដោយក្រុមយួននិយាយថា ខ្វះដីសាងសាលារៀនជូនកូនចៅខ្មែរក្រោម ។
បុរសជនជាតិយួនម្នាក់ដែលជាគំរូល្អ និងត្រូវបងប្អូនខ្មែរក្រោមក្នុងស្រុកខាងលើខ្សឹបខ្សៀវដាក់គ្នាថាជាធ្នាក់របស់យួន ត្រូវបានគេឲ្យដឹងថាឈ្មោះ ឡឹម វ៉ាំងតាយ រស់នៅក្នុងស្រុកខាងលើ ។ បុរសរូបនេះត្រូវបានប្រជាពលរដ្ឋអះអាងថាបានបរិច្ចាកដី៤.៣៦៥ម២ កសាងអាគារសិក្សាជាន់បាន ៦ បន្ទប់ និងបន្ទប់សមត្ថកិច្ច ៤ បន្ទប់ នៅឆ្នាំ ២០០៦ ឈ្មោះ ឡឹម វ៉ាំងតាយ នេះគឺជាអាជីវករនៅទីក្រុងព្រៃនគរ បានធ្វើហិរញប្បទានជូនរដ្ឋជាង ១,៧ ពាន់លានដុង ដើម្បីកសាងអាគារសិក្សាបឋមសិក្សាមួយជូនសិស្ស ។ ហើយបុរសរូបនេះអះអាងថា តាមរយៈបរិច្ចាកបែបនេះ គេនឹងចលនាបងប្អូនឲ្យចូលរួមនឹងគេ ។
តាមរយៈការបររិច្ចាករបស់បុរសជនជាតិយួនរូបនេះ ប្រជាពលរដ្ឋក្នុងខេត្តពលលាវបានប្រាប់ឲ្យដឹងថា រយៈកាល ៣ ឆ្នាំកន្លងមក ក្នុងស្រុកពុទ្លេ ខេត្តពលលាវ មានគ្រួសារទាំងជនជាតិយួន និងគ្រួសារខ្មែរក្រោមប្រមាណ ៤៧ គ្រួសារបានស្ម័គ្រចិត្តបរិច្ចាកដី
កសាងអាគារសិក្សាដែលមានទំហំផ្ទៃដីជាង ១៥ ហិកតា ។ ទន្ទឹមនឹងនោះមានម្តាយឪពុកសិស្សជាច្រើន ត្រូវបានសមាគមមាតាបិតាសិស្សធ្វើការរៃអង្គាសថវិកាជាញឹកញាប់ ។ ថវិកាទាំងអស់នោះត្រូវបានគេអះអាងថា យកទៅធ្វើជារង្វាន់ លើកទឹកចិត្តដល់គ្រូបង្រៀន។ ដោយឡែកពួកគេបានចលនារៃអង្គាសបានជិត ១០ លានដុង ដើម្បីចំណាយឲ្យការក្រាលបេតុងមុខអាគារសិក្សា កសាងរង្វង់មូល ដាំផ្កា ទិញកៅអីថ្មទៀតផង ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមកនេះនៅតាមសាលារៀន
ទូទាំងដែនដីកម្ពុជាក្រោម តាមរយៈសមាគមមាតាបិតាសិស្សនេះ ក្រុមយួនតែងរៃអង្គាសថវិកាយ៉ាងទៀតទាត់ ពេលដែលពួកគេកោះហៅម្តាយឪពុកសិស្សទៅប្រជុំម្តង ៗ ដោយគេមិនខ្វល់ជីវភាព ឬការខ្វះខាតក្នុងជីវភាពរស់នៅរបស់បងប្អូនខ្មែរក្រោម ដែលមានជីវភាពក្រីក្រនោះឡើយ ។ ដោយឡែកនៅក្នុងពុទ្លេ នៃខេត្តពលលាវសមាគមមួយនេះបានធ្វើសកម្មភាពយ៉ាងសកម្ម ចលនាបាននូវការចូលរួមយ៉ាងច្រើនពីប្រជាជន បច្ចុប្បមូលនិធិនេះបានជាង ៦០០ លានដុង ដែលគេអះអាងសម្រាប់ជូនដល់សិស្សដែលមានជីវភាពក្រីក្រ និងជួបបញ្ហាក្នុងការសិក្សា ៕.