យោងតាមលិខិតអញ្ជើញ របស់យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងរៀបចំមហាសន្និបាតពិភពលោកប្រចាំឆ្នាំ លើកទី ៣ របស់ខ្លួន ក្រោមប្រធានបទ ផ្តុំកម្លាំងយុវជនដើម្បីការពារអត្តសញ្ញាណខ្មែរកម្ពុជាក្រោម នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០០៩ ខាងមុខនេះ ហើយដំណឹងនេះចាត់ទុកជាការអញ្ជើញដល់យុវជនគ្រប់រូប ដែលកំពុងរស់នៅបណ្តាប្រទេសនានាលើពិភពលោក ។
យោងតាមលិខិតអញ្ជើញ របស់គណៈកម្មាធិការយុវ-ជនសហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងទៀតថា មហាសន្និបាតពិភពលោកប្រចាំឆ្នាំលើកទី ៣ នេះ នឹងត្រូវបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលរដ្ឋធម្មនុញ្ញជាតិ ឬភាសាអង់គ្លេសហៅថា the National Constitution Centre នៃក្រុង Philadelphia, Pennsylvania សហរដ្ឋអាមេរិក ។ យោងតាមលិខិតអញ្ជើញនេះ
គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ទៀតថា មហាសន្និបាតនឹងត្រូវបានចាប់ផ្តើមពីវេលាម៉ោង ០៩ ព្រឹក ដល់ ម៉ោង ០៥ ល្ងាច រួមជាមួយនឹងការផ្តល់ជូនអាហារ ហើយយុវជនគ្រប់រូបនឹងបានចូលរួមពិធីជប់លៀង បន្ទាប់ពីបញ្ចប់មហាសន្និបាតនេះ ។
គណៈកម្មាធិការយុវជន សហព័ន្ធខ្មែរកម្ពុជាក្រោម បង្ហើបឲ្យដឹងទៀតថា មហាសន្និបាតនេះនឹងផ្តល់ឱកាសដល់
យុវជនខ្មែរ និងខ្មែរកម្ពុជាក្រោម ដែលបានអញ្ជើញមកពីជុំវិញពិភពលោកជួបជុំគ្នា ហើយថែមទាំងបានសិក្សាស្វែងយល់ពីបញ្ហាសិទ្ធិមនុស្សពីបណ្តាបញ្ញវន្តនានា ។ សកម្មភាពទាំងអស់នេះ គឺដើម្បីរុករក ពិនិត្យពិច័យ និងពិភាក្សាជាចំហរសំរាប់កម្លាំង និងទទួលខុសត្រូវ ដែលថាយុវជនខ្មែរគ្រប់រូបត្រូវតែកាតព្វកិច្ចការពារនូវអត្តសញ្ញាណខ្មែរ ។
សារលិខិតបានបញ្ជាក់បន្ថែមថា សន្និបាតនេះនឹងនាំឲ្យយុវជនទូទាំងពិភពលោក បានជួបជាមួយនឹងសម្មជនសិទ្ធិមនុស្សក្មេង ៗ ដែលកំពុងធ្វើសកម្មភាពយ៉ាងរស់រវើកនៅជុំវិញពិភពលោកដើម្បីសិទ្ធិសេរីភាពរបស់ពួកគេ ជាពិសេសគឺខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅទាំងគ្មានសំឡេងលើដែនដីកំណើតរបស់ផងខ្លួន នៅឯដែនដីកម្ពុជាក្រោម ឬតំបន់ដែនដីសណ្តទន្លេមេគង្គ ។
នៅចុងបញ្ចប់ សារលិខិតរបស់គណៈកម្មាធិការយុវជន សហព័ន្ធខ្មែរកម្ពុជាក្រោមបានបញ្ជាក់ ចំពោះយុវជនគ្រប់ស្រទាប់ និងភ្ញៀវកិត្តិយសនៅជុំវិញពិភពលោក ដែលបានអញ្ជើញចូលរួម គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងផ្តល់អាហារជូនដោយឥតគិតថ្លៃ ។ ហើយដើម្បីបង្កភាពងាយស្រួលសំរាប់អង្គសន្និបាតពិភពលោកនេះ អស់លោកអ្នកដែលមានចេតនាអញ្ជើញចូលរួម អាចចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅតាមរយៈអ៊ីម៉ែល ឬទូរស័ព្ទ ទៅកាន់គណៈកម្មការរៀបចំកម្មវិធី ។ ព័ត៌មានបន្ថែម សូមចូលបើកគេហទំព័រ http://www.kkfyc.org ៕.