ម៉ុងតាញ៉ា៦២នាក់ ត្រូវបានបញ្ជូនទៅប្រទេសទី៣ ក្នុងខែកុម្ភៈ

អង្គការ UNHCR រៀបចំឯកសារបញ្ជូនជនភៀសខ្លួន ម៉ុងតាញ៉ា ទៅកាន់ប្រទេសទីបីរួចរាល់ហើយ។ ជនកុលសម្ព័ន្ធភ្នំវៀតណាម ឬហៅថា ម៉ុងតាញ៉ា (Montagnards) ដែលកំពុងស្នាក់ នៅក្នុងជំរំជន ភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក ជនភៀសខ្លួន (UNHCR) ប្រមាណ ៦២នាក់ នឹងត្រូវគេបញ្ជូនទៅកាន់ប្រទេសទីបី នៅថ្ងៃទី៧ និងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១១ ខាងមុខនេះ។ ស្ត្រីជនជាតិម៉ុងតាញ៉ាមួយរួប សុំមិនបញ្ចេញឈ្មោះ និងសំឡេង បានថ្លែងឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២ កុម្ភៈ នេះថា ពួកគេបានចុះហត្ថលេខាលើលិខិតរបស់អង្គការ UNHCR រួចរាល់ក្នុងការបញ្ជូនពួកគេទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន។ ប្រភពដដែលបានអះអាងថា ក្នុងចំណោមជនភៀសខ្លួនម៉ុងតាញ៉ា ៦២នាក់ ដែលទទួលឋានៈជាជនភៀសខ្លួន មានតែ ៥៤នាក់ទេ ដែលបានចុះហត្ថលេខាយល់ព្រមទៅកាន់ប្រទេសទីបី ក្នុងនោះចំនួន ៥០នាក់ គេបញ្ជូនទៅកាន់ប្រទេសកាណាដានៅថ្ងៃទី៧ កុម្ភៈ ចំនួន២៥នាក់ និងថ្ងៃទី៩ ខែកុម្ភៈ ចំនួន២៥នាក់ទៀត។ ហើយចំនួន ៤នាក់ទៀតជាក្មេង គឺបញ្ជូនទៅសហរដ្ឋអាមេរិក ដើម្បីជួបឪពុកម្ដាយរបស់ពួកគេតែមិនទាន់ដឹង កាលបរិច្ឆេទច្បាស់នៅឡើយ។ ចំពោះ៨នាក់ផ្សេងទៀត ពួកគេមិនចង់ទៅរស់នៅប្រទេសកាណាដាទេ គេចង់ត្រលប់ទៅប្រទេសវៀតណាមវិញ ដោយសារតែគេចង់ទៅសហរដ្ឋអាមេរិក តែមិនបានដូចបំណង ដូច្នេះអង្គការ UNHCR បានធ្វើលិខិតបញ្ជូនពួកគេទៅប្រទេសវៀតណាម ជាមួយអ្នកដែលធ្លាក់សម្ភាសន៍ សុំសិទ្ធិជាជនភៀសខ្លួន ទៅកាន់ប្រទេសទីបី ចំនួន១៤នាក់ទៀត។ ទោះជាយ៉ាងនេះក្តី លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅកម្ពុជា បានសម្ដែងការព្រួយបារម្ភថា លោកខ្លាចជនជាតិភាគតិច ម៉ុងតាញ៉ា ដែលវិលទៅប្រទេសវៀតណាមវិញនោះ មានវាសនាដូចជនជាតិខ្មែរកម្ពុជាក្រោម លោក ចៅ ហេន ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់គុក ដោយសារតែលោកបានរត់ទៅសុំសិទ្ធិជ្រកកោនពី UNHCR នៅប្រទេសថៃ ត្រូវបានគេបដិសេធ ហើយវិលទៅប្រទេសវៀតណាមវិញ អាជ្ញាធរចាប់ខ្លួន។ មន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក លេ មិញង៉ុក (Le Minh Ngoc) បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីជាភាសាវៀតណាមកាលពីថ្ងៃទី ១ កុម្ភៈ ថា រដ្ឋាភិបាលវៀតណាមតែងអនុវត្តន៍គោលនយោបាយប្រកបដោយយុត្តិធម៌ សាមគ្គីភាព និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក ចំពោះជនជាតិភាគតិចទាំងឡាយ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម ក្នុងគោលបំណងកែប្រែជីវភាពរស់នៅ ពង្រឹងស្មារតីជនជាតិភាគតិច។ ជំរំជនភៀសខ្លួនកុលសម្ព័ន្ធភ្នំម៉ុងតាញ៉ារបស់ UNHCR ត្រូវបានរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបិទនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១១ នេះជាកំហិត។ ប៉ុន្តែការបិទនេះ ត្រូវបានសកម្មជនសិទ្ធិមនុស្សជាតិ អន្តរជាតិ បានសម្ដែងការសោកស្ដាយចំពោះបញ្ហានេះ។ កុលសម្ព័ន្ធភ្នំម៉ុងតាញ៉ាជិត ១.០០០នាក់ នៅភូមិភាគកណ្ដាលប្រទេសវៀតណាម បានរត់មកលាក់ខ្លួន និងសុំសិទ្ធិជ្រកកោនពីអង្គការ UNHCR នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៥ មក ដោយសំអាងថា ពួកគេបានរងការតាមចាប់ខ្លួនដោយអាជ្ញាធរវៀតណាម ដោយសារតែបានងើបតវ៉ាទាមទារដីធ្លី និងទាមទារសិទ្ធិមានជំនឿលើសាសនាគ្រិស្ត។ កន្លងមក ជនភៀសខ្លួនមួយចំនួនធំត្រូវបានបញ្ជូនទៅតាំងទីលំនៅថ្មី នៅក្នុងប្រទេសទី៣ ដូចជាសហរដ្ឋអាមេរិកជាដើម៕ ប្រភពពីវិទ្យុអាសេរីសេរី

.